ជាតិ
សង្គមជាតិ
៩​ខែ ក្រសួងការពារជាតិ​បង្ក្រាប​បទល្មើស​បាន​ជាង​៤​ពាន់​លើក នៅតាម​ព្រំដែន​
02, Oct 2018 , 5:50 pm        
រូបភាព
សម្តេច ទៀ បាញ់ ដឹកនាំកិច្ចប្រជុំ ស្តីពីការបូកសរុបការងាររបស់ក្រសួងការពារជាតិ។ រូបពីទំព័រហ្វេសបុកលោក ឈុំ សុជាត
សម្តេច ទៀ បាញ់ ដឹកនាំកិច្ចប្រជុំ ស្តីពីការបូកសរុបការងាររបស់ក្រសួងការពារជាតិ។ រូបពីទំព័រហ្វេសបុកលោក ឈុំ សុជាត
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ គិតពី​ខែមករា ដល់​ខែតុលា ឆ្នាំ​២០១៨ កងយោធពល​ខេមរភូមិន្ទ​នៃ​ក្រសួងការពារជាតិ បាន​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​៤,២៣៣​លើក នៅតាម​បណ្តោយ​ព្រំដែន ដោយ​ក្នុងនោះ នៅតាម​ព្រំដែន​កម្ពុជា​-​ថៃ មាន​២,០៥៤​លើក នៅតាម​ព្រំដែន​កម្ពុជា​-​វៀតណាម មាន​១,០០៨​លើក និង​ព្រំដែន​កម្ពុជា​-​ឡាវ មាន​១,១៧១​លើក​។ នេះ​បើតាម​លោក ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​។

 
​លោក ឈុំ សុជាតិ បានផ្តល់​ព័ត៌មាន​នេះ នៅក្រោយ​បញ្ចប់​កិច្ចប្រជុំ នៅ​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៨ ស្តីពី​ការ​បូកសរុប​លទ្ធផល​ការងារ​របស់​ក្រសួងការពារជាតិ​។ លោក បាន​សរសេរ​សារ​លើ​ទំព័រ​ហ្វេ​សបុ​កថា រយៈពេល​៩​ខែ​នេះ កងយោធពល​ខេមរភូមិន្ទ ក៏បាន​សហការ​ជាមួយ​ក្រុមហ៊ុន​រុករក​អដ្ឋិធាតុ​វៀតណាម ដោយ​រុក​រកឃើញ​អដ្ឋិធាតុ​ទាហាន​វៀតណាម​ចំនួន​៥៦៦​ធាតុ​ផងដែរ​។ 
 
​អ្នកនាំពាក្យ​រូបនេះ បាន​បន្តថា កងយោធពល​ខេមរភូមិន្ទ បាន​យកចិត្តទុកដាក់​អនុវត្ត​ភារកិច្ច​របស់ខ្លួន តាម​កម្មវិធី​នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣​និង​ទី​៤ របស់​រដ្ឋាភិបាល ដោយ​សម្រេចបាន​នូវ​សមិទ្ធិផល​ការងារ​ធំៗ​ជា​បន្តបន្ទាប់​។ លោក បញ្ជាក់​បែបនេះ​ថា​៖«​ក្នុងការ​អនុវត្ត​ភារកិច្ច​ការពារ​ប្រជាធិបតេយ្យ បូរណភាព​ទឹកដី កងយោធពល​ខេមរភូមិន្ទ បាន​ពង្រឹង​ការពារជាតិ​លើ​គ្រប់​វិស័យ​នៅតាម​តំបន់​ព្រំដែន ធ្វើ​ល្បាត​ជាប្រចាំ ដើម្បី​ត្រួតពិនិត្យ គ្រប់គ្រង​សភាពការណ៍ និង​ភូមិសាស្ត្រ​ទទួលខុសត្រូវ ទៅ​ចូលរួម​ទប់ស្កាត់​បទល្មើស​ផ្សេងៗ និង​សកម្មភាព​ឆ្លងដែន​ខុសច្បាប់​....»៕  
 

Tag:
 ឈុំ សុជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com