ក្រុមកីឡាករជម្រើសជាតិកម្ពុជាបានប្រកួតចាញ់ក្រុមសិង្ហបុរីក្នុងលទ្ធផល ២-១ នាជំនួបមិត្តភាពអន្តរជាតិ កាលពីល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ នៅពហុកីឡដ្ឋានជាតិ។ ទោះបីយ៉ាងនេះក្តីគ្រូបង្វឹកកម្ពុជាលោក Felix Gonzalez Dalmas សង្កេតឃើញថា សមត្ថភាពកូនក្រុមខ្លួនមានការរីកចម្រើនគួរឲ្យកត់សម្គាល់។ បន្ថែមលើនេះ ក្រុមកម្ពុជាទទួលបានការសរសើរពីគ្រូបង្វឹកសិង្ហបុរីថា លេងបានល្អថែមទៀតផង។
ទោះបីក្រុមកីឡាករជម្រើសជាតិកម្ពុជាប្រកួតចាញ់សិង្ហបុរី តែទទួលបានការវាយតម្លៃពីគ្រូបង្វឹកថា ពួកគេមានការរីកចម្រើនទាំងសមត្ថភាព និងបច្ចេកទេសលេង។ ហើយការបរាជ័យនេះ ដោយសារសិង្ហបុរីជាក្រុមខ្លាំង ដែលសម្បូរដោយកីឡាករមានសមត្ថភាពខ្ពស់ក្នុងការប្រយុទ្ធ។ ម្យ៉ាងទៀត កម្ពុជាជាក្រុមស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ និងបង្កើតទម្រង់លេងថ្មីសម្រាប់ក្រុម។
ក្នុងសន្និសីទសារព័ត៌មានក្រោយកម្ពុជាចាញ់សិង្ហបុរី ២-១ នៅថ្ងៃទី១៦ ខែតុលា លោក Felix Gonzalez Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាបានបញ្ជាក់យ៉ាងដូច្នេះថា៖«នេះជាការប្រកួតដ៏អស្ចារ្យ ពួកយើងមានការរីកចម្រើនច្រើនបើធៀបនឹងការប្រកួតលើកមុន ទោះបីលទ្ធផលកន្លងមក វាហាក់ដូចជាមិនល្អសម្រាប់ខ្ញុំ អ្នកគាំទ្រ និងប្រជាជនកម្ពុជាក៏ដោយ»។
ជាមួយគ្នានេះគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនខាងលើនៅតែប្តេជ្ញាថា លោក នឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពក្នុងការបង្កើតទម្រង់លេងថ្មីមួយប្រកបដោយសមត្ថភាពសម្រាប់ក្រុមជម្រើសជាតិកម្ពុជា។ លោកសង្ឃឹមថា កម្ពុជានឹងទទួលបានលទ្ធផលល្អសម្រាប់ការប្រកួតផ្លូវការក្នុងពានរង្វាន់ AFF Suzuki Cup 2018 ដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា ខាងមុខនេះ។
លោក Fandi Ahmad គ្រូបង្វឹកក្រុមសិង្ហបុរី ដែលបានដឹកនាំក្រុមឲ្យយកឈ្នះម៉ុងហ្គោលី និងហ្វ៊ីជីក្នុងលទ្ធផល ២-០ នាជំនួបមិត្តភាពអន្តរជាតិកាលពីពេលកន្លងទៅបានសរសើរថា កម្ពុជាជាក្រុមមានសមត្ថភាពខ្ពស់ និងមានទម្រង់លេងល្អ តាមរយៈការបង្កើតបញ្ហាជាច្រើនដល់ក្រុមលោក ពិសេសបង្កគ្រោះថ្នាក់នៅតំបន់ប្រយុទ្ធ។ ហើយលោកអរគុណដល់កម្ពុជា ដែលបានផ្តល់ការប្រកួតមួយដ៏ល្អដល់សិង្ហបុរី។
