ជាតិ
សិល្បករ​និង​អ្នក​បម្រើការ​ក្នុង​វិស័យ​សិល្បៈ មានឱកាស​ទទួលបាន​មូលនិធិ​«​ដាំ​ដុះ​»
21, Oct 2018 , 10:29 am        
រូបភាព
​ភ្នំពេញ​៖ គម្រោង​”​ដាំ​ដុះ​” គឺជា​គម្រោង​មួយ​របស់​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ ដែល​បង្កើតឡើង​ដើម្បី​ជួយ​សិល្បករ និង​អ្នកបម្រើ​ការងារ​ក្នុង​វិស័យ​សិល្បៈ​និង​វប្បធម៌ ក្នុងការ​អភិវឌ្ឍ​គម្រោង​ច្នៃប្រឌិត​ថ្មី និង​ការបង្កើន​ជំនាញ​របស់​ពួកគេ​។​



​គម្រោង​មូលនិធិ​នេះ មាន​គោលដៅ រួមចំណែក​ដើម្បី​បង្កើន​ឱកាស​ដល់​សហគមន៍​សិល្បៈ ក្នុងការ​បង្កើត​ការងារ ស្នាដៃ​ថ្មី ព្រមទាំង​បង្កើត​គម្រោង បណ្ដាញ និង​ចំណេះដឹង​ថ្មី​។​ការរំពឹងទុក​របស់ មូលនិធិ “​ដាំ​ដុះ​” ក្នុង​យុទ្ធសាស្ត្រ​រយៈពេល​៥​ឆ្នាំ​(២០១៧-២០២១) គឺ​ចង់​ទទួលបាន​ការអភិវឌ្ឍ​ភាព​ច្នៃប្រឌិត ការតស៊ូ​មតិ និង​ការបង្កើត​ថ្មី​ផងដែរ​។ នេះ​បើតាម​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​។​
 
​មូលនិធិ​”​ដាំ​ដុះ​” បែង​ចែកជា​ពីរ​ប្រភេទ គឺ​មូលនិធិ​ដាំ​ដុះ​សម្រាប់​គម្រោង និង​មូលនិធិ​ដាំ​ដុះ​ចល័ត​។ មូលនិធិ​ដាំ​ដុះ​សម្រាប់​គម្រោង គឺ​សម្រាប់​គម្រោង​សិល្បៈ​ច្នៃប្រឌិត គម្រោង​សិល្បៈ​សហគមន៍ គម្រោង​សិល្បៈ​ស្រាវជ្រាវ​ពី​សិល្បៈ និង​វប្បធម៌​នៅ​កម្ពុជា​។ ចំណែក​មូលនិធិ​ចល័ត​វិញ ប្រើ​សម្រាប់​ចូលរួម​កម្មវិធី​ទាក់ទង​នឹង​សិល្បៈ និង​វប្បធម៌ ដូចជា​សិក្ខាសាលា សន្និសីទ ការធ្វើ​និវាសនដ្ឋាន វគ្គ​បណ្ដុះបណ្ដាល និង​បេសកកម្ម​ស្រាវជ្រាវ​ទាំង​ក្នុង​និង​ក្រៅប្រទេស​។​
 
​បេក្ខជន​ដែលមាន​បំណង​ចង់បាន​មូលនិធិ​”​ដាំ​ដុះ​” ដើម្បី​អភិវឌ្ឍន៍​គម្រោង​របស់​ខ្លួន ពួកគេ​ត្រូវតែ​ពលរដ្ឋ​កំពុង​រស់នៅក្នុង​ប្រទេស​កម្ពុជា និង​មាន​អត្ត​ស​ញ្ញណ​ប័ណ្ណ​សញ្ជាតិ​កម្ពុជា លិខិតឆ្លងដែន ឬ​ទិដ្ឋាការ (K Visa)​។​
 
​មូលនិធិ​”​ដាំ​ដុះ​” មិន​ប្រកាន់ វ័យ ភេទ ពិការភាព ជនជាតិដើម​ភាគតិច និង​ស្ថានភាព​គ្រួសារ​ឡើយ​។ មូលនិធិ​នេះ​លើកទឹកចិត្ត​ដល់​បេក្ខជន​ដែល​មកពី​សហគមន៍ ដែលមាន​សំឡេង​ភាគតិច​។ 
 
​ផុតកំណត់​ទទួល​ពាក្យ​ថ្ងៃទី​៣០​តុលា ឆ្នាំ​២០១៨​។ សម្រាប់​ព័ត៌មាន​លំអិត​ពី​មូលនិធិ​ដាំ​ដុះ​នេះ សូម​ចូលទៅ​កាន់ www.cambodianlivingarts.org/ មូលនិធិ​-​ដាំ​ដុះ​/?lang=kh ឬ​ទាក់ទង [email protected] ឬ​តាមរយៈ​លេខ ០១០ ៩៤១ ២២៤​។​
 
 
 

Tag:
 សិល្បៈ​
  វប្បធម៌​
  តន្ត្រី​
  គម្រោង​​ដាំ​ដុះ​
© រក្សាសិទ្ធិដោយ thmeythmey.com