ជាតិ
សម្ដេច ហ៊ុន សែន​៖ ខ្ញុំ​ចង់​ប្រើប្រាស់​អាណត្តិ​ទី​៦ ប្រមូល​ធនធាន​ខួរក្បាល អភិវឌ្ឍ​ជាតិ
15, Aug 2018 , 8:59 pm        
រូបភាព
​សម្ដេច ហ៊ុន សែន នឹង​ពិនិត្យមើល​សមត្ថភាព​ម​ន្ត្រី​គណបក្សនយោបាយ​ដទៃ ដែល​មិន​ជាប់ឆ្នោត ធ្វើជា​ទីប្រឹក្សា រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ​នៅតាម​ក្រសួង​នានា​។ មូល​ហេតុដែល​ប្រមុខ​រដ្ឋាភិបាល គ្រោង​រៀបចំ​បែបនេះ ព្រោះតែ​ចង់​ប្រមូល​ធនធាន​មាន​សមត្ថភាព អភិវឌ្ឍ​ប្រទេស​។ នេះ​ជាការ​បង្ហើប​របស់​សម្ដេច ហ៊ុន សែន នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​រោងចក្រ នៅ​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ នៅ​ព្រឹក​នេះ​។​



​ការដាក់បញ្ចូល​មន្ត្រី​សមត្ថភាព​ពី​គណបក្ស​ដទៃ ដែល​មិន​ជាប់ឆ្នោត​នេះ គឺ​ដើម្បី​ឲ្យ​ពួកគេ​ចូលរួម​ជួយ​បម្រើ​ការងារ​ឲ្យ​បានល្អ ជាមួយ​រដ្ឋាភិបាល ក៏ដូចជា​ការផ្ដល់​គំនិត​យោបល់​ជាដើម​។ ប៉ុន្តែ​មន្ត្រី​ក្រៅពី​គណបក្ស​ប្រជា​ជននេះ មិនអាច​អនុវត្ត​ការងារ ផ្ទុយ​ពី​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​ឡើយ​។​

​ក្រៅពី​ប្រមូល​អ្នកមាន​សមត្ថភាព​បម្រើ​ការងារ នៅក្នុង​ជួរ​រដ្ឋាភិបាល​ហើយ សម្ដេច ហ៊ុន សែន ក៏​ចង់​ប្រើប្រាស់​ពេលវេលា​ក្នុង​អាណត្តិ​ទី​៦​នេះ បម្រើ​ពលរដ្ឋ​ឲ្យ​អស់ពី​ចិត្ត តាមរយៈ​ការប្រើប្រាស់​ធនធាន​ដែលមាន​ទាំង​ប្រាជ្ញា និង​ទ្រព្យសម្បត្តិ សង្វាត​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​។ ប្រមុខ​រដ្ឋាភិបាល បានកំណត់​យក​ពេលវេលា​ក្នុង​អាណត្តិ​ទី​៦​នេះ គឺជា​ពេលវេលា​ដែល​ត្រូវ​ប្រមូល​ធនធាន​មាន​សមត្ថភាព មក​អភិវឌ្ឍ​ប្រទេសជាតិ​។​

​សូម​ស្ដាប់​ប្រសាសន៍​ប្រមុខ​រដ្ឋាភិបាល ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​រោងចក្រ នៅ​ថ្ងៃទី​១៥ សីហា​នេះ​៖




​ជាមួយគ្នានេះ​សម្ដេច ហ៊ុន សែន បានបញ្ជាក់​ពី​បំណង​បង្កើត​វេទិកា​ពិភាក្សា​ជាមួយ​បណ្ដា​ភាគី​គណបក្សនយោបាយ ដែល​មិន​ជាប់ឆ្នោត​ទាំងនោះ ដើម្បី​ទទួលយក​គំនិតល្អៗ​របស់​ពួកគេ ក្នុងការ​ដោះស្រាយ​បញ្ហា​ពលរដ្ឋ និង​ប្រទេសជាតិ​ផង​។ បើតាម​ប្រមុខ​រដ្ឋាភិបាល ការរៀបចំ​វេទិកា​នេះ វា​ជា​ឱកាស​ឲ្យ​គណបក្សនយោបាយ ដែល​មិន​ជាប់ឆ្នោត​នេះ កសាង​កិត្តិយស​ខ្លួន សម្រាប់​ការបោះឆ្នោត​នៅ​អាណត្តិ​ខាងមុខ​ទៀតផង​ដែរ​។​

