អន្តរជាតិ
អស់ពី​ទឹកជំនន់ ជប៉ុន​បន្ត​រងគ្រោះ​ដោយសារ​អាកាសធាតុ​ក្ដៅ​ខ្លាំង​វិញ​ម្ដង​
17, Jul 2018 , 5:35 pm        
រូបភាព
​មួយរយៈ​ពេល​ចុង​ក្រោយនេះ ជប៉ុន​បាន​រងគ្រោះ​ដោយសារ​ធម្មជាតិ​ផ្ទួនៗ​។ បន្ទាប់ពី​រងគ្រោះ​ដោយសារ​ទឹកជំនន់ និង​បំណាក់​ដី​ដែល​សម្លាប់​មនុស្ស​ច្រើនជាង​ពីរ​រយ​នាក់មក​នោះ ជប៉ុន​ក៏​បែរ​ទៅជា​ជួប​រលក​កម្ដៅ​ខ្លាំង​ទៅវិញ​។ អាកាសធាតុ​ក្ដៅ​ខ្លាំង​បាន​វាយប្រហារ​តំបន់​ជាច្រើន​របស់​ជប៉ុន ដែល​បានសម្លាប់​ជីវិត​មនុស្ស​ជាច្រើន​។



​ទើប​ជួប​ទុក្ខ​សោកសៅ​ដោយសារ​ភ្លៀង​ធ្លា​ក់ឥត​ត្រា​ប្រណី​រហូត​បង្ក​ជា​ទឹកជំនន់​ដ៏​មហន្តរាយ ជប៉ុន​ក៏​ជួប​បញ្ហា​មួយទៀត គឺ​អាកាសធាតុ​ក្ដៅ​ខ្លាំង​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ជប៉ុន​ផ្សាយ​នៅ​ថ្ងៃទី​១៧ ខែកក្កដា ថា រលក​កម្ដៅ​មាន​សីតុណ្ហភាព​ខ្ពស់ បានសម្លាប់​មនុស្ស​យ៉ាងតិចណាស់​១៤​នាក់​នៅ​ចុង​សប្ដាហ៍​កន្លងទៅ ហើយ​វា​ក៏បាន​បង្កបញ្ហា​ដល់​ការ​ស្រោចស្រង់​ឡើងវិញ​នៃ​តំបន់​ដែល​ទើប​រងគ្រោះ​ដោយសារ​ទឹកជំនន់ និង​ការបាក់​ដី​ទៅទៀត​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុន​បាន​បញ្ជាក់ថា សីតុណ្ហភាព​នៅ​ថ្ងៃទី​១៦ ខែកក្កដា បាន​ឡើង​ខ្ពស់ជាង​៣៩​អង្សា​សេ​នៅតាម​តំបន់​មួយចំនួន និង​លាយឡំ​ដោយ​កម្រិត​សំណើម​ខ្ពស់​។ ស្ថានភាព​បែបនេះ​បង្ក​គ្រោះថ្នាក់​ខ្លាំង​ដល់​មនុស្ស​។ ក្រៅពី​អ្នកស្លាប់​ចំនួន​១៤​នាក់ ប្រជាជន​ជប៉ុន​រាប់ពាន់នាក់ បាន​ចូល​សម្រាក​ក្នុង​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​ជំងឺ​ដែល​បណ្ដាលមកពី​អាកាសធាតុ​ក្ដៅ​ខ្លាំង​។​

​ស្ថានភាព​ក្ដៅ​ខ្លាំងជាងគេ​បានកើត​ឡើង​នៅ​តំបន់ Gifu ដោយ​ទីក្រុង Ibigawa មាន​សីតុណ្ហភាព​ដល់​ទៅ​៣៩.៣​អង្សា​សេ​នៅ​ថ្ងៃទី​១៦ ខែកក្កដា ខណៈ​នៅ​ទីក្រុង​តូ​ក្យូ សីតុណ្ហភាព​មាន​កម្រិត​៣៤​អង្សា​សេ​។ នៅ​តំបន់​ភាគ​លិច​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ សីតុណ្ហភាព​មាន​ដល់​ទៅ​៣៤.៣​អង្សា​សេ​ឯណោះ ដែល​នេះ​បង្កើតជា​លក្ខខណ្ឌ​គ្រោះថ្នាក់​សម្រាប់​ក្រុម​ជួយសង្គ្រោះ ដែល​កំពុង​បោសសម្អាត​ដី​ភក់ និង​កម្ទេចកម្ទី​នានា​។​

​សីតុណ្ហភាព​៣៥​អង្សា​សេ ឬ​ខ្ពស់ជាង​នេះ ដែល​ត្រូវបាន​ចាត់ទុកជា​ពេល​ពេល​ក្ដៅ​បំផុត បានកើត​ឡើង​នៅ​តំបន់​ជាង​ពីរ​រយ​ជុំវិញ​ប្រទេស​ជប៉ុន​នៅ​ចុង​សប្ដាហ៍​នេះ​។ អាកាសធាតុ​ក្ដៅ​នៅ​ខែកក្កដា ជា​រឿង​កម្រ​មួយ​សម្រាប់​ជប៉ុន​។ កាលពី​ឆ្នាំមុន មនុស្ស​យ៉ាងហោចណាស់​៤៨​នាក់​បាន​បាត់​បង់ជីវិត​ដោយសារ​រលក​កម្ដៅ​បែបនេះ​ក្នុង​ចន្លោះ​ខែឧសភា និង​កញ្ញា ហើយ​គ្រាន់តែ​ខែកក្កដា មនុស្ស​៣១​បាន​ស្លាប់​ទៅហើយ​។​

​អង្គភាព​ឧតុនិយម​ជប៉ុន​បាន​ព្យាករ​ថា អាកាសធាតុ​ក្ដៅ​បែបនេះ បង្កដោយ​ប្រព័ន្ធ​សម្ពាធ​ខ្ពស់​ចំនួន​ពីរ ដែល​ស្ថិតនៅ​ពីលើ​ជប៉ុន ហើយ​វា​នឹង​បន្ត​ពេញ​មួយ​សប្ដាហ៍​នេះ​ទៀត​។ នេះ​មានន័យថា រលក​កម្ដៅ​នឹង​បន្ត​វាយប្រហារ​ជប៉ុន​រយៈពេល​វែង​ទៀត​ដែរ​៕  


Tag:
 ជប៉ុន​
  ទឹកជំនន់​
  រលក​កម្ដៅ
© រក្សាសិទ្ធិដោយ thmeythmey.com