ជាតិ
អន្តរជាតិ
អ្នកជំនាញ​៖ ជប៉ុន​ផ្តោត​សំខាន់​លើ​«​បរិស្ថាន​»​នៅ​តំបន់​មេគង្គ ជា​យុទ្ធសាស្ត្រ​ទប់​កម្លាំង​ជាមួយ​ចិន
08, Oct 2018 , 8:58 am        
រូបភាព
​ភ្នំពេញ​៖ យុទ្ធសាស្ត្រ​កិច្ចសហប្រតិបត្តិការ​ថ្មី​មេគង្គ​-​ជប៉ុន​ដែល​ផ្តោតលើ​សសរស្តម្ភ​ធំ​បី​៖ ការផ្សាភ្ជាប់​, ប្រជា​ជា​ជន និង​បរិស្ថាន នឹងត្រូវ​អនុម័ត​ដោយ​ប្រមុខ​រដ្ឋាភិបាល​ប្រទេស​មេគង្គ និង​ជប៉ុន​នា​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន​លើក​ទី ១០ ដែល​ចាប់ផ្តើម​ពីថ្ងៃ ដល់ ៨ ដល់​ថ្ងៃទី ១០ ខែតុលា​។ អ្នកជំនាញ​យល់ឃើញថា ការបង្កើន​ការយកចិត្តទុកដាក់​លើ​«​បញ្ហា​បរិស្ថាន​» បង្ហាញ​ឲ្យ​ឃើញ​កាន់តែច្បាស់​ថា ជប៉ុន​កំពុង​ពង្រឹង​យុទ្ធសាស្ត្រ​របស់ខ្លួន​ដើម្បី​ទប់​ឥទ្ធិពល​ចិន​ក្នុង​តំបន់​មេគង្គ ព្រោះ​គំនិត​ផ្តួចផ្តើម​ចិន​មិនសូវ​ខ្វល់​ពី​បញ្ហា​បរិស្ថាន​ឡើយ​។


​មេដឹកនាំ​មេគង្គ​កម្ពុជា​, វៀតណាម​, ឡាវ​, ថៃ និង​មី​យ៉ាន់​ម៉ា បូក​ជាមួយ​ជប៉ុន នឹង​សម្រេច​អនុម័ត​យក​យុទ្ធសាស្ត្រ​ថ្មី​មួយ​ដើម្បី​ពង្រឹង​ទំនាក់ទំនង ជំរុញ​ការអភិវឌ្ឍ​និង​ធានា​សន្តិភាព ក្រោម​ក្របខណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ជប៉ុន​។ យុទ្ធសាស្ត្រ​ថ្មី​នេះ​មាន​ឈ្មោះថា «​យុទ្ធសាស្ត្រ​ក្រុង​តូ​ក្យូ​ឆ្នាំ ២០១៨ សម្រាប់​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ជប៉ុន​»​។ 
 
​យុទ្ធសាស្ត្រ​ថ្មី​នេះ​ផ្អែក​សំខាន់​លើស​រសរ​ស្តម្ភ​ធំ​ចំនួន​បី​ក្នុងនោះ​មានដូចជា ការតភ្ជាប់​, មនុស្ស និង​បរិស្ថាន ដែល​វា​មាន​តួនាទី​ស្នូល​ក្នុង​ការធានា​វឌ្ឍនភាព និង​ការ​ស្ថិរភាព​តំបន់ និង​ពិភពលោក​ទាំងមូល​ផងដែរ​។  
 
​លោក ប៉ូ សូ​វីន​ដា អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​នៅ​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​កិច្ចសហប្រតិបត្តិការ​និង​សន្តិភាព (CICP) យល់ឃើញថា យុទ្ធសាស្ត្រ​ថ្មី​ដែល​នឹងត្រូវ​អនុម័ត​ក្រោម​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​មេគង្គ​ជប៉ុន​ជាគោលការណ៍​ស្នូល​ដែល​នឹង​នាំមក​នូវ​ទំនាក់ទំនង​ថ្មី​មួយកម្រិត​ទៀត​រវាង​ជប៉ុន និង​ប្រទេស​មេគង្គ​។ 
 
