ក្រុមហ៊ុន Green Leader ដែលមានមូលដ្ឋាននៅហុងកុង មានផែនការប្រមូលដំឡូងពីកសិករ ដើម្បីកែច្នៃនាំចេញ។ ក្នុងន័យនេះ ដំឡូងមីរបស់កសិករមួយចំនួនធំ នឹងលែងត្រូវបាននាំចេញទៅប្រទេសជិតខាងកម្ពុជា តាមរយៈឈ្មួញកណ្ដាលទៀតហើយ។
ក្នុងជំហានដំបូង ក្រុមហ៊ុននេះបានបោះទុន ២០លានដុល្លារសាងសង់រោងចក្រកែច្នៃដំឡូងមី នៅស្រុកឈ្នួល ខេត្តក្រចេះ ដែលគ្រោងនឹងដំណើរការនៅចុងឆ្នាំ២០១៨នេះ។ ហើយក្រុមហ៊ុននឹងចាប់ផ្ដើមប្រមូលទិញដំឡូងមីនៅដើមឆ្នាំក្រោយនេះ។ នេះបើតាមការអះអាងពីតំណាងក្រុមហ៊ុន។
ក្នុងការប្រមូលទិញដំឡូងមីនេះ ក្រុមហ៊ុនប្រើយន្តការកសិកម្មកិច្ចសន្យាជាមួយកសិរ ដែលក្រុមហ៊ុនធានាទិញកសិផលពីកសិករក្នុងតម្លៃមួយសមស្រប។
នៅខែមករាឆ្នាំនេះ ក្រុមហ៊ុន Green Leader បានចុះអនុស្សារណៈនៃការយោគយល់គ្នា (MOU) ជាមួយក្រសួងកសិកម្មលើកិច្ចសហប្រតិបត្តិការពង្រឹងការអនុវត្តផែនការសកម្មភាពនៃគម្រោងអភិវឌ្ឍន៍វិស័យផលិតកម្មដំឡូងមីនៅកម្ពុជា ដែលគ្រោងធ្វើការដាំដុះលើផ្ទៃដីគំរូជិត ២ម៉ឺនហិកតា។
នៅខែមេសា ក្រុមហ៊ុននេះបានចុះ MOU ជាមួយអង្គការអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ដើម្បីធានាដល់ការអភិវឌ្ឍវិស័យដំឡូងមីកម្ពុជា ប្រកបដោយនិរន្តរភាព។ MOU នេះ មានខ្លឹមសារពង្រឹងសមត្ថភាពផ្គត់ផ្គង់ និងកិច្ចសហប្រតិបត្តិការរបស់កសិករ។
នៅថ្ងៃទី២៣ខែសីហានេះ ក្រុមហ៊ុន Green Leader និង UNDP ដដែលបានចុះកិច្ចព្រមព្រៀងលើមូលនិធិរួមគ្នាក្នុងទឹកប្រាក់ ៨០ម៉ឺនដុល្លារ លើគម្រោងពន្លឿនការអភិវឌ្ឍទីផ្សារដំឡូងមីនៅកម្ពុជា។ គម្រោងនេះនឹងត្រូវអនុវត្តពីខែសីហាឆ្នាំនេះ ដល់ឆ្នាំ២០២១។ UNDP នឹងដឹកនាំបង្កើតគំរូកសិកម្មតាមកិច្ចសន្យាសម្រាប់កសិករដាំដំឡូងមី ដែលនឹងសហការជាមួយក្រុមហ៊ុន Green Leader ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ ដែលចូលរួមជាអធិបតីក្នុងពិធីចុះកិច្ចព្រមព្រៀងខាងលើនេះ បានថ្លែងដូច្នេះថា«គម្រោងថ្មីនឹងផ្ដល់គោលការណ៍ណែនាំជាយុទ្ធសាស្ត្រសម្រាប់ជំរុញវិស័យដំឡូងមី ដោយបង្កើតឲ្យមានឱកាសថ្មីៗ សម្រាប់អ្នកពាក់ព័ន្ធ ដើម្បីទាញយកប្រយោជន៍ផ្សេងៗ សំដៅពង្រឹងជីវភាពកសិករ»។
លោក Michael Tse អគ្គនាយកក្រុមហ៊ុន Green Leader បានបញ្ជាក់ពីមូលហេតុនៃការសម្រេចចិត្តវិនិយោគនៅកម្ពុជា យ៉ាងដូច្នេះថា៖«កម្ពុជាមានផ្ទៃដីដាំដំឡូងមីប្រមាណជាង ៦០ម៉ឺនហិកតា និងផ្ដល់ផល ១៤លានតោនក្នុងមួយឆ្នាំ។ នេះជាចំនួនដ៏ច្រើន ប៉ុន្តែមានរោងចក្រកែច្នៃប្រមាណតែ ៧ ហើយក្នុងនោះខ្លះបិទដំណើរការ ខ្លះទៀតជារោងចក្រខ្នាតតូចប៉ុណ្ណោះ ដែលនេះជាភាពមិនស្របគ្នា។
លោកបន្ថែមថា៖«យើងឃើញឱកាសនេះ ទើបយើងមកកម្ពុជា ហើយឃើញពីរបៀបជួយកសិករក្នុងដំណើរការដាំដុះដំឡូងមី ហើយពួកគាត់អាចផ្គត់ផ្គង់ឲ្យក្រុមហ៊ុនក្នុងស្រុក ដែលនៅជិត ដោយមិនបាច់នាំចេញទៅប្រទេសជិតខាង»។
លោក Michael Tse ឲ្យដឹងទៀតថា៖«រោងចក្រនៅខេត្តក្រចេះ នឹងកែច្នៃម្សៅដំឡូងមីប្រមាណ ៦០ម៉ឺនតោន ហើយពេលរោងចក្រនេះដំណើការល្អ យើងនឹងបង្កើតរោងចក្រជាច្រើនកន្លែងបន្ថែមទៀត»៕