ជាតិ
ក្រសួង​ធនធានទឹក​៖​កម្ពុជា នឹងមាន​ភ្លៀង​ច្រើន​ថ្ងៃ​ទៀត ក្នុង​កម្រិត​មធ្យម​ទៅ​ច្រើន​
08, Aug 2018 , 10:05 pm        
រូបភាព
 ​ភ្នំពេញ​៖ តំបន់​មាត់សមុទ្រ​ពិសេស​ខេត្តកោះកុង និង​ខេត្ត​ព្រះសីហនុ នឹងមាន​ភ្លៀង​ធា្ល​ក់​ជាច្រើន​ថ្ងៃ​ទៀត ខណៈ​តំបន់​ខ្ពង់រាប និង​បណ្តា​ខេត្ត​នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​វៀ​ណា​ម ក៏​នឹងមាន​ភ្លៀង​ពី​បង្គួរ​ទៅ​ច្រើន​ដែរ​រហូតដល់​ចុង​សប្តាហ៍​។ នេះ​បើតាម​ការបញ្ជាក់​របស់​ក្រសួង​ធនធានទឹក ដែល​បាន​ឲ្យ​ដឹង​ទៀតថា បណ្តា​រាជធានី និង​ខេត្ត​ផ្សេង អាច​នឹងមាន​ភ្លៀង​ពី​មធ្យម ទៅ​បង្គួរ​។

 
​តំបន់​មាត់សមុទ្រ ពិសេស​ខេត្តកោះកុង និង​ព្រះសីហនុ អាចមាន​ភ្លៀង​ធ្លាក់​ខ្លាំង ឯ​លំហ​សមុទ្រ​មាន​ភ្លៀង​-​ខ្យល់​បក់បោក​ខ្លាំង និង​មាន​រលក​សមុទ្រ​ខ្ពស់ៗ​។ នេះ​បើតាម​ការ​ព្យាករ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ចេញផ្សាយ​នៅ​ថ្ងៃទី​៨ សីហា​។

ក្រសួង​នេះ បានបញ្ជាក់​មូលហេតុ​ថា ដោយសារ​មាន​ប្រព័ន្ធ​សម្ពាធ​ទាប​មួយ កំពុង​អូស​កាត់​លើ​អាង​ទន្លេមេគង្គ ហើយ​នៅក្នុង​ប្រព័ន្ធ​សម្ពាធ​ទាប​នេះ មាន​សម្ពាធ​ទាប​សកម្ម​មួយ​កំពុង​ស្ថិតនៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែល​វា​នឹង​រំកិល​ឆ្ពោះទៅរក​កោះ​ហៃណាំ​។  ការ​ព្យាករ​ឲ្យ​ដឹង​ទៀតថា  ក្នុងពេល​៣-៤​ថ្ងៃ​ទៀត សម្ពាធ​ទាប​សកម្ម នឹង​វិវត្តន៍​ទៅជា​កូន​ព្យុះ​នៅ​ចន្លោះ​កោះ​ហៃណាំ​-​ហុងកុង​។ ក្នុងពេល​ជាមួយគ្នានេះ ខ្យល់មូសុង​និរតី នឹង​បង្កើន​ឥទ្ធិពល​ខ្លាំង​មកលើ​តំបន់ឆ្នេរ​កម្ពុជា ដែល​ឥទ្ធិពល​នេះ នឹង​នាំ​ឲ្យ​កម្ពុជា មាន​ភ្លៀង​ធ្លាក់​។​
 
​ក្រៅពី​តំបន់​មាត់សមុទ្រ តំបន់​ខ្ពង់រាប និង​បណ្តា​ខេត្ត​នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​វៀ​ណា​ម ក៏​នឹងមាន​ភ្លៀង​ពី​បង្គួរ​ទៅ​ច្រើន​ដែរ រហូតដល់​ចុង​សប្តាហ៍​។ ចំណែកឯ នៅតាម​បណ្តា​រាជធានី និង​ខេត្ត​ផ្សេងទៀត អាចមាន​ភ្លៀង​ពី​មធ្យម ទៅ​បង្គួរ​។ 
 
 ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ដល់​អ្នកនេសាទ និង​អ្នកធ្វើដំណើរ​តាម​សមុទ្រ បង្កើន​ភាព​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ដើម្បី​ជៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ​៕ 
 

Tag:
 សមុទ្រ​
 ​ភ្លៀង​
 ​តំបន់ឆ្នេរ​
 ​ព្រះសីហនុ​
 ​កោះកុង​
© រក្សាសិទ្ធិដោយ thmeythmey.com