​លោក​បញ្ជាក់ថា ការជំរុញ​ការផ្សាភ្ជាប់​តាម​ហេដ្ឋារចនាសម្ព័ន្ធ និង​ការផ្សាភ្ជាប់​រវាង​ប្រជាពលរដ្ឋ (people to people exchanges) នោះ​ជា​គោលនយោបាយ​ស្នូល​របស់​ជប៉ុន​តាំងពី​យូរអង្វែង​មកហើយ​។ ប៉ុន្តែ​លោក សូ​វីន​ដា សង្កត់ធ្ងន់ថា សរសរ​ស្តម្ភ​ទី​បី​ក្នុង​យន្តការ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ជប៉ុន​ដែល​ផ្តល់​តម្លៃ​លើ​ការការពារ​ថែរក្សា​បរិស្ថាន​តំបន់​ជា​រឿង​ថ្មី​មួយ ព្រោះ​ក្នុងន័យ​ភូមិសាស្ត្រ​នយោបាយ វា​ជា​យុទ្ធសាស្ត្រ​របស់​ជប៉ុន​ក្នុងការ​ប្រជែង និង​ទប់​កម្លាំង​ជាមួយ​យន្តការ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​ដែល​ដឹកនាំ​ដោយ​ចិន​។​
 
​អ្នកជំនាញ​រូបនេះ​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ​៖ «​ចំណុច​ទី​បី​ជា​កត្តា​មួយ បើ​និយាយ​ក្នុងន័យ​ភូមិសាស្ត្រ​នយោបាយ​គឺ ជប៉ុន​ចង់​ទប់​កម្លាំង​នឹង​គម្រោង​របស់​ចិន​ព្រោះ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​របស់​ចិន ដែល​មិនសូវ​ផ្តោតលើ​បញ្ហា​បរិស្ថាន​ឡើយ​។ ឧទាហរណ៍​ជាក់ស្តែង ចិន​បន្ត​សាងសង់​ទប់​វា​រី​អគ្គិសនី​នៅ​ផ្នែក​ខាងលើ​ដង​ទន្លេមេគង្គ​»​។​
 
​លើសពី​ជំរុញ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត បច្ចុប្បន្ន​រដ្ឋាភិបាល​ជ​ប៉ុន​កំពុង​ផ្តោត​ការយកចិត្តទុកដាក់​លើ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​មេគង្គ ក្នុងការ​ដោះស្រាយ​បញ្ហា​បរិស្ថាន​ដូចជា​ការប្រែប្រួល​អាកាសធាតុ​ក្នុង​តំបន់ និង​ឈានទៅ​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុងការ​គ្រប់គ្រង​ធនធានទឹក និង​កាត់បន្ថយ​គ្រោះថ្នាក់​ដែល​បង្ក​ពី​គ្រោះ​មហា​ន្ត​រាយ​ផងដែរ​។ ជប៉ុន​ចង់​ជួយ​ឲ្យ​មានការ​កែប្រែ​តំបន់​មេគង្គ​ទៅជា​តំបន់​បៃតង​នៅពេល​ខាងមុខ​។​
 
​តាំងពី​យូរ​មកហើយ ជំនួយ​របស់​ជប៉ុន​ផ្តោត​សំខាន់​លើ​តែ​រឿង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​មុខ​ប៉ុណ្ណោះ​ដែល​វា​ធ្វើ​ឲ្យ​ការប្រកួតប្រជែង​ឥទ្ធិពល​របស់ខ្លួន​ចាញ់​ប្រៀប​មហាអំណាច​ផ្សេងទៀត​ដូចជា​ចិន​ដែលមាន​ហិរញ្ញវត្ថុ​ច្រើន​។ ជាក់ស្តែង គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ​វិថី​មួយ​របស់​ចិន ហើយ​ហិរញ្ញវត្ថុ​ទំហំ​ប្រហែល ១​ទ្រី​លាន​ត្រូវ​ប្រើប្រាស់​សម្រាប់​ផ្គត់ផ្គង់​គម្រោង​នេះ​។​
 
