ជាតិ
រយៈពេល​៨​ថ្ងៃ ពលរដ្ឋ​ជាង​៧​ពាន់​គ្រួសារ បាន​រងគ្រោះ ដោយសារ​ជំនន់​ទឹកភ្លៀង​
23, Jul 2018 , 5:14 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកក្រសួងធនធានទឹក
រូបភាពពីហ្វេសប៊ុកក្រសួងធនធានទឹក
ដោយ:
​ភ្នំពេញ​៖ ជំនន់​ទឹកភ្លៀង រយៈពេល ៨​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៧-២៣ ខែកក្កដា បាន​បង្ក​ឱ្យ​ប្រជាពលរដ្ឋ​សរុប​៧១០៦​គ្រួសារ ក្នុង​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​មួយចំនួន ​កំពត កោះកុង ព្រះសីហនុ កែប និងបាត់ដំបង ជាដើម បានទទួល​រង​នូវ​ការប៉ះពាល់​។ នេះ​បើតាម​ការ​ឱ្យដឹងពី​លោក កែវ វី អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​។



​លោក កែវ វី បាន​ប្រាប​់សារ​ព័ត​មាន​ថ្មីៗ​ថា ប្រជាពលរដ្ឋ ដែល​រង​ការប៉ះពាល់​ទាំងនោះ មាន​ប្រជាពលរដ្ឋ ១៤១៦​គ្រួសារ ត្រូវបាន​ជម្លៀស​ទៅ​ទីទួល​មាន​សុវត្ថិភាព​។ លោក បន្តថា ផ្ទះ​ដែល​រង​ការ​ខូ​ត​ខាត មាន​៦​ខ្នង សាលារៀន​១០​កន្លែង វត្ត​១០ វិហារ​ចាម​៦ បាត់គោ​១៤​ក្បាល ហើយ​ដំណាំ​ស្រែចម្ការ​លិច​ទឹក មាន​៩២១៤​ហិកតា ដោយ​ក្នុងនោះ ចំនួន​ដែល​ខូចខាត មាន ៩៦​ហិកតា​។​

​ជំនន់​ទឹកភ្លៀង​នេះ ក៏បាន​ធ្វើឱ្យ​លិច​ស្ពាន​៩ ដោយ​ក្នុងនោះ ខូចខាត​ស្ពានឈើ​២ និង​ស្រះ​ចិញ្ចឹម​ត្រី​៧​។ នេះ​បើតាម​អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ដដែល ដោយ​លោក បន្ថែមថា ជំនន់​ទឹកភ្លៀង​ដើមខែ​កក្កដា​នេះ មិន​បណ្តាល​ឲ្យ​បាត់បង់​ជីវិត​មនុស្ស​ទេ ទោះបី​មានការ​ខូចខាត​ដូចដែល​បាន​រៀបរាប់​ខាងលើ​ក្ដី​។​

​លោក បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​នៅតាម​ស្ទឹង ឬ​អូរ​មួយចំនួន ដែល​ទឹកបាន​ស្រក ក៏​ឡើងវិញ​ផងដែរ​។ សម្រាប់​ផ្លូវ​ដែល​បាន​ផ្អាក​ធ្វើ​ចរាចរណ៍​បណ្ដោះអាសន្ន បានដាក់​ឱ្យ​ដំណើរការ​ឡើងវិញ​ជា​ប្រក្រតី​ហើយ​។ ប៉ុន្តែ​ផ្លូវ​ដែល​លិច​ទឹកបាន​ស្រក​ទៅវិញ ហើយ​កំពុង​ជួសជុល​ជា​បណ្ដើរ ដោយ​មន្ទីរ​សាធារណការ​នៅតាម​ខេត្ត​។ ហើយ​ចម្ងាយ​ផ្លូវ​ដែល​លិច​ទឹក​ត្រូវ​ជួសជុល​ប្រមាណ ៨០​គីឡូម៉ែត្រ​»​។

​បច្ចុប្បន្ន ជំនន់​ទឹកទន្លេ​មេគង្គ មិនទាន់​ឡើងដល់​កម្រិត ដែល​ត្រូវ​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន​ទេ ប៉ុន្តែ​ទឹកទន្លេ​សេសា​ន ខេត្តរតនគិរី​កំពុងតែ​ឡើង ៨​ម៉ែត្រ ដែល​ត្រូវ​ប្រកាស​ឱ្យ​ប្រុងប្រយ័ត្ន​៕

អត្ថបទទាក់ទង



Tag:
 ជំនន់​ទឹកភ្លៀង​
 ​គ្រោះមហន្តរាយ​
 ​កែវ វី
© រក្សាសិទ្ធិដោយ thmeythmey.com