ជាតិ
ក្រសួង​អប់រំ រើស​សិស្ស​វិទ្យាល័យ​៩​រូប ឲ្យ​ចូលរួម​មហោស្រព​ភាពយន្ត​កុមារ​អន្តរជាតិ​អាស៊ី​ឆ្នាំ​២០១៨ នៅ​ជប៉ុន​
23, Jul 2018 , 8:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា សហការ​ជាមួយ​ស្ថានទូត​ជប៉ុន​នៅ​កម្ពុជា បានរៀបចំ​កម្មវិធី ប្រកួត​វីដេអូ​ខ្លីរយៈពេល​៣​នាទី ក្រោម​ប្រធានបទ​«Self-responsibility» សម្រាប់​សិស្ស​វិទ្យាល័យ​។ បេក្ខជន ៣​ក្រុម ឬ​៩​រូប ដែល​ផលិត​បាន​វីដេអូ​ល្អ​ជាងគេ  នឹងត្រូវ​អញ្ជើញ​ទៅ​ចូលរួម​មហោស្រព​ភាពយន្ត​កុមារ​អន្តរជាតិ​អាស៊ី​ឆ្នាំ​២០១៨ ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា នៅ​ប្រទេស​ជប៉ុន​។



​បេក្ខជន​ដែល​អាច​ចូលរួម​ប្រកួតប្រជែង​បាន ត្រូវតែ​ជា​សិស្ស​ដែល​កំពុង​សិក្សា​នៅ​សាលា​រដ្ឋ ឬ​ឯកជន នៅ​ថ្នាក់​ទី​១០ និង​ថ្នាក់​ទី​១១ និង​មាន​បណ្ណ​សម្គាល់​ខ្លួន​។ ជា​សិស្ស​ដែល​ពុំ​ធ្លាប់​ចូលរួម​កម្មវិធី  JENESYS 2.0 នាពេល​កន្លងមក ហើយ​ត្រូវ​រៀបចំ​ជា​ក្រុម​ដោយមាន​សមាជិក​មួយក្រុម ៣​នាក់​។

​សិស្សានុសិស្ស​ដែល​ចាប់អារម្មណ៍​អាចដាក់​ពាក្យ​ចូលរួម​ប្រកួត​នៅ នាយកដ្ឋាន​មធ្យមសិក្សា​ចំណេះដឹង ដែល​ស្ថិតនៅ​អគារ​លេខ​១៦៩ ផ្លូវ​លេខ​៣១០ សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន ចាប់ពី​ថ្ងៃនេះ ដល់​ថ្ងៃទី ២៧ ខែសីហា ឆ្នាំ​២០១៨​។  ពួកគេ​ក៏ត្រូវ​ចូលរួម​ប្រជុំ នៅ​ម៉ោង​២​រសៀល ថ្ងៃទី​២ ខែសីហា នៅ​ស្ថានទូត​ជប៉ុន មុន​ចាប់ផ្តើម​ផលិត​រឿង​ខ្លី​។ 

​រឿង​ខ្លី ៣​នាទី ដែល​ក្រុម​នីមួយៗ​ផលិត​រួច ទៅ​ផ្តល់​ទៅ​នាយកដ្ឋាន​មធ្យមសិក្សា​ចំណេះដឹង​វិញ ឲ្យ​បាន​មុន​ថ្ងៃទី​៣១ ខែសីហា​។  ការប្រកាស​លទ្ធផល នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​១៧ ខែកញ្ញា នៅ​មជ្ឈមណ្ឌល​កិច្ចសហប្រតិបត្តិការ​ក​ម្ពុ​ជា​-​ជប៉ុន​(CJCC)​។ ជ័យលាភី​នៅក្នុង​ការប្រកួត នឹងត្រូវ​អញ្ជើញ​ឲ្យ​ចូលរួម​មហោស្រព​ភាពយន្ត​កុមារ​អន្តរជាតិ​អាស៊ី​ឆ្នាំ​២០១៨ ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា នៅ​ប្រទេស​ជប៉ុន​៕


Tag:
 ក្រសួង​អប់រំ​
 ​ការប្រកួត​វីដេអូ​
 ​ជប៉ុន​
© រក្សាសិទ្ធិដោយ thmeythmey.com