​យ៉ាងណាក៏ដោយ ក្រោម​អាណត្តិ​ដឹកនាំ​របស់លោក ស៊ីន​ហ្សូ អា​បេ យុទ្ធសាស្ត្រ​ថ្មី​ត្រូវបាន​ដាក់ចេញ​។ យុទ្ធសាស្ត្រ​ថ្មី​របស់​ជប៉ុន​នេះ​គឺ​ស្ថិតក្រោម​គោលនយោបាយ​ការបរទេស​របស់លោក អា​បេ ដែល​ផ្អែកលើ​គោល​គំនិត «​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ដែល​សេរី និង​បើកចំហ​»​។ ចំណែក​ជំនួយ​របស់​ជប៉ុន​ក្នុង​កិច្ចសហប្រតិបត្តិការ​តំបន់​នេះ​ក៏​កាន់តែ​ផ្តោត​សំខាន់​លើ​ការកសាង​ការផ្សាភ្ជាប់​រវាង​ប្រជាជន​និង​ប្រជាជន  និង​ការដោះស្រាយ ក៏ដូចជា​ការពារ​បរិ​ស្ថាន​ផងដែរ​។​
 
​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ជប៉ុន​មាន​ប្រសិទ្ធភាព​ជាង ប៉ុន្តែ​ដើរ​យឺត​ជាង​យន្តការ​មេគង្គ​-​ឡាន​ឆាង​
 តំបន់​មេគង្គ​ដែលមាន​ប្រទេស​សមាជិក​ប្រាំ​មានដូចជា​កម្ពុជា វៀតណាម ឡាវ ថៃ និង​មី​យ៉ាន់​ម៉ា ត្រូវបាន​គេ​ចាត់ទុកថា​ជា​តំបន់​ដែលមាន​ការលូតលាស់រ​ហ័ស​បំផុត​មួយ​ក្នុង​តំបន់​អាស៊ី​។ តំបន់ នេះ​ក៏មាន​ប្រជាជន​ប្រមាណ ៣៥៦​លាន​នាក់  ហើយ​បើតាម​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ផលិតផល​ក្នុងស្រុក​សរុប​នៃ​តំបន់​នេះ​មាន​ទំហំ ៧៥៧ ពាន់​លាន​ដុល្លារ​គិត​ត្រឹម​ឆ្នាំ ២០១៧​។
  
​ដូច្នេះហើយ ទើប​មហាអំណាច​ដូចជា​ជប៉ុន និង​ចិន​បន្ត​ប្រកួតប្រជែង​ឥទ្ធិពល​គ្នា​នៅក្នុង​តំបន់​មេគង្គ​នេះ តាមរយៈ​ការបង្កើត​យន្តការ​សហ​ប្រតិបត្តិការ​រៀងៗ​ខ្លួន​ដើម្បី​ចែរ​ចូ​វប្រ​ទេស​ក្នុង​តំបន់​។​
 
​ដូច​បានបញ្ជាក់​ខាងដើម​ស្រាប់ ជប៉ុន​មាន​យន្តការ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ជប៉ុន ដែល​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ ២០០៩ ដោយមាន​គោលដៅ​សំខាន់​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រជាជន​ជប៉ុន និង​ប្រជាជន​រស់នៅ​តំបន់​មេគង្គ​។ 
 
​កាលពី​ឆ្នាំ ២០១៥ នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ស៊ីន​ហ្សូ អា​បេ បានប្រកាស​ផ្តល់ជំនួយ​អភិវឌ្ឍន៍​ប្រមាណ ៦​ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​បី​ឆ្នាំ​ដល់​ប្រទេស​មេគង្គ ហើយ​ជំនួយ​នេះ​ជួយ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​តំបន់​ដែល​ផ្តោតលើ​ទាំង​បរិមាណ និង​គុណភាព​។​
 
​ការប្រកាស​ផ្តល់ជំនួយ​ពី​សំណាក់​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​នេះ ក៏​កើតឡើង​ក្រោយ​ពេលដែល​ក្រុង​ប៉េកាំង​សម្រេច​បង្កើត​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី (AIIB) ដើម្បី​ប្រជែង​ជាមួយ​ធនាគារ​អភិវឌ្ឍ​អាស៊ី (ADB) របស់​ជប៉ុន​ដែរ​។ ជប៉ុន​ជានិច្ច​ជា​កាល​ក៏​បន្ត​ទិតៀន​ចិន​ដែល​មិនសូវ​ខ្វល់​ពី​បរិស្ថាន​និង​បន្ត​សាង​សង់វា​រី​អគ្គិសនី និង​មិន​យកចិត្តទុកដាក់​លើ​ការដោះស្រាយ​បញ្ហា​គ្រោះមហន្តរាយធម្មជាតិ​ជាដើម​។​
 
