ជាតិ
​​​ន​យោ​បាយ​ជាតិ​
កម្ពុជា ព្រម​រក​អដ្ឋិធាតុ​ទាហាន​អាមេរិក​ឡើងវិញ ក្រោយ​ផ្អាក​ជាង​១​ឆ្នាំ​
13, Oct 2018 , 7:58 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ​កម្ពុជា យល់ព្រមឲ្យអាមេរិក​រុករក​អដ្ឋិធាតុ​ឈ្លើយសឹក និង​ទាហាន​អាមេរិក​ដែល​បាត់​ខ្លួន​ក្នុងសង្គ្រាម​​នៅក្នុង​ប្រទេស​កម្ពុជាឡើងវិញ បន្ទាប់ពី​​​បាន​ផ្អាក​ជាង​១​ឆ្នាំ​មកហើយ​។ ការប្រកាសបន្ត​កម្មវិធី​នេះ​​ ត្រូវបានសម្តេច ហ៊ុន សែន បញ្ជាក់ថាជា​ការឆ្លើយតបទៅ​នឹង​សំណើ​របស់​សមាជិក​ព្រឹទ្ធសភា  និង​អ្នកតំណាងរាស្ត្រ​​ ក៏ដូចជា​សំណើ​របស់​អង្គការ​ពាក់ព័ន្​​របស់​សហរដ្ឋ​អាមេរិក​។​



នៅក្នុង​លិខិត​ដែល​ផ្ញើជូន​លោក ​Doug Ericksen​ សមាជិក​ព្រឹទ្ធសភា និង​លោក ​​Vicent Buys​តំណាងរាស្ត្រ​នៅ​រដ្ឋ​វ៉ាស៊ីនតោន ចុះថ្ងៃទី​១២ ខែតុលា យ៉ាងដូច្នេះ៖«​រដ្ឋាភិបាល​របស់ខ្ញុំ ដោយ​ក្នុង​ស្មារតី​មេត្តា ករុណា​ដូច​កន្លងមក យល់ព្រម​ចាប់ផ្តើម​ឡើងវិញ​នូវ​ប្រតិបត្តិ​ការរុករក​អដ្ឋិធាតុ  POW/MIA ដ៏​សំខាន់​នេះ ទោះបី​ជាការ​រិត​ត្បិត​ទិដ្ឋាការ​សហរដ្ឋអាមេរិក នៅតែមាន​សុពលភាព​ក៏ដោយ​»​។ ​

សូមបញ្ជាក់ថា​កិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា និង​អាមេរិក លើ​កម្មវិធី POW/MIA ចាប់ផ្តើម​តាំងពី​មុន​ឆ្នាំ​១៩៩០​ម្ល៉េះ ប៉ុន្តែ​កាលពី​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៧ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បានប្រកាស​ផ្អាក​កម្មវិធី​នេះ​បណ្តោះអាសន្ន​សកម្មភាព​​នេះ ​​ដើម្បី​ឆ្លើយតប​នឹង​អាមេរិក ដែល​បាន​ផ្អាក​ផ្ដល់​ទិ​ដ្ឋាការ​ឲ្យ​កម្ពុជា​៕  

© រក្សាសិទ្ធិដោយ thmeythmey.com