​វេទិកា​ពិភាក្សាគ្នា​នេះ រដ្ឋាភិបាល នឹង​បើកចំហ​ឲ្យ​គណបក្សនយោបាយ ដែល​មិន​ជាប់ឆ្នោត​ទាំងនោះ មាន​សិទ្ធិ​រិះគន់​លើ​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល ដែល​អនុវត្ត​ការងារ​មិនល្អ និង​ជួយ​ដោះស្រាយ​ចំណុច​ខ្វះខាត​នានា តាមរយៈ​ការពិនិត្យ​លើ​យន្តការ​ក្នុង​សេចក្តីព្រាងច្បាប់​ជាដើម​។ ការរៀបចំ​បែបនេះ វា​នឹង​ជួយ​រំឭក​ដល់​ការងារ​រដ្ឋាភិបាល ឲ្យ​អនុវត្ត​ការងារ​ត្រឹមត្រូវ​តាម​ការសន្យា​ខ្លួន ពោលគឺ​កុំ​ឲ្យ​រដ្ឋាភិបាល ជិះសេះ​លែងដៃ ហើយ​ទុក​ពលរដ្ឋ​រង​ទុក្ខលំបាក​។ នេះ​បើតាម​សម្ដេច ហ៊ុន សែន ដែល​គ្រោង​ជួប​ជាមួយ​មេបក្សនយោបាយ​ដទៃ នៅមុន​បង្កើត​គណៈរដ្ឋមន្ត្រី​អាណត្តិ​ទី​៦​។​

​ការលើកឡើង​របស់​ប្រមុខ​រដ្ឋាភិបាល​នេះ គឺជា​គំនិត​មួយ​ល្អ ដែល​ទទួលបាន​ការគាំទ្រ​ពី​ថ្នាក់ដឹកនាំ​គណបក្ស ដែល​ចូលរួម​បោះឆ្នោត​អាណត្តិ​ទី​៦​នេះ​។ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក យ៉ង សាំង​កុមារ បាន​និយាយថា វេទិកា​ពិគ្រោះ​យោបល់​ជាមួយ​អ្នកនយោបាយ​នេះ នឹង​ផ្តល់ឱកាស​ឲ្យ​ខ្លួន អាចមាន​លទ្ធភាព​យក​ចំណុច​ខ្វះខាត​របស់​រដ្ឋាភិបាល​កន្លងមក ទៅ​បង្ហាញ​និង​ផ្ដល់​គំនិត​ដោះស្រាយ​ជូន​សម្ដេច ហ៊ុន សែន​។​

«​វេទិកា​នេះ វា​ជា​រឿង​មួយ​ល្អ ដែល​ស្របតាម​គោលនយោបាយ​បង្រួប​ប្រួម​ជាតិ​របស់​គណបក្ស​យើង ក្នុង​ការជួយ​ដោះស្រាយ​បញ្ហា​ជាតិ ហើយ​យើង​ត្រៀមខ្លួន​រួចជាស្រេច ក្នុងការ​ជួបនឹង​ផ្ដល់យោបល់​លើ​ការដោះស្រាយ​បញ្ហា​ជាតិ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក យ៉ង សាំង​កុមារ ។​

​សម្រាប់​លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា ចាត់ទុក​ការសម្រេច​របស់​រដ្ឋាភិបាល​នេះ គឺជា​របត់​នយោបាយ​មួយ ក្នុង​ដំណើរ​រួមគ្នា​អភិវឌ្ឍ​ជាតិ រវាង​គណបក្សកាន់អំណាច និង​គណបក្ស​ក្រៅ​រដ្ឋាភិបាល​។ ប្រធាន​គណបក្ស​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​វា​ជា​ព័ត៌មាន​មួយ​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ ហើយក៏​ជា​របត់​នយោបាយ​ថ្មី​មួយ​សម្រាប់​កម្ពុជា ដែល​ផ្ដល់ឱកាស​ឲ្យ​គណបក្ស​ដែល​មិន​ឈ្នះឆ្នោត​បាន​ពាំនាំ នូវ​អ្វីដែល​គេ​ដឹង ទៅ​ប្រមុខ​រដ្ឋាភិបាល​ឲ្យ​បានដឹង ក្នុងការ​ចូលរួម​ដោះស្រាយ​បញ្ហា​ជាតិ​មួយចំនួន ក្នុងការ​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​នៅក្នុង​ភាពជាក់ស្ដែង​ផងដែរ​។ ខ្ញុំ​គាំទ្រ​ចំពោះ​ការជួបជុំ​ជាមួយ​គណបក្សនយោបាយ​ទាំងអស់ ដើម្បី​ឲ្យ​ពួកគាត់​មានឱកាស និង​លទ្ធភាព​បញ្ចេញមតិ និង​ការរិះគន់​ត្រង់​ចំ​ទៅ​មេដឹកនាំ​ប្រទេស​។ វា​ជាស​ញ្ញា​ល្អ​សម្រាប់​ប្រទេស​កម្ពុជា​យើង ដែលមាន​វេទិកា​នេះ ដើម្បី​ឲ្យ​អ្នកនយោបាយ​យល់​គ្នា​ផង​»​។​

​បើតាម​លោក ពេជ្រ ស្រស់ ការផ្ដល់​តួនាទី​ពី​រដ្ឋាភិបាល ឲ្យ​បម្រើ​ការងារ​នៅតាម​ក្រសួង​នានា ក៏​ជា​ឱកាសល្អ​មួយ សម្រាប់​អ្នកនយោបាយ​ពិចារណា​ផងដែរ​៕


Tag:
 ហ៊ុន សែន​
  យ៉ង សាំង​កុមារ​
  ពេជ្រ ស្រស់​
  បោះឆ្នោត​
© រក្សាសិទ្ធិដោយ thmeythmey.com