«ខ្ញុំសង្កេតឃើញថា កីឡាករកម្ពុជាមានសមត្ថភាពនិងមានទម្រង់លេងល្អមែនទែន តាមរយៈការបង្កើតបញ្ហាជាច្រើនដល់សិង្ហបុរីទាំងតំបន់បម្រើនិងប្រយុទ្ធ។ នៅពេលកម្ពុជាបើកការប្រយុទ្ធ វាពិតជាមានគ្រោះថ្នាក់សម្រាប់សិង្ហបុរី។ កម្ពុជាបានគ្រប់គ្រងស្ទើរទាំងស្រុងនៅតំបន់បម្រើ ដែលជាហេតុធ្វើឲ្យកូនក្រុមខ្ញុំមានបញ្ហានៅតង់ទី១។ តែស្ថានការណ៍ត្រូវបានល្អប្រសើរឡើងវិញ បន្ទាប់ពីខ្ញុំ បានផ្លាស់ប្តូរទម្រង់លេងនៅតង់ទី២»។ នេះការបញ្ជាក់របស់លោក Fandi Ahmad គ្រូបង្វឹកសិង្ហបុរី។
សម្រាប់ការបរាជ័យ ២-១ ក្រោមថ្វីជើងសិង្ហបុរី មានន័យថា ក្រុមជម្រើសជាតិកម្ពុជាក្រោមការដឹកនាំរបស់លោក Keisuke Honda មិនទាន់អាចស្វែងរកជ័យជម្នះលើកដំបូងនៅឡើយទេ សម្រាប់៣ប្រកួតកន្លងមកនេះ។ ក្នុងនោះកម្ពុជាបានចាញ់ម៉ាឡេស៊ី ៣-១ ក្នុងជំនួបដំបូង និងស្មើ ២-២ ជាមួយទីម័រខាងកើតនៅជំនួបបន្ទាប់។
សម្រាប់ការប្រកួតកាលពីល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ នៅពហុកីឡដ្ឋានជាតិ ខ្សែការពារ សាត រ៉ស៊ីប របស់បឹងកេត បានបញ្ជូនបាល់ទៅតំបន់គ្រោះថ្នាក់ ធ្វើឲ្យខ្សែការពារសិង្ហបុរី Wai Loon Ho ភ្លាត់ស្នៀតធ្វើឲ្យចូលទីខ្លួនឯង ដើម្បីជួយឲ្យកម្ពុជានាំមុខ ១-០ នៅនាទី១៨។ ក្រោយការទាត់បាល់ពិន័យពីចម្ងាយរបស់ Zulfahmi Arifin ខ្សែបម្រើ Jacob Mahler បានសម្រេចគ្រាប់បាល់តាមស្មើ ១-១ សម្រាប់ភ្ញៀវសិង្ហបុរី ក្រោយការប្រកួតដំណើរការបានប្រមាណ១ម៉ោង។
ឈានដល់នាទី៧៥ ខ្សែប្រយុទ្ធ Ikhsan Fandi បានឆាបបាល់ចេញពីជើងខ្សែការពារ ហុង ផេង ដើម្បីស៊ុតបញ្ចូលទីនាំមុខ ម្ចាស់ផ្ទះ ២-១ ។ ប្រធានក្រុម សឿយ វិសាល និងអ្នកចាំទី អ៊ុំ វិចិត្រ មិនអាចរារាំងកីឡាកររូបនេះបានឡើយ។ ក្រុមកីឡាករសិង្ហបុរី បានព្យាយាមការពារ ហើយរក្សាលទ្ធផល ២-១ រហូតដល់បញ្ចប់ការប្រកួត។
ជម្រើស១១នាក់ដំបូង៖ អ៊ុំ វិចិត្រ (អ្នកចាំទី), សាត រ៉ស៊ីប, សារ៉េត គ្រីយ៉ា (នេន សុធារដ្ឋ ៧៤), សឿយ វិសាល (ប្រធានក្រុម), ហុង ផេង, គួច សុគម្ភៈ (សុះ ស៊ូហាណា ៧៦), រ៉ឹង ប៊ុនហៀង, ឈិន ឈឿន (ចាន់ វឌ្ឍនាកា ៥៧), ប្រាក់ ធីវ៉ា (ស៊ិន កក្កដា ៨៣), ប៊ិន ចន្ថាធារី (អន ចាន់ប៉ូលីន ៦៩), គួច ដានី (ទិត្យ ឌីណា ៨០)៕