កីឡាជាតិ
ជាតិ
លោក​ប្រាក់ សុវណ្ណារ៉ា មានឱកាស​រៀនសូត្រ​ដោយផ្ទាល់​ពី​គ្រូបង្វឹក​លំដាប់​ពិភពលោក​
24, Sep 2018 , 6:11 pm        
រូបភាព
​លោក ប្រាក់ សុវណ្ណារ៉ា​អតីត​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា និង​លោក Ohara Kazunori នាយក​បច្ចេកទេស​រប​ស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ស្ថិតនៅក្នុង​ទីក្រុង​ឡុង​ដ៍ ចក្រភព​អង់គ្លេស ដើម្បី​ចូលរួម​ក្នុង​សន្និសីទ​បាល់ទាត់​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA Football Conference) ដែល​វិភាគ​ទៅលើ​ស្ថិតិ​នានា​ជុំវិញ​ព្រឹត្តិការណ៍ World Cup កន្លងមក​។  ជាមួយគ្នានេះ តំណាង​សហព័ន្ធ​កម្ពុជា ក៏​ចូលរួម​ការប្រកាស​ជ័យលាភី Best Fifa Football ន​រាត្រី​នេះ​ផងដែរ​។​

 
​គ្រូបង្វឹក និង​នាយក​បច្ចេកទេស​មកពី​សមាគម​សមាជិក​ជុំវិញ​ពិភពលោក​ជិត ២០០​នាក់ និង​សហព័ន្ធ​កីឡាបាល់ទាត់​ចំនួន ៦​ទ្វីប​ផ្សេងគ្នា បាន​ទៅ​ចូលរួម​សន្និសីទ​កីឡាបាល់ទាត់​របស់ FIFA ដែល​និ​យា​អំពី​ការរៀបចំ​ក្រុម និង​ការវិភាគ​ទាក់ទង​នឹង​បច្ចេកទេស​របស់​ក្រុម​ដែល​លេង​នៅ World Cup នៅ​រុស្ស៊ី​ហើយ​ជាពិសេស​គឺ​ផ្តោត​លើក​ក្រុម​ចំនួន​៤​ចុងក្រោយ​ដែល​បាន​ឈានទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។​
 

​ព្រឹត្តិការណ៍​នេះ ដឹកនាំ​ដោយ​លោក Gianni Infantino ប្រធាន FIFA ដោយមាន វីរនារី Alex Scott និង​វីរបុរស Clarence Seedorf ជា​អ្នកសម្របសម្រួល​។ កម្មវិធី​នោះ មានការ​បង្ហាញ​លទ្ធផល​វិភាគ​របស់ ក្រុមការងារ​បច្ចេកទេស​របស់ FIFA លើ​ស្ថិតិ​សំខាន់ៗ​ជុំវិញ​ការប្រកួត​កីឡាបាល់ទាត់​ពិភពលោក​ឆ្នាំ​២០១៨​កន្លងមក​។ 
 
​លោក ប្រាក់ សុវណ្ណារ៉ា អតីត​គ្រូបង្វឹក​ជម្រើសជាតិ​កម្ពុ​ជា ប្រាប់​សារព័ត៌មាន ThmeyThmey ថា​៖ « យើង​បាន​រៀន​ច្រើន​ពីអ្វី​ដែល​ថ្មី​ពី​ការវិវត្តន៍​ផ្នែក​បច្ចេកទេស កលល្បិច​ផ្នែក​ចិត្តសាស្ត្រ និង​ភាពជា​អ្នកដឹកនាំ​ជាដើម​»​។ អ្វីដែល​ពិសេស​ពី​ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០១៨ លោក សុវណ្ណារ៉ា​បាន​បន្ថែមថា FIFA បាន​ណែនាំ​អំពី​ប្រយោជន៍​នៃ​ការប្រើប្រាស់​វី​ដូ​អូ​ជំនួយការ​អាជ្ញាកណ្តាល (Video assistant referee) ដែលមាន​ការចាប់អារម្មណ៍​ច្រើន​ពី​សំណាក់​អ្នកចូលរួម​ក្នុង​សន្និសីទ​នោះ​។​
 

​នៅ​ទីនោះ លោក​ប្រាក់ សុវណ្ណារ៉ា បាន​ជួប​គ្រូបង្វឹក​លំដាប់​ពិភពលោក​ជាច្រើន ដូចជា លោក Didier Deschamps ដែល​ទើប​នាំ​បារាំង​ឈ្នះ​ពាន FIFA World Cup លោក Luis Enrique, លោក Roberto Martinez លោក Gareth Southgate និង​លោក Joachim Low ជាដើម​។​
 
​សម្រាប់​នៅ​រាត្រី​ថ្ងៃទី​២៤ ខែកញ្ញា លោក​ប្រាក់ សុវណ្ណារ៉ា​ចូលរួម ក្នុងការ​ប្រកាស​ជ័យលាភី​ពានរង្វាន់​កីឡាករ​ឆ្នើម​បំផុត​ប្រចាំឆ្នាំ​២០១៨ (Best Fifa Football Awards 2018) នៅ​ក្រុង​ឡុង​ដ៍​នោះដែរ​៕

Tag:
 បាល់ទាត់​
  ប្រាក់ សុវណ្ណារ៉ា​
  FIFA Football Conference
  FIFA World Cup
© រក្សាសិទ្ធិដោយ thmeythmey.com