ជាតិ
បោះឆ្នោត
បក្សសម្ព័ន្ធ ដាក់បណ្តឹងច្រើនជាងគេ ទៅគ.ជ.ប. ជុំវិញការឃោសនា
× ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានទទួលពាក្យបណ្ដឹងសរុបចំនួន១៩។ បណ្ដឹងទាំងនោះ ភាគច្រើនជាបណ្តឹងរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) របស់លោក ខឹម វាសនា។
គ.ជ.ប. សង្កេតឃើញថា ដំណើរការនៃការឃោសនារបស់គណបក្សនានា រយៈពេលកន្លះខែមកនេះ មានភាពល្អប្រសើរ។ ល្អប្រសើរ ដោយសារតែ១៤ថ្ងៃ នៃការឃោសនា គឺចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២១ ខែកក្កដា គ.ជ.ប. ទើបទទួលបានបណ្ដឹង១៩ប៉ុណ្ណោះ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប. បានអះអាងថា ក្នុងចំណោមគណបក្សទាំង២០ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានដាក់បណ្ដឹងច្រើនជាងគេ ហើយក៏រងបណ្ដឹងខ្លះដែរ។ បើតាមអ្នកនាំពាក្យរូបនេះ បណ្ដឹង ដែលគ.ជ.ប. ទទួលបាន មានដូចជា ការប្រើពាក្យអសុរោះ, ការបកខិតបណ្ណ, ការបំផ្លាញស្លាកគណបក្ស និង ការយកដុំក្រួសគប់ទៅលើឧបករណ៍ឃោសនារបស់គណបក្ស ជាដើម។
លោក ហង្ស ពុទ្ធា បានបន្ថែមថា ការយកទីតាំងរបស់រដ្ឋ ឬទីតាំងសាធារណៈ ធ្វើជាកន្លែងឃោសនា គ្រប់គណបក្ស ត្រូវសុំការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន។ ចំណែកទីតាំងឯកជន ត្រូវមានការអនុញ្ញាតពីម្ចាស់ទីតាំងជាមុនសិន ទើបអាចឃោសនាបាន។ លើសពីនេះទៅទៀត ប្រសិនបើមានគណបក្សណាមួយ ឃោសនានៅទីតាំងណាហើយ គណបក្សដទៃទៀត មិនអាចទៅឃោសនានៅទីតាំងជាមួយគ្នាឡើយ គឺត្រូវរង់ចាំដល់គណបក្សមួយ បញ្ចប់សិន ទើបគណបក្សមួយទៀតអាចបន្តបាន។
ការឃោសនា មានរយៈពេល២១ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨។ ថ្ងៃទី២៨ គឺជាថ្ងៃស ដែលគ្រប់គណបក្សនយោបាយទាំងអស់ ត្រូវផ្អាកការឃោសនារបស់ខ្លួន ដើម្បីឲ្យប្រជាពលរដ្ឋមានឱកាសក្នុងការពិចារណាក្នុងការជ្រើសរើសគណបក្ស ដែលខ្លួនពេញចិត្ត។ ចំណែក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ គឺជាថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦៕
Tag:
នយោបាយ
ឃោសនា
បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com