ជាតិ
អត្ថបទពាណិជ្ជកម្ម
ប្រធានបទ UN Day ឆ្នាំនេះ គឺ «​លើកកម្ពស់​នវានុវត្តន៍​ថ្ងៃនេះ ដើម្បី​ថ្ងៃស្អែក​កាន់តែ​ប្រសើរ​»
19, Oct 2018 , 6:09 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ ទិវា​អង្គការសហប្រជាជាតិ (UN Day) ត្រូវបាន​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ នៅ​ថ្ងៃទី​២៤ ខែតុលា​។ មិន​ខុសពី​ឆ្នាំមុនៗ​ដែរ ទិវា​អង្គការសហប្រជាជាតិ ឆ្នាំនេះ នឹង​រៀបចំឡើង​នៅ Factory Phnom Penh ក្រោម​ប្រធានបទ​៖«​លើកកម្ពស់​នវានុវត្តន៍​ថ្ងៃនេះ ដើម្បី​ថ្ងៃស្អែក​កាន់តែ​ប្រសើរ​»​។
 
​កម្មវិធី​នេះ រៀបចំឡើង​ក្នុង​បំណង​ជំរុញ​ឱ្យ​យុវជន​ខ្មែរ ចូលរួម​អបអរ​ទិវា​រំលឹក​ខួប​នៃ​ការបង្កើត​អង្គការសហប្រជាជាតិ  ដើម្បី​ស្វែងយល់​អំពី​សកម្មភាព​សំខាន់ៗ​ជាច្រើន ដែល​អង្គការសហប្រជាជាតិ រដ្ឋាភិបាល អង្គការ​មិនមែន​រដ្ឋាភិបាល ក្រុម​សហគ្រិន និង​បណ្តា​ដៃគូ​ដទៃទៀត បាន និង​កំពុង​អនុវត្ត ដូចជា​ផ្នែក​អប់រំ សុខភាព កសិកម្ម ជំនួញ ពាណិជ​កម្ម បរិស្ថាន ការ​បោសសំអាត​មីន និង​អំពី​ទីក្រុង​ជាដើម​។ លើសពីនេះ ទិវា​នេះ ក៏​ដើម្បី​ផ្តល់ឱកាស​ឱ្យ​យុវជន ចូលរួម​អបអរ​ទិវា​រំលឹក​ខួប នៃ​ការបង្កើត​អង្គការសហប្រជាជាតិ ដោយ​សេចក្តីថ្លៃថ្នូរ និង​ស្មើភាព​។​
 
​ដូច្នេះ​សូម​ចូលរួម​ជាមួយ​យើង ដើម្បី​ជួប​ជាមួយ​ប្អូនៗ​យុវជន ដែល​ប្រកបដោយ​ថាមពល និង​គំនិត​ច្នៃប្រឌិត សកម្មភាព​សិល្បៈ និង​ការកម្សាន្ត ក៏ដូចជា​តន្ត្រី​ផងដែរ​។  មិនតែប៉ុណ្ណោះ អ្នកចូលរួម ក៏​នឹង​ទទួលបាន​នូវ​ចំណេះដឹង អំពី​គោលដៅ​អភិវឌ្ឍ​ដោយ​ចីរភាព ក៏ដូចជា​កិច្ចការ​របស់​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។ លើសពីនេះទៅទៀត អ្នក​ក៏​អាច​ចូលរួម​ទស្សនា ការបង្ហាញ​ស្នាដៃ​របស់​យុវជន​ឆ្នើមៗ អំពី​គម្រោង​ជ័យលាភី​របស់​ពួកគេ ស្តីពី​យុទ្ធនាការ​ផ្សព្វផ្សាយ​ពត៌មាន និង​ឃោសនា ដើម្បី​ការយល់ដឹង​របស់​ប្រជាជន អំពី​គោលដៅ​អភិវឌ្ឍ​ដោយ​ចីរភាព​។ 
 
​ក្នុងនាម​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា យើង​សូម​អញ្ជើញ​ប្អូនៗ ក៏ដូចជា​មហាជន​ទាំងអស់ ចូលរួម​ដោយ​សេរី​នៅក្នុង​ព្រឹត្តិការណ៍​នេះ ជាមួយ​យើងទាំងអស់គ្នា ដើម្បី​ទទួលបាន​ចំណេះដឹង ព័ត៌មាន ក៏ដូចជា​ការកម្សាន្ត​ដ៏​សម្បូរបែប នា​ទិវា​អង្គការសហប្រជាជាតិ នៅ​ថ្ងៃទី​២៤ ខែតុលា​ខាងមុខនេះ​៕

នេះជាទីតាំងដែលត្រូវប្រារព្ធទិវា UN Day

 
 

Tag:
 UN Day
© រក្សាសិទ្ធិដោយ thmeythmey.com