ភ្នំពេញ៖ មកដល់ពេលនេះបញ្ហាបោះឆ្នោតនៅកម្ពុជា នៅតែត្រូវបានអន្តរជាតិលើកឡើងក្នុងកិច្ចប្រជុំសហភាពអន្តរសភា។ បញ្ហាសិទ្ធិមនុស្ស និងការរំលាយគណបក្សសង្គ្រោះជាតិជារឿងសំខាន់ ដែលគណៈកម្មការសិទ្ធិមនុស្សសហភាពអន្តរសភា យកមកវាយតម្លៃលើការបោះឆ្នោតនៅកម្ពុជាថា គ្មានភាពត្រឹមត្រូវ ។ ផ្ទុយពីការវាយតម្លៃនេះ គណប្រតិភូសភាកម្ពុជា ចាត់ទុកថា គណៈកម្មការសិទ្ធិមនុស្សសហភាពអន្តរសភា កំពុងលាបពណ៌កម្ពុជាឲ្យខ្មៅងងឹត។
ការវាយតម្លៃរបស់គណៈកម្មការសិទ្ធិមនុស្សសហភាពអន្តរសភា ជុំវិញការបោះឆ្នោត និងស្ថានការណ៍នយោបាយកម្ពុជា បានធ្វើឲ្យគណៈប្រតិភូសភាកម្ពុជា មិនសប្បាយឡើយ។ នោះក៏ព្រោះតែរបាយការណ៍ដែលមានក្នុងដៃរបស់គណៈកម្មការសិទ្ធិមនុស្សសហភាពអន្តរសភាមួយនេះ ផ្ទុយពីអ្វីដែលប្រតិភូសភាកម្ពុជាយល់ឃើញ។ របាយការណ៍របស់IPU និយាយអំពីរឿងរំលាយគណបក្សសង្គ្រោះជាតិ និងការឃុំខ្លួនលោក កឹម សុខា ខណៈប្រតិភូសភាកម្ពុជា និយាយផ្ដោតលើការអនុវត្តច្បាប់ និងការបោះឆ្នោតដោយរលូននៅកម្ពុជា។
គណៈប្រតិភូសភាកម្ពុជា ដែលបានចូលរួមប្រជុំសហភាពអន្តរសភា IPU នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានចេញសេចក្តីថ្លែងការណ៍មួយពន្យល់ពីស្ថានការណ៍បោះឆ្នោតនៅកម្ពុជា ប្រាប់ទៅគណៈកម្មាធិការសិទ្ធិមនុស្ស ដែលផ្ដោតទៅលើចំនួនអ្នកបោះឆ្នោត៨៣,០២ភាគរយ និងគណបក្សនយោបាយ២០ចូលរួម ប្រកួតប្រជែងបោះឆ្នោត បើទោះជាគ្មានវត្តមានបក្សប្រឆាំងដ៏ធំជាងគេចូលរួមក៏ដោយ។ រៀបរាប់ចំណុចសព្វអន្លើនេះហើយ គណៈប្រតិភូសភាកម្ពុជា ក៏ងាកទៅរិះគន់ការវាយតម្លៃរបស់គណៈកម្មាធិការសិទ្ធិមនុស្សសហភាពអន្តរសភាថា មើលឃើញកម្ពុជា នៅតែក្នុងផ្លូវអវិជ្ជមាន ដោយមើលរំលងនូវការខិតខំប្រឹងប្រែងរដ្ឋាភិបាល ។
សេចក្តីថ្លែងការណ៍របស់គណៈប្រតិភូសភាកម្ពុជា បានសរសេរដូច្នេះថា៖«គណៈប្រតិភូយើងខ្ញុំ មានការខកចិត្តយ៉ាងខ្លាំង បើទោះបីជាគណៈប្រតិភូយើងខ្ញុំ បានផ្ដល់ជូននូវព័ត៌មាន ដែលអាចជឿទុកចិត្តបានដ៏ច្រើនសន្ធឹកសន្ធាប់ជាច្រើនលើកច្រើនសារ ក៏គណៈកម្មាធិការសិទ្ធិមនុស្សសហភាពអន្តរសភា ហាក់ពុំបានធ្វើការគិតគូរពិចារណា ឲ្យបានម៉ត់ចត់សោះឡើយ។ ផ្ទុយទៅវិញដោយផ្អែកលើប្រភពព័ត៌មាន ដែលមានលក្ខណៈនយោបាយពីភាគីម្ខាង គណៈកម្មាធិការបានលាបពណ៌ប្រទេសកម្ពុជាឲ្យខ្មៅងងឹត តាមរយៈការចេញនូវសេចក្តីសម្រេច ដែលមានលក្ខណៈលម្អៀង ដោយការធ្វើព្រងើយកន្តើយចំពោះសេចក្តីត្រូវការពិតប្រាកដជាមូលដ្ឋាន និងផ្លូវដ៏គ្រោះថ្នាក់ក្នុងដំណើរឆ្ពោះទៅរកការសម្រេចបានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសកម្ពុជា ដែលទទួលបានដោយការពុះពារយ៉ាងលំបាក»។
