ជាតិ
សេដ្ឋកិច្ច
ហេតុផល​ដែល​នាំ​ឲ្យ​អាជីវកម្ម Startups បរាជ័យ​!
25, Jul 2018 , 9:52 am        
រូបភាព
ដោយ: ថ្មីៗ
 ភ្នំពេញ​៖ ការបង្កើត​អាជីវកម្ម​ថ្មីថ្មោង (Startup Business) ជា​ប្រធានបទ​មួយ​កំពុង​ពេញនិយម​ក្នុង​សម័យកាល​នេះ ដោយ​គេ​សង្កេតឃើញ​មាន​បង្កើត​អាជីវកម្ម​ថ្មី​ជា​ហូរហែ តែ​បិទ​ទៅវិញ​ក៏​ច្រើន​ដែរ​។ មាន​កត្តា​ជាច្រើន ដែល​ស្ថាបនិក Startup គិតគូរ​មិន​ដល់ ឬ​ខ្វះ​សមត្ថភាព ដែល​នាំទៅដល់​ការបរាជ័យ​។



​ការស្រាវជ្រាវ​ជា​អន្តរជាតិ​មួយ​បាន​រកឃើញ​ហេតុផល​សំខាន់ៗ​ចំនួន ២០ ដែល​នាំ​ឲ្យ Startups បរាជ័យ​។ ក្នុងនោះ​ចំណុច​ដ៏​គ្រោះថ្នាក់​ជាងគេ​សម្រាប់ Startup គឺ ទី​១/​គ្មាន​ម្រូ​វ​ការ​ទីផ្សារ  ដែលមាន​អត្រា​ដល់​ទៅ​ជាង ៤០​ភាគរយ​។ ទី​២/ អស់​ទុន​បង្វិល មាន​អត្រា​ដល់​ទៅជិត ៣០​ភាគរយ​។ ទី​៣/ គ្មាន​ក្រុមការងារ​ល្អ ដែលមាន​អត្រា​ជិត ២៥​ភាគរយ​។ ទី​៤/ មិនអាច​ប្រកួតប្រជែង ដែលមាន​អត្រា​ជិត ២០​ភាគរយ​។ ទី​៥/ បញ្ហា​តម្លៃ​ផលិតផល ឬ​សេវា ដែលមាន​អត្រា​ជិត ២០​ភាគរយ​។​



​លោក ង៉ែត ជូ អ្នកវិភាគ​សេដ្ឋកិច្ច និង​ជា​អ្នក​ប្រឡូក​ក្នុង​រប​រកស៊ី​មួយរូប​ដែរ  បាន​លើកឡើងថា Startups បរាជ័យ​ភាគច្រើន  គឺ​បណ្ដាលមកពី​ស្ថាបនិក​ទាំងនោះ​ហ៊ាន​ប្រឡូក ទាំង​ខ្លួន​ខ្វះ​បទពិសោធន៍​។ លោក​ថ្លែង​ដូច្នេះ​ថា​៖«​អ្នកធ្វើ Startups បរាជ័យ ដោយ​ភាគច្រើន ខ្វះ​បទពិសោធន៍​ការងារ ហើយ​មិនបាន​សិក្សា​ច្បាស់លាស់​ថា​ខ្លួន​មាន​ជំនាញ​អាចធ្វើ​បានទេ​។ ពួកគាត់​ចេញ​ធ្វើ​អាជីវកម្ម​តាម​គេ​តាម​ឯង ខ្វះ​ការច្នៃ​ប្រឌិដ្ឋ ដោយ​មិន​បានធ្វើ​ឲ្យ​ផលិតផល​របស់ខ្លួន​ប្លែក​ពី​គេ​»​។

