កីឡាអន្តរជាតិ
អន្តរជាតិ
FIFA អញ្ជើញក្មេងដែលជាប់ក្នុងរូងភ្នំនៅថៃ ទៅមើលការប្រកួតផ្តាច់ព្រ័ត្រ World Cup នៅរុស្ស៊ី
× លោក Gianni Infantino ប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ FIFA នៅថ្ងៃទី៦ ខែកក្កដានេះបានសរសេរសារមួយផ្ញើទៅកាន់សមាគមកីឡាបាល់ទាត់ថៃដើម្បីអញ្ជើញក្មេងប្រុស១២នាក់ដែលជាកីឡាករបាល់ទាត់យុវជនក្រោមអាយុ១៦ឆ្នាំ រួមទាំងគ្រូបង្វឹករបស់ពួកគេម្នាក់ទៅទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FIFA World Cup 2018 នៅរុស្ស៊ី ប្រសិនបើពួកគេអាចចេញពីរូងភ្នំទាន់ពេលវេលា។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
«ប្រសិនបើក្មេងៗអាចចេញពីរូងភ្នំជួបជុំជាមួយក្រុមគ្រួសាររបស់ពួកគេហើយមានសុខភាពល្អដែលអាចអនុញ្ញាតឲ្យពួកគេធ្វើដំណើរទៅរុស្ស៊ីទាន់ពេលនោះ FIFA រីករាយនឹងនាំពួកគេទៅមើលការប្រកួតផ្តាច់ព្រ័ត្រ World Cup នៅក្នុងមូស្គូ»។ នេះជាការលើកឡើងរបស់លោក Infantino។
ប្រធាន FIFA រូបនេះបន្ថែមថា លោកសង្ឃឹមយ៉ាងមុតមាំថាក្មេងៗទាំង១៣នាក់នឹងអាចចូលរួមជាមួយខ្លួននៅវគ្គផ្តាច់ព្រ័ត្រខាងមុខនេះដែលនឹងក្លាយជាពេលវេលាដ៏អស្ចារ្យ និងជាការអបអរដល់ពួកគេដែលអាចចេញពីរូងភ្នំបានដោយសុវត្ថិភាព។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានកីឡាបាល់ទាត់ពិភពលោកនឹងធ្វើឡើងក្នុងក្រុងមូស្គូនាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ពោលគឺនៅសល់តែ៩ថ្ងៃទៀតប៉ុណ្ណោះ។ មកទល់នឹងពេលក្មេងៗទាំងនោះស្ថិតក្នុងរូងភ្នំ Tham Luang នៅឡើយ ខណៈក្រុមអ្នកជំនាញកំពុងបំប៉នអាហារប៉ូវកំលាំងដល់ពួកគេ និងបង្ហាត់បង្រៀនឲ្យចេះមុជទឹកដើម្បីចេញពីរូងភ្នំ៕
Tag:
បាល់ទាត់
ក្មេងប្រុសបាត់ខ្លួននៅថៃ
FIFA World Cup
រូងភ្នំ Tham Luang
© រក្សាសិទ្ធិដោយ thmeythmey.com