អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិស៊ីលីក្រោមអាយុ២០ឆ្នាំ (U-20) កីឡាករ Yashir Pinto បានសម្រេចចិត្តប្តូរទៅលេងឲ្យក្រុមកីឡាបាល់ទាត់ជម្រើសជាតិប៉ាឡេស្ទីនវិញ ដ្បិតរូបគេមិនដែលជាប់ក្រុមឈុតធំសោះ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ ឱកាសសម្រាប់ Pinto ទៅចូលរួមជាមួយប៉ាឡេស្ទីននោះគឺតាមរយៈទំនាក់ទំនងគ្នាលើបណ្តាញសង្គម LinkedIn។
Pinto អាយុ២៧ឆ្នាំ កើតនៅក្នុងក្រុង Santiago ប្រទេសស៊ីលី និងមានឪពុកម្តាយជាជនជាតិស៊ីលី ហើយធ្លាប់បង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិនៃប្រទេសពីតំបន់អាមេរិកឡាទីននេះតាំងពី U-18 រហូតដល់ U-20 ថែមទៀតផង។
ជាអតីតយុវជនថ្នាលរបស់ក្លិប Colo Colo នៃលីគកំពូលស៊ីលីក្នុងអំឡុងឆ្នាំ ២០០៨ Pinto ដែលកាលណោះពាក់អាវលេខ៩ ជាសមាជិកជាមួយ Alexis Sanchez ខ្សែប្រយុទ្ធ Manchester United ផង និង Arturo Vidal របស់ Bacelona ផង។
Yashir Pinto កាលលេងឲ្យឈុតយុវជនស៊ីលីទល់នឹងប្រេស៊ីល
Pinto បានទទួលការចាប់អារម្មណ៍ពីទម្រង់លេងរបស់ខ្លួនសម្រាប់ក្រុមយុវជនក្រោមអាយុ២០ឆ្នាំរបស់ស៊ីលី ដោយអាចស៊ុតបញ្ចូលទីបាន ៨ គ្រាប់ក្នុងការបង្ហាញខ្លួន ២៤ ប្រកួត និងលេងក្នុងក្របខណ្ឌ South American U-20 Championship ឆ្នាំ២០១១។
បើទោះជាយ៉ាងនេះក្តី ខ្សែប្រយុទ្ធរបស់ក្លិប Coquimbo Unido រូបនេះមិនដែលត្រូវបានកោះហៅពីសំណាក់គ្រូបង្វឹកដើម្បីឈានទៅចូលរួមជាមួយឈុតធំរបស់ស៊ីលីឡើយ ដែលនេះបានធ្វើឲ្យរូបគេមិនសប្បាយចិត្តដែរ។
ជារឿងចៃដន្យបំផុត នៅអំឡុងពេលរូបគេលេងឲ្យក្លិប Budapest outfit Ujpest ឆ្នាំ២០១៥ មានការទាក់ទងមួយពីសំណាក់ក្រុមប៉ាឡេស្ទីនតាមប្រភពដែលមិនប្រក្រតី។
Pinto បានរៀបរាប់ថា៖«មន្ត្រីម្នាក់មកពីសហព័ន្ធកីឡាបាល់ទាត់ប៉ាឡេស្ទីន (PFA) បានផ្ញើសារមួយមកខ្ញុំតាមបណ្តាញសង្គម LinkedIn ដែលបាននិយាយថាពួកគេបានព្យាយាមទាក់ទងខ្ញុំជាយូរមកហើយ ដើម្បីស្នើខ្ញុំទៅលេងឲ្យក្រុមប៉ាឡេស្ទីន។ វាគួរឲ្យអស់សំណើចណាស់ព្រោះខ្ញុំមិនដឹងថាកីឡាករបាល់ទាត់ជាច្រើនទៀតប្រើ LinkedIn ដូចខ្ញុំ ដូច្នេះនេះគឺជាសំណាង»។
«វាជាកិត្តិយសដ៏អស្ចារ្យមួយសម្រាប់ខ្ញុំដែលត្រូវបានគេស្នើបែបនេះ ហើយក៏ដោយសារតែជីតារបស់ខ្ញុំដែលបានផ្លាស់ពីប៉ាឡេស្ទីនទៅរស់នៅស៊ីលីតាំងពីក្មេង ហើយជាការពិតតារបស់ខ្ញុំបាននិយាយច្រើនណាស់អំពីស្រុកកំណើតរបស់គាត់ ហើយដោយសារតែហេតុផលនេះទើបខ្ញុំតែងតែគិតថាខ្ញុំអាចលេងឲ្យប៉ាឡេស្ទីន ដ្បិតខ្ញុំក៏មានឈាមជ័ររបស់ប្រទេសនេះដែរ»។ Pinto បន្ថែមដូច្នេះ។
Pinto បានទៅចូលរួមលេងឲ្យជម្រើសជាតិប៉ាឡេស្ទីនចាប់តាំងពីឆ្នាំ២០១៦មក ដោយបង្ហាញខ្លួន៨ប្រកួត និស៊ុតបញ្ចូលទីបាន៥គ្រាប់។ រូបគេមានមហិច្ឆតាចង់នាំប៉ាឡេស្ទីនឈានទៅកាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ពិភពលោក World Cup ឆ្នាំ២០២២ នៅកាតាថែមទៀតផង៕