សហព័ន្ធកីឡាបាល់ទាត់កម្ពុជានៅព្រឹកថ្ងៃទី២០ ខែតុលា បានបង្ហាញបញ្ជីឈ្មោះក្រុមកីឡាករជម្រើសជាតិកម្ពុជា សម្រាប់ត្រៀមប្រកួតផ្លូវការក្នុងពានរង្វាន់ AFF Suzuki Cup 2018 នាខែវិច្ឆិកា ខាងមុខនេះ។ បើធៀបនឹងជំនួបជាមួយទីម័រខាងកើត និងសិង្ហបុរី បញ្ជីឈ្មោះនេះមិនមានការដោះដូរកីឡាករនោះទេ តែបន្ថែមសមាជិកថ្មីមួយរូប។
ទោះបីមិនបានបង្ហាញខ្លួនពីរប្រកួតក្នុងជំនួបជាមួយទីម័រខាងកើតនិងសិង្ហបុរី តែខ្សែប្រយុទ្ធ កែវ សុខផេង បន្តស្ថិតនៅក្នុងបញ្ជីឈ្មោះក្រុមជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំរបស់លោក Keisuke Honda។ បើតាមបញ្ជីឈ្មោះដែលបង្ហាញដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា គឺលោក Honda បានរក្សាកីឡាករនៅដដែល បើធៀបនឹងជំនួបមិត្តភាពអន្តរជាតិពីរប្រកួតចុងក្រោយ។ ប៉ុន្តែ លោកបានបន្ថែមសមាជិកថ្មីមួយរូប គឺខ្សែប្រយុទ្ធវ័យក្មេង សៀង ចន្ធា របស់សាលាបាល់ទាត់ជាតិបាទី។
ការបង្ហាញបញ្ជីឈ្មោះលើកនេះ គឺដើម្បីត្រៀមការប្រកួតផ្លូវការក្នុងព្រឹត្តិការណ៍ AFF Suzuki Cup ចន្លោះពីថ្ងៃទី៨ ខែវិច្ឆិកា ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨។ សម្រាប់ការប្រកួតនេះកម្ពុជាស្ថិតនៅក្នុងពូល A ជាមួយវៀតណាម មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងឡាវ ខណៈពូល B មានថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន សិង្ហបុរី និងទីម័រខាងកើត។
កីឡាករជម្រើសជាតិទាំង២៥រូបរួមមានអ្នកចាំទី៖ កែវ សុខសិលា, អ៊ុំ វិចិត្រ និង ជា វណ្ណសាក់, ខ្សែការពារ៖ សេត រ៉ស៊ីប, ហុង ផេង, ស ពិសិដ្ឋ, នេន សុធារ័ត្ន, សឿយ វិសាល, ឆេង ម៉េង, សារ៉េត គ្រីយ៉ា, ខ្សែបម្រើ៖ ឈិន ឈឿន, គួច សុកុម្ភៈ, សុះ ស៊ូហាណា, អ៊ិន សូដាវីដ, ប្រាក់ ធីវា, ធារី ចន្ថាប៊ីន, ទិត្យ ឌីណា, គួច ដានី, អ៊ន ចាន់ប៉ូលីន និងខ្សែប្រយុទ្ធ៖ ចាន់ វឌ្ឍនាកា, រ៉ឹង ប៊ុនហៀង, កែវ សុខផេង, ប្រាក់ មុន្នីឧត្តម, ស៊ិន កក្កដា និង សៀង ចន្ធា៕