ជាតិ
សាលា​រាជធានី​ភ្នំពេញ រៀបចំ​ប្រកួត​រចនា​ម៉ូត​ខ្លោង​របារ​កាត់​ទទឹងផ្លូវ​អបអរ​បុណ្យអុំទូក​
14, Oct 2018 , 12:59 pm        
រូបភាព
​ភ្នំពេញ​៖ ដើម្បី​អបអរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​នាពេលខាងមុខ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​រៀបចំ​ការប្រកួត​រចនា​ម៉ូត​ខ្លោង​របារ​កាត់​ទទឹងផ្លូវ​។ ការប្រកួត​នេះ ផ្ដល់ឱកាស​ដល់​បងប្អូន​អ្នកជំនាញ​ខាង​រចនា ជាពិសេស​សិស្ស​និស្សិត​ឲ្យ​បាន​ចូលរួម​បង្ហាញ​ស្នាដៃ​របស់ខ្លួន​។ ការប្រកួត​រចនា​នេះ ផ្ដោតលើ​ភាពស្រស់ស្អាត និង​រចនាប័ទ្ម​របស់​ខ្លួន​។​​



​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ១៣ តុលា រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​រៀបចំ​ការប្រកួត​រចនា​ម៉ូត​ខ្លោង​របារ​កាត់​ទទឹងផ្លូវ ដើម្បី​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ​២០១៨​។ 
 
​លោក ម៉េ​ត មាស​ភក្ដី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​ថា ការរៀបចំ​ប្រកួត​នេះ គឺ​ដើម្បី​ផ្ដល់ឱកាស​ដល់ អ្នកជំនាញ​ខាង​រចនា​ទាំងអស់ ជាពិសេស​សិស្ស និស្សិត ដែល​សិក្សា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ក្នុងការ​បង្ហាញ​ស្នាដៃ​របស់ខ្លួន​។ 
 
​បើតាម​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ ការ​រចនា​ខ្លោង​របារ​កាត់​ទទឹងផ្លូវ​នេះ ផ្ដោតលើ​សោភណភាព​ស្រស់ស្អាត រួមទាំង​ការបង្ក​ប់​ទៅដោយ​រចនាប័ទ្ម​ខ្មែរ​។ បន្លែ​ម​លើ​នេះ ខ្លឹមសារ​អក្សរ នៅលើ​ខ្លោង​របារ​គឺ «​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​, ថ្ងៃ​ពុធ ១៤​កើត ព្រហស្បតិ៍ ១៥​កើត និង​សុក្រ ១​រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​. ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២១ ២២ និង​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨»​។​
 
​បេក្ខជន​ដែលមាន​ចំណាប់អារម្មណ៍​អាច​ផ្ញើ​ស្នាដៃ​របស់ខ្លួន​ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ រហូតដល់​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៨​។ ស្នាដៃ​របស់​បេក្ខជន ដែល​ទទួលបាន​ការគាំទ្រ​ច្រើនជាងគេ តាមរយៈ​ការ​ចុច Like នឹង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត រួមទាំង​ដាក់​ដំឡើង​ស្នាដៃ​របស់​បេក្ខជន នៅតាម​ទីតាំង​ដែល​បាន​ត្រៀម​ទុក​។ 
 
​សូមបញ្ជាក់ថា ទីតាំង​ចំនួន ៤ នឹងមាន​ការដំឡើង​រួមមាន របារ​កាត់​ទទឹង​មហាវិថី​ព្រះ​នរោត្តម​មុខ​វិមានឯករាជ្យ​, របារ​កាត់​ទទឹង​មុខ​នាឡិកា​រមណីយដ្ឋាន​វត្ត​ភ្នំ​, របារ​កាត់​ទទឹង​វិថី​ព្រះសីហនុ​ចំណុច​ខាងលិច​រង្វង់​មូល​សម្ដេច​ជួន​ណាត និង​របារ​កាត់​ទទឹង​តិ​រវិ​ថី​ព្រះស៊ីសុវត្ថិ​ចំណុច​សួន​ព្រះ​គ​ន្លុ​ង​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដដែល​៕
 

Tag:
 អុំទូក​
 ​របារ​
 ​ប្រកួត​
© រក្សាសិទ្ធិដោយ thmeythmey.com