ជាតិ
នយោបាយជាតិ
ប្រមុខរដ្ឋាភិបាល នឹងទៅប្រជុំនៅជប៉ុន ដែលផ្តោតលើការអភិវឌ្ឍប្រទេសជាប់ទន្លេមេគង្គ រូបថតពី AKP៖ ជំនួបរវាងសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក អាបេ នាយករដ្ឋមន្រ្តីជប៉ុន ក្នុងកិច្ចប្រជុំអាស៊ីអឺរ៉ុប កាលពីខែកក្កដា២០១៦ នៅប្រទេសម៉ុងហ្គោលី
× ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០ នៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨។ នេះបើតាមសេចក្តីប្រកាសព័ត៌មានពីក្រសួងការបរទេសកម្ពុជា។
អ្នក ដែលត្រូវធ្វើដំណើរទៅជាមួយប្រមុខរដ្ឋាភិបាល រួមមាន លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងឥស្សរជនផ្សេងទៀត រួមទាំងថ្នាក់ដឹកនាំនៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ។ សេចក្តីប្រកាសព័ត៌មាន បញ្ជាក់បែបនេះថា៖«សម្តេច ហ៊ុន សែន នឹងថ្លែងសុន្ទរកថាមួយ ដោយផ្តោតសំខាន់លើទិសដៅនាពេលអនាគត នៃកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន»។
បើតាមក្រសួងការបរទេសដដែល កិច្ចប្រជុំនេះ នឹងពិភាក្សា ហើយអនុម័តយុទ្ធសាស្ត្រទីក្រុងតូក្យូថ្មី សំដៅលើកកម្ពស់សុខមាលភាពប្រជាជន និងការការពារបរិស្ថាន។ ប្រភពខាងលើ បានបន្តថា យុទ្ធសាស្ត្រនេះ ផ្តោតសំខាន់លើការអភិវឌ្ឍប្រកបដោយចីរភាព និងការកាត់បន្ថយគម្លាតនៃការអភិវឌ្ឍរវាងប្រទេសមេគង្គ និងប្រទេសសមាជិកអាស៊ានផ្សេងទៀត។
ក្រៅពីកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រីកម្ពុជា ក៏មានជំនួបដាច់ដោយឡែកជាមួយលោក ស៊ីនហ្សូ អាបេ នាយករដ្ឋមន្ត្រីជប៉ុនផងដែរ ជុំវិញបញ្ហាផ្សេងៗ ដែលជាការយកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការទ្វេភាគី ទាំងក្នុងតំបន់និងថ្នាក់អន្តរជាតិ។
លើសពីនេះ មេដឹកនាំកម្ពុជា នឹងឆ្លៀតជួបសំណេះសំណាលជាមួយសហគមន៍និងសិស្សិតកម្ពុជា ដែលកំពុងរស់នៅនិងសិក្សានៅប្រទេសជប៉ុនផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com