ជាតិ
កម្ពុជា នឹងធ្វើសមយុទ្ធទ្រង់ទ្រាយធំ ពីការសង្គ្រោះយន្តហោះពេលជួបឧបទ្ទវហេតុនៅដើមខែវិច្ឆិកា រូបភាពពីហ្វេសប៊ុក
× ភ្នំពេញ៖ នៅដើមខែវិច្ឆិកាឆ្នាំ២០១៨ ខាងមុខនេះ អាកាសចរស៊ីវិល នឹងធ្វើលំហាត់សមយុទ្ធជាលក្ខណៈទ្រុងទ្រាយធំលើកទី២ ដើម្បីសង្គ្រោះយន្តហោះក្នុងពេលជួបឧបទ្ទវហេតុ នៅអាកាសយានដ្ឋានអន្តរជាតិកងកេង ខេត្តព្រះសីហនុ។ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានប្រាប់កុំឲ្យពលរដ្ឋយល់ច្រឡំ នៅពេលធ្វើលំហាត់សមយុទ្ធនេះផងដែរ។
រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល សហការជាមួយអាជ្ញាធរខេត្តព្រះសីហនុ នឹងរៀបចំធ្វើសមយុទ្ធទ្រង់ទ្រាយធំលើកទី២ ដើម្បីសង្គ្រោះយន្តហោះពេលមានជួបឧបទ្ទវហេតុ នៅព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ (កងកេង) ។ ការរៀបចំធ្វើសមយុទ្ធជាទ្រង់ទ្រាយធំនេះ អាកាសចរណ៍ស៊ីវិលសំណូមពរឲ្យគ្រប់ស្ថាប័ន អង្គភាពជំនាញនៅទូទាំងខេត្តព្រះសីហនុ ចូលរួមសហការគ្នា ដើម្បីជួយសង្គ្រោះក្នុងករណីកើតមានឧបទ្ទវហេតុយន្តហោះធ្លាក់ជាយថាហេតុ។
អាកាសចរស៊ីវិល បញ្ជាក់ថា នៅថ្ងៃកំណត់មកដល់គ្រប់អង្គភាពសង្គ្រោះដែលមានមូលដ្ឋាននៅក្នុងខេត្តព្រះសីហនុ ត្រូវចាប់ផ្តើមចេញប្រតិបត្តិការព្រមៗគ្នា ឆ្ពោះទៅកាន់គោលដៅកើតឧបទ្ទវហេតុ ដែលមានសកម្មភាពដូចជា ការចេញប្រតិបត្តិការសម្រួលចរាចររបស់កម្លាំងនគរបាល, ការចេញដំណើររបស់រថយន្តពន្លត់អគ្គីភ័យ ដោយមានបន្លឺស៊ីរ៉ែនពីគ្រប់អង្គភាព។
ជាមួយគ្នានេះ រួមទាំងសកម្មភាព ការចេញដំណើររបស់រថយន្តពេទ្យសង្គ្រោះមានបន្លឺសម្លេងស៊ីរ៉ែនពីគ្រប់មន្ទីរពេទ្យរដ្ឋ គ្លីនិកឯកជន មណ្ឌលសុខភាព និងពីគ្រប់ទីបញ្ជាការកងកម្លាំងប្រដាប់អាវុធដែលមានទីតាំងនៅជិតកន្លែងកើតហេតុ, ការចេញដំណើររបស់រថយន្តកងទ័ពដឹកជញ្ជូនកម្លាំងសង្គ្រោះ និងសកម្មភាពដឹកជញ្ជូនជនរងគ្រោះ (សិប្បនិម្មិត) ទៅកាន់គោលដៅសង្គ្រោះ..។ល។
រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមកុំឲ្យមានការភ័ន្តច្រឡំនៅពេលធ្វើលំហាត់សមយុទ្ធ ជាពិសេសការផ្សព្វផ្សាយថាជាហេតុការណ៍ពិតឲ្យសោះ៕
Tag:
សមយុទ្ធ
ឧបទ្ទវហេតុ
យន្តហោះ
ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com