ជាតិ
បោះឆ្នោត
នយោបាយជាតិ
២០ថ្ងៃ មានអ្នកចូលឃោសនាសរុបជាង ១លាន ៤សែននាក់
× ភ្នំពេញ៖ រយៈពេល២០ថ្ងៃ នៃការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ គ្រប់គណបក្សទាំងអស់ មានអ្នកឃោសនាសរុបជាង ១លាន ៤សែននាក់។ នេះបើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
ក្រៅពីចំនួនអ្នកចូលរួមក្នុងក្បួនឃោសនា មានសកម្មជនគ្រប់គណបក្សទាំងអស់ដែលចុះតាមមូលដ្ឋាន ដើម្បីចែកខិតបណ្ណ និងជួបប្រជុំសរុបមានគ្នាជាង ២លាន ១សែន ៥ម៉ឺននាក់។ ចំណែករថយន្តប្រើក្នុងការឃោសនាបោះឆ្នោត មានជាង ៦ម៉ឺនរថយន្ត ខណៈដែលចំនួនម៉ូតូ និងកង់ មានចំនួន ៣៧ម៉ឺនគ្រឿង។
ការឃោសនាបោះឆ្នោតរបស់គណបក្សទាំង២០ ដែលបានឈរឈ្មោះបោះឆ្នោត ត្រូវបានលោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប ឲ្យសារព័ត៌មានថ្មីៗ ដឹងថា មានភាពល្អប្រសើរ និងចាស់ទុំជាងអាណត្តិមុនៗ។ ដោយនៅក្នុងរយៈពេល២០ថ្ងៃនៃ ការឃោសនានេះ គ.ជ.ប បានទទួលពាក្យបណ្ដឹងសរុបចំនួន ៣០បណ្ដឹង តិចជាងអាណត្តិមុនៗ។
នៅក្នុងពាក្យបណ្ដឹងទាំង៣០នេះ មាន២៩បណ្ដឹង ត្រូវបានដាក់នៅគណៈកម្មការឃុំ សង្កាត់ និង១បណ្ដឹងប្ដឹងផ្ទាល់ទៅគណៈកម្មការខេត្តរៀបចំការបោះឆ្នោត។ នៅក្នុងចំណោមពាក្យបណ្ដឹងទាំង៣០ មាន៥បណ្ដឹង ប្ដឹងទាក់ទង និងយុទ្ធនាការម្រាមដៃស្អាត ហើយគណៈកម្មការរៀបចំការបោះឆ្នោតខេត្តបាត់ដំបងជាអ្នកដោះស្រាយ៕
Tag:
នយោបាយ
បោះឆ្នោត
ឃោសនា
© រក្សាសិទ្ធិដោយ thmeythmey.com