កីឡាជាតិ
ជាតិ
លោក Felix៖ កែវ សុខផេង អវត្តមានដោយសារតែគេហ្វឹកហាត់មិនបាន១០០ភាគរយ
× ភ្នំពេញ៖ ការប្រកួតមិត្តភាពអន្តរជាតិបានបញ្ចប់ហើយ ដោយកម្ពុជាចាញ់២ និងស្មើ១ប្រកួត។ ដ្បិតលទ្ធផលហាក់មិនសូវល្អក្តី ប៉ុន្តែកម្ពុជា ត្រូវបានគេមើលឃើញថា បង្ហាញទម្រង់លេងយ៉ាងល្អ នៅក្នុងការប្រកួតទាំង៣នេះ។ នោះក៏ព្រោះតែកីឡាករទាំងអស់ បានប្រឹងហ្វឹកហាត់សម្រាប់ការប្រកួតនេះ។ ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍មួយទៀត គឺកីឡាករ កែវ សុខផេង ដែលជាខ្សែប្រយុទ្ធកម្ពុជាឆ្នើមមួយរូបនោះ បែរជាអវត្តមាននៅពីរប្រកួតចុងក្រោយទៅវិញ។ អ្នកកាសែតចោទសួររឿងនេះ ទៅលោក Felix G. Dalmas គ្រូបង្វឹកកម្ពុជា។
រឿងនេះពិតជាមានហេតុផល ដែលតម្រូវឲ្យគ្រូបង្វឹកដាក់កីឡាករផ្សេងទៀត លេងក្នុងតួនាទីកីឡាករ កែវ សុខផេង។ មូលហេតុដែលលោក Felix G. Dalmas សម្រេចដាក់អ្នកផ្សេងជំនួស កែវ សុខផេង ដោយសារតែខ្សែប្រយុទ្ធរូបនេះ មិនបានហ្វឹកហាត់១០០ភាគរយ មុនការប្រកួត ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់ការប្រកួតចុងក្រោយជាមួយសិង្ហបុរី គ្រូបង្វឹកកម្ពុជារូបនេះ បានបញ្ជាក់ដូច្នេះថា៖«ដោយសារតែ កែវ សុខផេង មិនបានហ្វឹកហាត់១០០ភាគរយជាមួយក្រុម នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដូច្នេះយើងក៏សម្រេចចិត្តដាក់អ្នកផ្សេង ដែលបានប្រឹងប្រែងហ្វឹកហាត់១០០ភាគរយជាមួយក្រុម ជំនួសគាត់»។
គ្រូបង្វឹកកម្ពុជា សញ្ជាតិអាហ្សង់ទីនរូបនេះ មិនបានបញ្ជាក់មូលហេតុឲ្យច្បាស់ថា តើការហ្វឹកហាត់មិនបាន១០០ ភាគរយ របស់ កែវ សុខផេង ដោយសារតែបញ្ហាអ្វីឡើយ។
បើមើលតាមតារាងបញ្ជីឈ្មោះកីឡាករ សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ ២ប្រកួតចុងក្រោយនេះ កីឡាករ កែវ សុខផេង ត្រូវបានគ្រូបង្វឹកដាក់ឲ្យស្ថិតនៅក្រៅកីឡាករបម្រុងទៀតផង។ កែវ សុខផេង បានចូលរួមជាមួយក្រុមជម្រើសជាតិ ក្នុងការប្រកួតមិត្តភាពអន្តរជាតិនេះ បានមួយប្រកួតដំបូងក្នុងជំនួបជាមួយម៉ាឡេស៊ី។
ការប្រកួតមិត្តភាពអន្តរជាតិកន្លងមក កម្ពុជា ចាញ់ ម៉ាឡេស៊ី ៣ទល់១ មុនស្មើជាមួយទីម័រ ១ទល់១ ។ ប្រកួតចុងក្រោយកម្ពុជា ចាញ់សិង្ហបុរី ២ទល់១។
ក្រោយបញ្ចប់ការប្រកួតមិត្តភាពអន្តរជាតិនេះ កម្ពុជានឹងត្រូវបន្តដំណើរទៅប្រកួតAFF SUZIKI Cup 2018 នៅខែវិច្ឆិកា ខាងមុខ ដែលកម្ពុជា ត្រូវជួបជាមួយម៉ាឡេស៊ី មីយ៉ាន់ម៉ា ឡាវ និងវៀតណាម។ សម្រាប់ការប្រកួតនេះ កម្ពុជាត្រៀមជ្រើសរើសកីឡាករថ្មី ដើម្បីប្រមូលផ្ដុំហ្វឹកហាត់។ បើតាមលោក Felix G. Dalmas គ្រូបង្វឹកកម្ពុជា លោកនឹងកោះហៅកីឡាករ ដែលមានសមត្ថភាពល្អ និងសមរម្យមកជំរុំហ្វឹកហាត់ តាមរយៈការពិនិត្យមើលឡើងវិញ នៃសកម្មភាពប្រកួតចាស់ៗរបស់ពួកគេ តាមរយៈវីដេអូកន្លងមក៕
Tag:
កែវ សុខផេង
មិត្តភាពអន្តរជាតិ
កីឡា
បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com