ជាតិ
បោះឆ្នោត
នយោបាយជាតិ
លោក ខៀវ សុភ័គ៖ អ្នកគាំទ្រCNRP ៤០នាក់ កំពុងប្រឈមទោសតាមច្បាប់ ដោយសារយុទ្ធនាការម្រាមដៃស្អាត
× ភ្នំពេញ៖ អ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិជាច្រើននាក់ កំពុងប្រឈមទោសតាមច្បាប់ ពាក់ព័ន្ធយុទ្ធនាការម្រាមដៃស្អាត។ ពួកគេ នឹងទទួលរងការផាកពិន័យពី៥លាន ទៅ២០លានរៀល។ នេះបើតាមក្រសួងមហាផ្ទៃ។
អ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ ចន្លោះពី៣០នាក់ ទៅ៤០នាក់ កំពុងរងបណ្ដឹងពាក់ព័ន្ធយុទ្ធនាការម្រាមដៃស្អាត។ បណ្ដឹងទាំងនោះ ស្ថិតនៅក្នុងដៃសមត្ថកិច្ច។ នេះជាការបញ្ជាក់របស់លោក ខៀវ សុភ័គ ដែលទទួលបានរបាយការណ៍ពីស្នងការក្រុង បានបន្ថែមថា បណ្ដឹងភាគច្រើនមកពីគណបក្សប្រជាជន ប្ដឹងទៅអតីតអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅក្នុងខេត្តបាត់ដំបង និងក្រចេះជាដើម។ បើតាមលោក ខៀវ សុភ័គ ពលរដ្ឋដែលរងបណ្ដឹងនេះ អាចប្រឈមមុខតាមច្បាប់ស្តីពីការបោះឆ្នោត ត្រង់មាត្រា១៤២ ពីបទរារាំងការបោះឆ្នោត។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អ្នកនាំពាក្យក្រសួងមហាផ្ទៃរូបនេះ បានបញ្ជាក់ដូច្នេះថា៖«យើងមិនចាប់ខ្លួនពួកគេទេ ប៉ុន្តែយើងគ្រាន់តែអនុវត្តតាមច្បាប់បោះឆ្នោត តាមបណ្ដឹងដែលខាងគណបក្សប្រជាជនប្ដឹង។ ប៉ុន្តែមិនមែនតែគណបក្សប្រជាជនទេ គណបក្សណាក៏មានសិទ្ធិប្ដឹងលើអ្នកធ្វើយុទ្ធនាការម្រាមដៃស្អាតដែរ បើសិនជាគិតថាយុទ្ធនាការនេះ ប៉ះពាល់ដល់ការបោះឆ្នោត។ ហើយបើសួរខ្ញុំថា ពួកគេពិតជាធ្វើឲ្យរារាំងការបោះឆ្នោតដែរទេ? ខ្ញុំសូមឆ្លើយថា សកម្មភាពនេះពិតជារារាំងការបោះឆ្នោតមែន ដោយមិនចាត់ចូលជាទោសព្រហ្មទណ្ឌ»។
តែយ៉ាងណាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា បណ្ដឹងក្នុងដៃដែលគ.ជ.បកំពុងដោះស្រាយនោះ មានចំនួន៥ ដែលក្នុងនោះមានអតីតប្រធានគណបក្សសង្គ្រោះជាតិខេត្តបាត់ដំបងម្នាក់ និងអ្នកគាំទ្រ៤នាក់ ។ បើតាមលោក ហង្ស ពុទ្ធា គ.ជ.បកំពុងដោះស្រាយបញ្ហាអ្នកគាំទ្រ៤នាក់ នៅត្រឹមគណៈកម្មាធិការជាតិរៀបការបោះឆ្នោតខេត្ត នៅថ្ងៃទី២៥ កក្កដានេះ។ ចំណែកលោក ជា ជីវ អតីតមន្ត្រីបក្សប្រឆាំង ដែលមានឈ្មោះក្នុងបញ្ជីអ្នកនយោបាយ១០៨នាក់ ដែលត្រូវបានហាមធ្វើនយោបាយ៥ឆ្នាំនោះ ត្រូវបន្តដោះស្រាយនៅតុលាការកំពូល។ រឿងរាវរបស់អ្នកទាំង៥ខាងលើនេះ បានកើតឡើងកាលពីថ្ងៃទី១៩ កក្កដា នៅពេលដែលពួកគេ បានជួបជុំគ្នានៅក្នុងផ្ទះលោក ជា ជីវ ដើម្បីធ្វើយុទ្ធនាការម្រាមដៃស្អាត។ យុទ្ធនាការនេះ ត្រូវបានគណបក្សប្រជាជនកម្ពុជា ចាត់ទុកជាការបំផុសមិនឲ្យពលរដ្ឋដទៃទៀតទៅបោះឆ្នោត ទើបសម្រេចប្ដឹងទៅគ.ជ.ប។
នៅក្នុងច្បាប់ស្តីពីការជ្រើសរើសតំណាងរាស្ត្រ ត្រង់ជំពូកទី១០ ស្តីពីទោសបញ្ញត្តិ នៃមាត្រា៤២ ចែងថា«ត្រូវផាកពិន័យជាប្រាក់ពី៥,០០០,០០០រៀល (ប្រាំលាន)រៀល ទៅ២០,០០០,០០០រៀល ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណា ដែលតាមគ្រប់មធ្យោបាយទុច្ចរិត»៕
Tag:
ខៀវ សុភ័គ
CNRP
ម្រាមដៃស្អាត
បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com