ជាតិ
ជប៉ុន​ផ្ដល់ជំនួយ​៣០​លាន​ដុល្លារ លើ​គម្រោង​ការពារ​ទឹកជំនន់ និង​កែលម្អ​ប្រព័ន្ធ​លូ ជំហាន​ទី​៤
23, Oct 2018 , 4:53 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ជប៉ុន បានផ្ដល់​ថវិកា​៣០​លាន​ដុល្លារ​អាមេរិក សម្រាប់​គម្រោង​ការពារ​ទឹកជំនន់ និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​លូ ជំហាន​ទី​៤ នៅក្នុង​រាជធានី​ភ្នំពេញ​។ គម្រោង​នេះ ត្រូវបាន​ទីភ្នាក់ងារ​ស​ហ​ប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន (JICA) រៀបចំ​ពិធី​ដេញថ្លៃ កាលពី​រសៀល​ថ្ងៃទី​២៣ ខែតុលា ដោយមាន​ការចូលរួម​ពី​លោក នួន ផា​រ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញ និង​លោក សាំ ពិសិដ្ឋ​ ដែលជាប្រធានមន្ទីរ​សាធារការ​រាជធានី នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​។​


ទឹកប្រាក់​សរុប​ប្រមាណ ៣០​លាន​ដុល្លា​អាមេរិក ជា​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ជប៉ុន ដែល​នឹង​ចាប់ផ្តើម​អនុវត្ត​គម្រោង នៅ​ចុងខែ​វិច្ឆិកា ឆ្នាំ​២០១៨​ខាងមុខ សម្រាប់​ក្រុមហ៊ុន​ដែល​ទទួលបាន​ការដេញ​ថ្លៃ​នេះ​។ នេះ​បើតាម​ទំព័រ​ហ្វេសប៊ុក​របស់​សាលារាជធានីភ្នំពេញ។
​គម្រោង​ដែល​ត្រូវអនុវត្ត រួមមាន​៖ ទី​១ ដាក់​បណ្តាញ​លូ​មេ នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌទួលគោក ប្រវែង ៨,២​គីឡូម៉ែត្រ ។ ទី​២ ដាក់​បណ្តាញ​លូ​មេ នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌដូនពេញ ប្រវែង ៤,៤​គីឡូម៉ែត្រ ។ ទី​៣ សាងសង់​អាង​ស្តុក​ទឹក​ក្រោម​ដី និង​សាងសង់​ស្ថានីយ៍​បូមទឹក នៅ​សួនច្បារ​មុខ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា CDC ។ ទី​៤ តម្លើង​របា​មេកានិច​ស្វ័យប្រវត្តិ ដើម្បី​ប្រមូល​សំរាម​នៅមុខ​ផ្លូវ​បង្ហូរទឹក​នៅ​ស្ថានីយ៍​បូមទឹក​ចតុមុខ ព្រះ​គន្លង​១ ព្រះ​គន្លង​២ និង​ផ្សារ​ចាស់ និង​ទី​៥ ផ្តល់​រថយន្ត​បូមទឹក​ចល័ត ចំនួន ២​គ្រឿង​។​
 
​គម្រោង​ការពារ​ទឹកជំនន់ និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​លូ ជំហាន​ទី​៤ នេះ ធ្វើឡើង​ក្រោម​កិច្ចសហប្រតិបត្តិការ​រ​វាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​នៃ​ប្រទេស​ជប៉ុន តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន JICA ៕
​ 

Tag:
 ​ជប៉ុន​
  ទឹកជំនន់​
  ប្រព័ន្ធ​លូ​
© រក្សាសិទ្ធិដោយ thmeythmey.com