អន្តរជាតិ
មហាធៀ ប្រាប់ប្រជាជនម៉ាឡេស៊ីឲ្យប្រឹងធ្វើការដើម្បីក្លាយជា«ខ្លាអាស៊ី»ម្ដងទៀត
× នាយករដ្ឋមន្ត្រីម៉ាឡេស៊ី មហាធៀ មហាម៉ាត់ នៅថ្ងៃទី២ ខែតុលា បានប្រាប់ឲ្យប្រជាជនម៉ាឡេស៊ីប្រឹងប្រែងធ្វើការ ដើម្បីទទួលអ្នកវិនិយោគបរទេសដែលរដ្ឋាភិបាលរបស់លោកប្រឹងគៀងគរ។ ក្នុងវ័យ៩៣ឆ្នាំ លោក មហាធៀ ដែលទើបបញ្ចប់ដំណើរទស្សនកិច្ចនៅបរទេសនោះ ចង់ឃើញម៉ាឡេស៊ីអភិវឌ្ឍឡើងវិញដើម្បីក្លាយជាខ្លាអាស៊ីម្ដងទៀត។
ប្រមុខរដ្ឋាភិបាលម៉ាឡេស៊ី មហាធៀ មហាម៉ាត់ ទើបបញ្ចប់ទស្សនកិច្ចការងារនៅអាមេរិក និងអង់គ្លេសដើម្បីចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់មហាសន្និបាតអង្គការសហប្រជាជាតិ និងទាក់ទាញការបណ្ដាក់ទុនបរទេសទៅកាន់ម៉ាឡេស៊ី។ ក្រៅពីចូលរួមកិច្ចប្រជុំ លោក មហាធៀ ក៏ឆ្លៀតជជែកជាមួយអ្នកជំនួញធំៗទាំងនៅអាមេរិក និងអង់គ្លេស ដើម្បីពន្យល់ពីគោលនយោយថ្មីរបស់រដ្ឋាភិបាលម៉ាឡេស៊ីរបស់លោកផ្ទាល់។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅមូលដ្ឋានទ័ពអាកាសនៅឯ Subang លោក មហាធៀ បានប្រាប់ឲ្យប្រជាជនម៉ាឡេស៊ីត្រៀមខ្លួនធ្វើការជាមួយវិនិយោគិនបរទេសដើម្បីបង្ហាញពួកគេថា ម៉ាឡេស៊ីកំពុងងើបឡើងវិញ និងស្ថិតលើផ្លូវទៅកាន់តំណែងខ្លាអាស៊ីម្ដងទៀត។ បើតាមសារព័ត៌មាន The Malaysia Insights នាយករដ្ឋមន្ត្រីរូបនេះបានអង្វរប្រជាជនម៉ាឡេស៊ីឲ្យរៀបចំខ្លួនស្រេចបាច់ និងមិនត្រូវធ្វើឲ្យអ្នកមកជួយប្រទេស ខកចិត្តឡើយ។
«យើងនឹងព្យាយាមធ្វើការ ហើយផលិតផលិតផលមានគុណភាព។ ត្រូវបង្ហាញពិភពលោកឲ្យបានឃើញថា យើងងើបវិញហើយ ហើយយើងនឹងអភិវឌ្ឍប្រទេសទៅជាខ្លាអាស៊ីឡើងវិញ»។ នេះជាការលើកឡើងរបស់លោក មហាធៀ នាយករដ្ឋមន្ត្រីទី៧ របស់ម៉ាឡេស៊ី ដែលបានផ្ដួលបក្សកាន់អំណាច Barisan Nasional ក្នុងការបោះឆ្នោតនាខែឧសភាកន្លងមកទៅ។
នាជំនួបជាមួយអ្នកជំនួញបរទេសនានា ប្រមុខរដ្ឋាភិបាលវ័យចំណាស់ជាងគេលើពិភពលោករូបនេះអះអាងថា វិនិយោគិនជាច្រើនសរសើរនយោបាយរដ្ឋាភិបាល ហើយសន្យាបោះទុនរកស៊ីនៅម៉ាឡេស៊ីផង។ យ៉ាងណាមិញ អ្នកជំនួញទាំងនោះចង់ធ្វើការជាមួយមន្ត្រី ឬវិស្វករ ឬបុគ្គលិកមានជំនាញដែលបានហ្វឹកហាត់ត្រឹមត្រូវដើម្បីធានាថា ក្រុមហ៊ុនរបស់ពួកគេអាចផលិតបានផលិតផលដែលមានគុណភាពខ្ពស់។ លោក មហាធៀ ក៏បញ្ជាក់ពីនយោបាយប្រឆាំងអំពើពុករលួយផងដែរ។
លោក មហាធៀ ធ្លាប់ធ្វើនាយករដ្ឋមន្ត្រីម៉ាឡេស៊ីអស់ពេល២២ឆ្នាំម្ដងហើយចាប់ឆ្នាំ១៩៨១ ដល់ឆ្នាំ២០០៣ នោះ ដែលពេលនោះម៉ាឡេស៊ីស្គាល់ការរីកចម្រើនយ៉ាងខ្លាំង និងជាប់ឈ្មោះជាខ្លាសេដ្ឋកិច្ចនៅអាស៊ីទៀត។ លោកត្រឡប់ចូលឆាកនយោបាយឡើងវិញ បន្ទាប់ពីមើលឃើញបញ្ហាចាក់ស្រែះក្នុងប្រទេសក្រោមការដឹកនាំរបស់លោក ណាជីប រ៉ាហ្សាក់ ដែលសព្វថ្ងៃកំពុងជាប់បណ្ដឹងពុករលួយលើករណីកេងប្រវ័ញ្ចលុយរដ្ឋរាប់ពាន់លានដុល្លារ៕
Tag:
ម៉ាឡេស៊ី
មហាធៀ មហាម៉ាត់
© រក្សាសិទ្ធិដោយ thmeythmey.com