​លោក​បន្ថែមថា កង្វះ​បទពិសោធន៍ នឹងធ្វើ​ឲ្យ​ម្ចាស់​អាជីវកម្ម គិតគូរ​មិនបាន​ដិតដល់​ទៅលើ​ផ្នែក​ផ្សេងៗ​ទៀត ដូចជា​បញ្ហា​ទុន​ជាដើម​។​
​អ្នកជំនាញ​សេដ្ឋកិច្ច​រូបនេះ បន្តថា ទោះជា​សម្លឹង​ឃើញ​ឱកាស​ភ្លាមៗ ក៏​អ្នកបង្កើត Startup មិន​ប្រាកដថា​អាច​រៀបចំ​អា​ជីក​វ​ម្ម​របស់ខ្លួន ដើម្បី​ចាប់យក​ឱកាស បាន​នោះដែរ បើ​ខ្វះ​បទពិសោធន៍​។

«​ឱកាស​មួយ​មុខ​មិន​ធ្វើ​ឲ្យ​អាជីវកម្ម​ជោគជ័យ​នោះទេ គឺ​ត្រូវមាន​ធាតុ​ផ្សំ​របស់​វា​។ ទោះ​ឃើញ​ឱកាស តែ​ក៏​ទាមទារ​សមត្ថភាព​គ្រប់គ្រង ចាត់ចែង និង​ចេះ​ធ្វើ​ផែនការ​ហិរញ្ញវត្ថុ​ជាដើម​ផងដែរ​»​។ នេះ​ជាការ​គូសបញ្ជាក់​របស់​លោក ង៉ែត ជូ​។ លោក​បន្ថែមថា​៖«​អ្នក​ពូកែ ទោះ​ចេញ​ធ្វើ​ក្រោយ​គេ ក៏​នៅតែ​អាចធ្វើ​អ្វី​ថ្មី​ពី​គេ​។ ឧទាហរណ៍​ហាង​កាហ្វេ Brown ដែល​ចេះ​ច្នៃ​ប្រឌិដ្ឋ និង​អាចឈរជើង​នៅលើ​ទីផ្សារ​កាហ្វេ​ដ៏​ប្រកួតប្រជែង​នេះ​បាន​»​។ 

​ហេតុផល​មួយ​ផ្សេងទៀត​ដែល​ធ្វើ​ឲ្យ Startup ដួល​រលំ​ទៅវិញ ក្នុងករណី​នៅ​កម្ពុជា គឺ​ការ​មិនបាន​ជួយ​ជ្រោ​ជ្រែង​ពី​អតិថិជន ពិសេស​អ្នក​ស្គាល់គ្នា តែ​បែរជា​សុំ​បញ្ចុះតម្លៃ​ក្នុង​គ្រា​ដំបូង​ដែល​លំបាក​។ លោក ប៉ិច បូ​ឡែ​ន អគ្គនាយក​ក្រុមហ៊ុន Westline Education Group បាន​ឲ្យ​ដឹងថា​៖«​ទន្ទឹមនឹង​ការចំណាយ​លើ​ការវិនិយោគ​ច្រើន  ចំណាយ​លើ​ការផ្សព្វផ្សាយ​ដើម្បី​កសាង​គុណភាព និង​ទំនុកចិត្ត អតិថិជន​ជាច្រើន​រំពឹង​ចង់បាន​ការបញ្ចុះ​តម្លៃ​ច្រើន ឬ​ឥតគិតថ្លៃ​តែម្ដង ទាំង​ខ្លួន​មានលទ្ធភាព​»​។

​លោក​បន្តថា​៖«​សូម្បីតែ​មិត្តភក្ដិ​ស្និទ្ធ​ស្នាល​មួយចំនួន​ក៏​ចាំមើល​សិន តើ​គួរ​ទុកចិត្ត​ឬទេ ដោយ​មិនទាន់​មក​ទិញ​នោះទេ​»​។ លោក​ទទូច​ឲ្យ​មានការ​លើកទឹកចិត្ត ជួយ​ជ្រោមជ្រែង​អាជីវកម្ម​ថ្មីថ្មោង ដោយ​កុំ​ទាន់​សុំ​បញ្ចុះតម្លៃ  ដើម្បី​ឲ្យ​អាជីវកម្ម​នោះ​ដំណើរ​ការល្អ​សិន​៕


Tag:
 startup
© រក្សាសិទ្ធិដោយ thmeythmey.com