ជាតិ
សេដ្ឋកិច្ច
ផ្លូវមួយខ្សែថ្មីភ្ជាប់ពីផ្លូវ៦០ម៉ែត្រ ទៅផ្លូវ៣៧១ ជំនួសការឆ្លងកាត់ច្រមុះជ្រូកក្បាលថ្នល់ រូបពីរដ្ឋបាលរាជធានីភ្នំពេញ
× ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ខែតុលា បានបើកការដ្ឋានសាងសង់កំណាត់ផ្លូវមួយខ្សែ។ នេះជាផ្លូវដែលបំពេញបន្ថែមចម្ងាយរបស់មហាវិថីអ្នកឧកញ៉ាមហាភក្ដីហ៊ុននាង។ នៅពេលសាងសង់រួចរាល់ មហាវិថីឧកញ៉ាហ៊ុននាង ដែលភ្ជាប់ចេញពីផ្លូវជាតិលេខ២ មកផ្លូវ ៦០ម៉ែត្រ នឹងត្រូវលាតសន្ធឹងមកដល់ផ្លូវ៣៧១ ដោយឆ្លងកាត់តំបន់បឹងទំពុន។
នៅពេលស្ថាបនាកំណាត់ផ្លូវនេះរួចរាល់ ទីតាំងមុខក្រុមហ៊ុនរថយន្តមែកសឺដេស នឹងក្លាយជាផ្លូវចំណុចប្រសព្វ៤ទិស។
កំណាត់ផ្លូវ ដែលត្រូវបើកការដ្ឋាននេះ មានប្រវែង ២,៨គីឡូម៉ែត្រ និងទទឹង ៣០ម៉ែត្រ ព្រមទាំងមានស្ពានមួយផងដែរ។ ព័ត៌មានលើទំព័រហ្វេសប៊ុករដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា សមិទ្ធផលថ្មីនេះជាអំណោយរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន តែមិនបានបញ្ជាក់ចំនួនទឹកប្រាក់សាងសង់នោះទេ។
នៅពេលកំណាត់ផ្លូវនេះដាក់ឲ្យប្រើប្រាស់ ប្រជាពលរដ្ឋនឹងអាចធ្វើដំណើរពីផ្លូវ៣៧១ ទៅមហាវិធីសម្ដេច ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ដោយមិនចាំបាច់ធ្វើដំណើរតាមផ្លូវ២៧១ កាត់ច្រមុះជ្រូកក្បាលថ្នល់នោះឡើយ។ ផ្លូវ៣៧១ គឺភ្ជាប់ពីស្ពានដែកស្ទឹងមានជ័យ (ឥឡូវស្ពានថ្ម) ចំការដូង តាមបណ្ដោយបឹងទំពន់ មកផ្លូវ២៧១ ។
សាលារាជធានីភ្នំពេញ អះអាងថា ការស្ថាបនាកំណាត់ផ្លូវថ្មីនេះ នឹងជួយសម្រួលការកកស្ទះចរាចរណ៍នៅចំណុចក្បាលថ្នល់ និងអិវឌ្ឍន៍ភ្នំពេញភាគខាងត្បូង។តំបន់ផ្លូវ៦០ម៉ែត្រនាពេលបច្ចុប្បន្ននេះ កំពុងតែទាក់ទាញការវិនិយោគ បុរី ផ្សារទំនើប ជាដើមឲ្យចូលមកតំបន់នេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com