ជាតិ
បោះឆ្នោត
នយោបាយជាតិ
អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិជាង១ពាន់នាក់ ចូលរួមឃ្លាំមើលការបោះឆ្នោត តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិល
× ភ្នំពេញ៖ វេទិកាសម្ព័ន្ធសង្គមស៊ីវិល បានរៀបចំគណៈកម្មការសម្របសម្រួលការងារអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ សរុបជាង១ពាន់នាក់ ដើម្បីចូលរួមសង្កេតការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៅកម្ពុជា។ ក្រុមអ្នកសង្កេតការណ៍ទាំងនេះ ត្រូវបានអះអាងថា មានសេរីភាព និងតម្លាភាព ក្នុងការងារសង្កេតការណ៍របស់ខ្លួន ហើយអាចទុកចិត្តបាន។
អ្នកសង្កេតការណ៍អន្តរជាតិ ចំនួន២២០នាក់ និងអ្នកសង្កេតការណ៍ជាតិចំនួន ១០៣៦នាក់ នឹងចូលរួមសង្កេតការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នៅកម្ពុជា តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិល។ ក្រុមអ្នកសង្កេតការណ៍នេះ ត្រូវបានជ្រើសរើសពីអង្គការសង្គមស៊ីវិលចំនួន៩៣ស្ថាប័ន មកពីទូទាំង២៥ រាជធានី-ខេត្ត និង មកពីបណ្ដុំអង្គការសង្គមស៊ីវិល ដែលមានបទពិសោធ ទាក់ទងនឹងការសង្កេតការបោះឆ្នោតលើពិភពលោក មកពី៥២ប្រទេស ក្នុងទ្វីបទាំង៥ ព្រមជាមួយនិន្នាការកណ្ដាលនិយមថែមទៀតផង។
ក្រុមអ្នកសង្កេតការណ៍ទាំងនេះ ត្រូវបានអញ្ជើញឲ្យចូលរួមតាមរយៈក្រសួងការបរទេស នឹងត្រូវបានជឿជាក់ថា មានឯករាជ្យភាពពេញលេញ ស្របទៅតាមបទពិសោធដែលបានធ្វើនាពេលកន្លងមក ហើយអាចជឿទុកចិត្តបបាន។ នេះបើតាមលោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល និងជាប្រធានគណៈកម្មការសម្របសម្រួលការងារអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦។
នៅក្នុងសន្និសីទសារព័ត៌មាននៅកោះពេជ្រ នាល្ងាចថ្ងៃទី២៤ ខែកក្កដា លោក កឹមរ័ត្ន វិសិដ្ឋ បានបញ្ជាក់យ៉ាងដូច្នេះថា៖«ក្រុមអ្នកសង្កេតការណ៍អន្តរជាតិនេះ អាចជឿជាក់បាន ក៏ដោយសាររាល់ការចំណាយទាំងអស់ មិនមែនជាការចំណាយរបស់វេទិកាសម្ព័ន្ធសង្គមស៊ីវិល ឬរដ្ឋាភិបាលកម្ពុជាឡើយ តែជាការចំណាយផ្ទាល់របស់ក្រុមអ្នកសង្កេតការណ៍ទាំងនោះ»។
សម្រាប់ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ មានមកពីស្ថាប័នចំនួន៧ ដូចជា អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ(CDI), សន្និសីទអន្តរជាតិនៃបណ្ដាគណបក្សនយោបាយអាស៊ី (ICAPP), អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអាស៊ី-ប៉ាស៊ីហ្វិក (CAPDI), អង្គការសមាគមសភាអាស៊ី(APA), អង្គការសមាគមអន្តរសភាអាស៊ាន(AIPA), អង្គការសហប្រតិបត្តិការសៀងហៃ (SCO) និងអង្គការសភានៃប្រទេសនិយាយភាសាបារាំង (APF)។
ចំពោះក្រុមអ្នកសង្កេតការណ៍អន្តរជាតិ នឹងមកដល់កម្ពុជានៅថ្ងៃទី២៧ ខែកក្កដា ព្រមទាំងស្នាក់នៅរយៈពេល៥ថ្ងៃ ហើយពួកគេមានសិទ្ធិចូលសង្កេតការណ៍គ្រប់ការិយាល័យបោះឆ្នោតទាំងអស់។ ការបោះឆ្នោត នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ដោយមានការិយាល័យបោះឆ្នោតសរុបជាង ២,២ម៉ឺន៕
Tag:
នយោបាយ
បោះឆ្នោត
អ្នកសង្កេតការណ៍
គ.ជ.ប.
© រក្សាសិទ្ធិដោយ thmeythmey.com