​ចំណែក​គម្រោង​របស់​ចិន «​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​»​ឯណោះ​វិញ​ទើបតែ​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ២០១៥ ប៉ុណ្ណោះ​។ គំនិត​ផ្តួចផ្តើម​នេះ​ផ្តោតលើ​សរសរ​ស្តម្ភ​បី​ក្នុងនោះ​មាន​នយោបាយ​-​សន្តិសុខ​, សេដ្ឋកិច្ច និង​ការអភិវឌ្ឍ រួមជាមួយ​សង្គម និង​ទំនាក់ទំនង​ប្រជាជន​ទៅ​ប្រជាជន​។ ក្រោម​យន្តការ​នេះ ក្រុង​ប៉េកាំង​បាន​សន្យា​ផ្តល់​កញ្ចប់​ថវិកា​ប្រមាណ ១០​ពាន់​ដុល្លារ​ឯណោះ​ដល់​ប្រទេស​មេគង្គ​ដើម្បី​អភិវឌ្ឍ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ច្រើនសន្ធឹក​មាន​ទាំង​ការសាងសង់​ទំនប់​វា​រី​អគ្គិសនី​, ផ្លូវ​រថភ្លើង និង​សួន​ឧស្សាហកម្ម​នៅតាម​ដង​ទន្លេមេគង្គ​ដែរ​។ 
 
​យ៉ាងណាក៏ដោយ លោក សូ​វីន​ដា យល់ឃើញថា គំនិត​ផ្តួចផ្តើម​របស់​ចិន​ពិត​ជាមាន​ភាពរហ័សរហួន​ជាង​មែន ប៉ុន្តែ​បើ​និយាយ​ពី​ប្រសិទ្ធភាព គឺ​គម្រោង​របស់​ជប៉ុន​ល្អប្រសើរ​ជាង​។ 
«​បើ​និយាយ​ពី​ភាពរហ័សរហួន គម្រោង​របស់​ចិន​គឺ​រហ័ស​ជាង​។ វា​មិន​គិតពី​តម្លាភាព និង​ត្រូវការ​ការត្រួតពិនិត្យ​ដិតដល់​ខ្លាំង​ឡើយ​។  ប៉ុន្តែ​បើ​ប្រៀបធៀប​ពី​ភាពច្បាស់លាស់ និង​ប្រសិទ្ធភាព​ដែល​ធានាបាន​ថា សហគមន៍​មូលដ្ឋាន​បានទទួល​ប្រយោជន៍ គឺ​យន្តការ​របស់​ជប៉ុន​។ វា​មាន​ភាពច្បាស់លាស់ និង​មាន​ប្រសិទ្ធភាព​ជាង​»​។ លោក សូ​វីន​ដា បាន​សង្កត់ធ្ងន់​ដូច្នេះ​។ 
​ពេល​សាក​សួរថា តើ​វា​នឹងមាន​ការប្រកួតប្រជែង​ខ្លាំង​ស្រួចស្រាល់​រវាង​យន្តការ​កិច្ចសហប្រតិបត្តិការ​ទាំ​ង​ពីរ​នេះ​នៅពេល​ខាងមុខ​ឬ​យ៉ាងណា អ្នកជំនាញ​រូបនេះ​បានផ្តល់​យោបល់​ថា យន្តការ​ទាំងពីរ​នេះ​នឹង​ដើរតួនាទី​ជាការ​បំពេញបន្ថែម​គ្នា​ទៅវិញទៅមក ច្រើនជាង​ប្រកួតប្រជែង​គ្នា​ស្រួចស្រាល់ រហូតដល់​បង្ខំ​ឲ្យ​ប្រទេស​មេគង្គ​ជ្រើស​រើសយក​ភាគី​ណាមួយ​ឡើយ​។ ប៉ុន្តែ បើ​ក្នុង​លក្ខខណ្ឌ​ដែលមាន​ការ​ប្រជែង​គ្នា​ទ្រង់ទ្រាយ​ធំ​មែន​នោះ វា​នឹងមាន​ផលប៉ះពាល់​ខ្លាំង​ដល់​តំបន់​ជាពិសេស​ការបាត់​បង់ប្រយោជន៍​សេដ្ឋកិច្ច​នោះ​។ 

Tag:
 មេគង្គ​
  ជប៉ុន​
  ឡាន​ឆាង​
  បរិស្ថាន​
  ហេដ្ឋារចនាសម្ព័ន្ធ​
 ​ចិន
© រក្សាសិទ្ធិដោយ thmeythmey.com