ជាតិ
សេដ្ឋកិច្ច
ដីបណ្ដោយមាត់ទន្លេ ត្រូវជួលឲ្យក្រុមហ៊ុនចិន ៥០ឆ្នាំ ធ្វើមជ្ឈមណ្ឌលពាណិជ្ជកម្ម
× ភ្នំពេញ៖ ដីតាមបណ្ដោយមាត់ទន្លេពីស្ពានជ្រោយចង្វារដល់ផ្សាររាត្រី ដែលគ្រប់គ្រងដោយកំពង់ផែស្វយ័តភ្នំពេញ ត្រូវបានជួលទៅឲ្យក្រុមហ៊ុនចិន ក្នុងតម្លៃ ១៦,៥ លានដុល្លារអាមេរិក ក្នុងរយៈពេល ៥០ឆ្នាំ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់កំពង់ផែ នៅថ្ងៃទី១៩ខែកក្កដា។
ដីបណ្ដោយមាត់ទន្លេនេះ មានទំហំ ៩២៥៣៨ ម៉ែត្រក្រឡា (ជាង៩ហិកតា) ដែលត្រូវបានធ្វើអនុបយោគដើម្បីបើកផ្លូវដល់ការជួល ដោយអនុក្រឹត្យរបស់រដ្ឋាភិបាលនៅខែមីនាឆ្នាំនេះ។
ដីនេះ ត្រូវបានជួលឲ្យទៅក្រុមហ៊ុន Chean Chhoeng Thai Group ជាបុត្រសម្ព័ន្ធរបស់ Yuetai Group ដែលជាក្រុមហ៊ុនចិន ដែលមានគម្រោងជាច្រើននៅកម្ពុជា។ កិច្ចសន្យាជួលត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី២៩ខែមិថុនាឆ្នាំនេះ ហើយក្រុមហ៊ុននឹងអភិវឌ្ឍន៍ទីតាំងនេះ ទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ The City Gate ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានខាងលើនេះ។
សេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា កិច្ចសន្យាជួលនេះមានរយៈពេល៥០ឆ្នាំ រហូតដល់ឆ្នាំ២០៦៨ ដោយមានតម្លៃឈ្នួលបង់ផ្ដាច់ចំនួន ១៦លាននិង៥សែនដុល្លារអាមេរិក។ គម្រោង The City Gate នឹងបង្កើតឲ្យមានការិយាល័យពាណិជ្ជកម្ម មជ្ឈមណ្ឌលសិល្បៈ សួនបាញ់ទឹក សួនសាធារណៈ ផ្សារអណ្ដែតទឹក សាលតាំងពិព័រណ៍ សណ្ឋាគារលំដាប់ផ្កាយ៥ ជាដើម។
លើសពីនេះ ក្រុមហ៊ុននេះនឹងចំណាយថវិកាផ្ទាល់ខ្លួនដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធបម្រើផលប្រយោជន៍សាធារណៈ និងលើកកម្ពស់សោភ័ណភាពភ្នំពេញ។ ប្រកាសព័ត៌មានបង្ហាញថា ការសាងសង់ទាំងនោះរួមមាន៖ ការសាងសង់ច្រាំងទន្លេពីគល់ស្ពានជ្រោយចង្វារដល់ផ្សាររាត្រី ក្នុងតម្លៃ ១៩លានដុល្លារ,ផ្លូវថ្មើរជើង និងផ្លូវសម្រាប់រថយន្តធុនតូច ១១លានដុល្លារ, អគាររដ្ឋបាលថ្មីឲ្យកំពង់ផែស្វយ័តភ្នំពេញ ១១លានដុល្លារ, ចំណតផែពហុបំណងថ្មីចំនួន២ តម្លៃ ៣០លានដុល្លារ។
តាមកិច្ចព្រមព្រៀងកំពង់ផែស្វយ័តភ្នំពេញនៅតែបន្តប្រតិបត្តិការនៅទីតាំងរបស់ខ្លួនជាចំណតផែលើកដាក់ទំនិញ ចំណតផែទេសចរណ៍ជាតិ និងអន្តរជាតិ៕
© រក្សាសិទ្ធិដោយ thmeythmey.com