ជាតិ
លោក សៅ សុខា បែងចែកភារកិច្ចដល់មេបញ្ជាការរងកងរាជអាវុធហត្ថទាំង១៦រូបខ្លួន
× លោក នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបែងចែងការងារទទួលខុសត្រូវ ទៅមេបញ្ជាការរង ដែលជាឧត្តមសេនីយ៍ឯក១៥រូប និងឧត្តមសេនីយ៍ទោ១រូប ក្នុងការជួយមេបញ្ជាលើការងារតាមផែន និងជំនាញនីមួយៗ។
យោងតាមសេចក្ដីសម្រេចមួយដែលចុះហត្ថលេខាដោយលោក សៅ សុខា ផ្ទាល់ កាលពីថ្ងៃទី១៣ ខែកញ្ញា កន្លងមក លោក ហុង វិណុល ទទួលបន្ទុក ផែនការងារ ស្រាវជ្រាវព័ត៌មាន និងសន្តិសុខ។ លោក ម៉ន សាម៉ុន ទទួលផែនការងារ ប្រតិបត្តិការ, លោក អន សុខន ផ្នែកនគរបាលយុត្តិធម៌ លោកប្រាក់ សិទ្ធិ ផ្នែកទំនាក់ទំនងកិច្ចការសាធារណៈ និងលោក ភួង ស៊ីតិន ផ្នែកអប់រំ-បណ្ដុះបណ្ដាល និងហ្វឹកហ្វឺន។
មេបញ្ជាការរងផ្សេងទៀត ត្រូវជួយលោក សៅ សុខា លើកការងារជំនាញនានា ដែលក្នុងនោះ ការងារជំនាញកសាងកម្លាំង ជាបន្ទុករបស់លោក ស៊ិន សុផាន្នី, ប្រយុទ្ធប្រឆាំងគ្រឿងញៀន រ៉ាប់រងដោយ លោក ជា សារិន ខណៈ លោក សេង សុង ទទួលខាង ភ័ស្ដុភារ, លោក តេង ឈួន កាន់ការងារវិស្វកម្ម លោក ទៀង ប៊ុនខេង ខាងសម្ភារបច្ចេកទេស លោក ស៊ុន ប៊ុនសក្កិ កាន់ការងារជំនាញអភិវឌ្ឍន៍។
បញ្ជូនសារ-បំភ័ន្តអក្ខរៈ និងការពារឥស្សជនជាន់ខ្ពស់ ស្ថិតក្រោមបន្ទុករបស់លោក ទន្ន សុខា, សណ្ដាប់ធ្នាប់ និងការពារឥស្សរជន ជាការងាររបស់លោក វៀត ថា ចំណែកផ្នែកជំនួយមនុស្សធម៌ និងសង្គ្រោះមហន្តរាយ ដឹកនាំដោយ លោក ប៉ោ វណ្ណះ លោក រ័ត្ន ស្រ៊ាង ជាអគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជាធានីភ្នំពេញ, រីឯ លោកស្រីឧត្តមសេនីយ៍ទោ ហ៊ាង ឆវី ទទួលការងារផ្នែកប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងការងារយ៉េនឌ័រ។
នៅក្នុងសេចក្ដីសម្រេច របស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា បានបន្ថែមថា ក្រៅពីបែងចែកភារកិច្ចដូចខាងលើ មេបញ្ជាការរងទាំង១៦រូប ក៏ត្រូវទទួលខុសត្រូវបំពេញការងារមួយចំនួនទៀតតាមការប្រគល់ភារកិច្ចជាក់ស្ដែង របស់មេបញ្ជា កងរាជអាវុធហត្ថលើផ្ទៃប្រទេស៕
ប្រភពរូបថតទាំងអស់៖ ហ្វេសប៊ុក លោក អេង ហ៊ី
Tag:
សៅ សុខា
បែងចែកការងារ
© រក្សាសិទ្ធិដោយ thmeythmey.com