កីឡាជាតិ
ជាតិ
ប៊ីន ចន្ថាធារី បង្ហាញទង់ជាតិកម្ពុជា ក្រោយជួយក្រុមឡើងវគ្គផ្តាច់ព្រ័ត្រ Malaysia Cup កីឡាករ ប៊ីន ចន្ថាធារី (ខាងស្តាំ)លើកទង់ជាតិកម្ពុជា ក្រោយជួយ Terenganu ឡើងវគ្គផ្តាច់ព្រ័ត្រ Malaysia Cup
× ខ្សែបម្រើខ្មែរ-បារាំង ប៊ីន ចន្ថាធារី លើកបង្ហាញទង់ជាតិកម្ពុជានៅលើទឹកដីម៉ាឡេស៊ី ក្រោយជួយក្រុម Terenganu ឡើងទៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Malaysia Cup ប្រចាំឆ្នាំ២០១៨។ ចន្ថាធារី ត្រូវជួយ Terenganu ប្រជែងដណ្តើមជើងឯកជាមួយក្រុម Perak។
ក្រុម Terenganu របស់ខ្សែបម្រើខ្មែរ-បារាំង ប៊ីន ចន្ថាធារី បានឈ្នះកៅអីវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Malaysia Cup ប្រចាំឆ្នាំ២០១៨ ក្រោយទម្លាក់ក្រុមជើងឯក៥សម័យកាល Johor Darul Ta’zim នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាមួយលទ្ធផលសរុបទាំងពីរជើង ៣-២។ នាការប្រកួតជើងទី១ ក្រុម Terenganu បានយកឈ្នះ Johor DT ក្នុងលទ្ធផល ១-០ មុនបញ្ចប់ដោយលទ្ធផលស្មើ ២-២ ក្នុងជើងទី២។
ក្រោយជួយក្រុមឈ្នះកៅអីវគ្គផ្តាច់ព្រ័ត្រ ខ្សែបម្រើខ្មែរ-បារាំង ប៊ីន ចន្ថាធារី និងកីឡាករម៉ាឡេស៊ីបានលើកទង់ជាតិកម្ពុជាបង្ហាញនៅមុខអ្នកគាំទ្រម៉ាឡេស៊ី ដើម្បីអបអរសាទរចំពោះជោគជ័យដ៏អស្ចារ្យនេះ។ សមាជិកក្រុមជម្រើសជាតិកម្ពុជារូបនេះ ត្រូវជួយក្រុម Terenganu ប្រជែងដណ្តើមជើងឯក Malaysia Cup ជាមួយក្រុម Perak ដែលបានទម្លាក់ក្រុម Sabah ក្នុងលទ្ធផល ៧-២ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ប៊ីន ចន្ថាធារី ក្នុងជំនួបជើងទី២ជាមួយ Johor Darul Ta'zim កាលពីសប្តាហ៍មុន
មុនឡើងមកជួបក្រុមជើងឯក៥សម័យកាល Johor Darul Ta’zim ក្រុមរបស់កីឡាករ ប៊ីន ចន្ថាធារី បានទម្លាក់ក្រុម Felda United ក្នុងលទ្ធផលទាំងពីរជើង ៦-៤ ខណៈក្រុម Perak ទម្លាក់ក្រុម PKNS FC ជាមួយលទ្ធផល ២-០។
បើមើលលទ្ធផលក្នុងពានរង្វាន់លីគកំពូលម៉ាឡេស៊ី Terenganu បញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៥ក្នុងតារាង ខណៈ Perak ជាក្រុមជើងឯករងឆ្នាំ២០១៨។ តាមប្រវត្តិជួបគ្នាពីរលើកក្នុងពានរង្វាន់លីគកំពូលម៉ាឡេស៊ីឆ្នាំ២០១៨ ក្រុមទាំងពីរឈ្នះម្នាក់១ប្រកួត ក្នុងនោះក្រុម Terenganu យកឈ្នះ Perak ២-០ ក្នុងជើងទី១ និងចាញ់ ៣-២ វិញនៅជើងទី២៕
Tag:
បាល់ទាត់
ប៊ីន ចន្ថាធារី
Malaysia Cup
© រក្សាសិទ្ធិដោយ thmeythmey.com