ជាតិ
​​​ន​យោ​បាយ​ជាតិ​
ប្រមុខ​រដ្ឋស្តីទីតែងតាំង​ទីប្រឹក្សា​រដ្ឋាភិបាល​​២០៧​នាក់ ក្នុងនោះ​បរទេស​១០​នាក់​
26, Sep 2018 , 3:47 pm        
រូបភាព
ដោយ: រួបរួម
ប្រមុខរដ្ឋស្តីទី​សម្តេច សាយ ឈុំ បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​២២ ខែកញ្ញា លើ​ព្រះរាជក្រឹត្យ​តែងតាំង​ទីប្រឹក្សា​រាជរដ្ឋាភិបាល​ចំនួន​២០៧​នាក់​សម្រាប់​អាណត្តិ​ទី​៦​នេះ​។ ក្នុងចំណោម​ទីប្រឹក្សា​ទាំង​២០៧​រូប មាន​៣​រូប​ឋានៈ​ស្មើ​ឧបនាយករដ្ឋមន្ត្រី ១៣​រូប​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី ៦៣​រូប​ឋានៈ​ស្មើ​រដ្ឋមន្ត្រី ៤៥​រូប​ឋានៈ​ស្មើ​រដ្ឋលេខាធិការ និង​៨៣​រូប​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​។ ជាមួយគ្នានេះ ក៏មាន​ឥស្សរជន​ជា​ជនជាតិ​បរទេស​១០​រូប​ផងដែរ​។​

 
​ចំនួន​ទីប្រឹក្សា​រដ្ឋាភិបាល កើនឡើង​ចំនួន​១៦០​នាក់ បើ​ប្រៀបធៀប​ទៅនឹង​ការតែងតាំង​ដំបូង​កាលពី​អណ​ត្តិ​ទី​៥ នា​ឆ្នាំ​២០១៣ ដែលមាន​ចំនួន​តែ​៤៧​នាក់​ប៉ុណ្ណោះ​។ សម្រាប់​អណ​ត្តិ​នេះ លោក ឯក សំអុល មាន​ឋានៈ​ស្មើ​ឧបនាយករដ្ឋមន្ត្រី ដូច​លោក ហេង វង្សប៊ុនឆាត និង​លោក ណា​ឌី តាន់​។​
 
​លោក ទា ចំ​រ៉ាត់ ស្ថិតក្នុង​ទីប្រឹក្សា​១៣​រូប ដែលមាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី រីឯ​ឥស្សរជន​ផ្សេងទៀត​រួមមាន លោក ង៉ែត បូរី លោក ប៉ែន ថុល លោក ព្រហ្ម ញាណ​វិចិត្រ លោក ថោ ប៉េង​លាត លោក ប៊ុន អ៊ុយ លោកស្រី លី វួ​ច​ឡេង លោក ស៊ន សំណាង លោក សុក ស៊ីផាន់ណា លោក ព្រំ ម៉​ល់ លោក សេង លឹមនៅ លោក ប៊ុន សម និង​លោក រស់ សម័យ​។​
 





ក្នុងចំណោម​ទីប្រឹក្សា​៦៣​រូប ដែលមាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី មាន​ស្ត្រី​ចំនួន​៥​រូប ហើយ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ទីប្រឹក្សា​ជា​ជនបរទេស​មាន​ចំនួន​១០​រូប​។ ទីប្រឹក្សា​បរទេស​ទាំងនោះ មានដូចជា លោក ហា​រុ​ហ៊ី​សា ហាន់​ដា ( Haruhisa Handa-​ជប៉ុន​), លោក អាស៊ី​ឌី​ន បេ​ឆា​អ៊ូជ (Azedine Beschaouch-​ទុយ​នី​ស៊ី​) លោក ក្លូត ហ្គួ​រ (Claude Gour-​បារាំង​) លោក ប្រេត​តុ​ន ស្កា​រូ​ន្នី (Bretton Sciaroni-​អាមេរិក​) លោក រ៉ា​អ៊ូ​ល ម៉ាក ជេ​ណា (Raoul Marc Jennar-​បែលហ្ស៊ិក​) លោក អា​ឡាំង បេ​នី​ស៊ី (Alain Benicy) លោកស្រី ហេ​ឡិន ចាវីស (Helen Jarvis-​អូស្ត្រាលី​) លោក ចេ​ន លី​ប​គង់ (Chen Lip Keong-​ម៉ាឡេស៊ី​) លោក តេ​រូ​អូ ជីន​ណៃ (Teruo Junnai)​។​
 



លោក ច​ន ជី រាយ​ស៍ (John G Rice-​អាមេរិក​) និង លោក យ៉ាម៉ាដា យ៉ូ​ស៊ី​តា​កា (Yamada Yoshitaka-​ជប៉ុន​) ស្ថិត​ក្នុងចំណោម​ទីប្រឹក្សា​៤៥​រូប​ដែលមាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ ប៉ុន្តែ​ពួកលោក​មិន​ទទួល​ប្រាក់បៀវត្ស​ឡើយ ពោលគឺ​ដូចជា​លោក Haruhisa Handa និង លោក Azedine Beschaouch​។​
 





​រីឯ​ទីប្រឹក្សា​ដែលមាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​ចំនួន​៨៣​រូប ភាគច្រើន​ជា​មន្ត្រីជាន់ខ្ពស់​ដែល​ធ្លាប់​បម្រើការ​នៅតាម​ស្ថាប័ន​ក្រសួង និង​ថ្នាក់​ខេត្ត​នានា​៕






Tag:
 នីតិកាលទី៦
© រក្សាសិទ្ធិដោយ thmeythmey.com