សេរីភាពបញ្ចេញមតិ ត្រូវអនុវត្តដោយមានករណីយកិច្ច និងការទទួលខុសត្រូវពិសេស ដោយមិនបំពានសិទ្ធិអ្នកដទៃ សន្ដិសុខជាតិ និងសណ្ដាប់ធ្នាប់សាធារណៈ ដូចមានចែងក្នុងមាត្រា១៩ នៃកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលកម្ពុជា ជារដ្ឋភាគីនៃកតិកាសញ្ញានេះ។ ប្រជាពលរដ្ឋកម្ពុជា គ្រប់រូបមានភាពស្មើគ្នាចំពោះមុខច្បាប់ ដោយឥតប្រកាន់និន្នាការនយោបាយ មុខរបរ ឬឋានៈសង្គមឡើយ។ នេះជាការលើកឡើងរបស់ប្រតិភូសភាកម្ពុជា។
អមជាមួយការពន្យល់ខាងលើនេះ គណៈប្រតិភូសភាកម្ពុជា ក៏រៀបរាប់ការពាររាល់ការអនុវត្តរបស់រដ្ឋាភិបាលដូច្នេះថា៖« ជនល្មើសត្រូវផ្តន្ទាទោសដោយអំណាចតុលាការ មិនមែនដោយសារពួកគេជានរណានោះទេ ប៉ុន្តែដោយសារបទល្មើសដែលពួកគេបានប្រព្រឹត្ត។ រាជរដ្ឋាភិបាលមិនមានតួនាទីអ្វីនៅក្នុងដំណើរការនីតិវិធីតុលាការ ដែលជាស្ថាប័នដាច់ដោយឡែក និងឯករាជ្យ ដែលធានាដោយមាត្រា១២៨ និង១៣០នៃរដ្ឋធម្មនុញ្ញ»។
និយាយចំណុចនេះហើយ ប្រតិភូសភាកម្ពុជា ក៏បានលើកយកករណីលោក កឹម សុខា ពន្យល់ប្រាប់ទៅសហភាពអន្តរសភាថា តុលាការបានសម្រេចឲ្យលោក កឹម សុខា ដែលត្រូវឃុំខ្លួនបណ្ដោះអាសន្នក្នុងពន្ធនាគារ បានផ្ទេរមកស្នាក់នៅក្នុងផ្ទះវិញ ដែលជាកិច្ចការមនុស្សធម៌ ស្របតាមឆន្ទានុសិទ្ធិរបស់ចៅក្រមស៊ើបសួរ។«ការឃុំខ្លួនឲ្យនៅក្នុងផ្ទះ ពុំមាននៅក្នុងច្បាប់កម្ពុជាទេ»។ នេះជាការឆ្លើយតបរបស់សភាកម្ពុជា ទៅនឹងការទាមទាររបស់សហភាពអន្តរសភា IPU។
កាលពីថ្ងៃទី១៨ តុលា សហភាពអន្តរសភា (IPU) បានជំរុញឲ្យតុលាការកម្ពុជា ទម្លាក់ចោលការចោទប្រកាន់ និងដោះលែងលោក កឹម សុខា មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិឲ្យមានសេរីភាព និងអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ មានដំណើរការវិញធម្មតា។ ការលើកឡើងរបស់សហភាពអន្តរសភានេះ ដោយយល់ឃើញថា ការចាប់ឃុំខ្លួនលោក កឹម សុខា កន្លងមក គឺគ្មានភស្តុតាងត្រឹមត្រូវឡើយ។
សហភាពអន្តរសភា បានបើកមហាសន្និបាតលើកទី១៣៩ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨។ លោកស្រី ឃួន សុដារី អនុប្រធានទី២រដ្ឋសភាកម្ពុជា តំណាង្យសភាកម្ពុជា បានដឹកនាំគណៈប្រតិភូចូលរួមមហាសន្និបាតនេះ តបតាមការអញ្ជើញរបស់ លោកស្រី ហ្គាប្រីឡា គូវ៉ាស បារ៉ុន (Gabriela Cuevas Barron) ប្រធានសហភាពអន្តរសភា (IPU)៕