ជាតិ
កងទ័ព​មួក​ខៀវ​កម្ពុជា នៅ​ម៉ាលី​រង​ការវាយប្រហារ​ពី​ពួក​ឧទ្ទាម ប៉ុន្តែ​មិនមាន​គ្រោះថ្នាក់​ដល់​ជីវិត​ទេ​
31, Oct 2018 , 10:42 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​និយាយថា កងកម្លាំង​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ដែល​បោះជំរុំ​នៅ​ប្រទេស​ម៉ាលី បាន​រង​ការវាយប្រហារ​ពី​ក្រុម​ពួក​ឧទ្ទាម​កាលពីពេល​ថ្មីៗ​នេះ ដែល​បង្ករ​ឲ្យ​មាន​អ្នកស្លាប់​២​នាក់ និង​របួស​៥​នាក់​។ ប៉ុន្តែ​កងទ័ព​មួក​ខៀវ​កម្ពុជា មិន​រងគ្រោះថ្នាក់​ដល់​ជីវិត​នោះទេ​។​


 
​ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​រោងចក្រ​ជាង​៦​ពាន់​នាក់ នៅ​ស្រុក​មុខកំពូល ខេត្តកណ្ដាល​ព្រឹក​នេះ សម្ដេច ហ៊ុន សែន បាន​និយាយថា ក្រុម​ពួក​ឧទ្ទាម​បាន​វាយប្រហារ​យ៉ាងធ្ងន់ធ្ងរ ទៅលើ​បន្ទាយ​ក្រុម​កងកម្លាំង​រក្សា​សន្តិភាព ដោយ​ពួក​ឧទ្ទាម​ប្រើប្រាស់​រថយន្ត (Pick up) ៨​គ្រឿង មក​ឡោមព័ទ្ធ​ជំរុំ ហើយ​រថយន្ត​២​គ្រឿង បាន​ចូល​វាយប្រហារ​បែប​អត្តឃាត ទៅលើ​បន្ទាយ​កងទ័ព​អង្គការសហប្រជាជាតិ ដែល​ក្នុងនោះ​មាន​កងទ័ព​មួក​ខៀវ​កម្ពុជា​រស់នៅ​។​
 
​តាម​យៈ​ការវាយប្រហារ​នេះ វា​មិនបាន​បង្ករ​ឲ្យ​កងទ័ព​មួក​ខៀវ​កម្ពុជា រងរបួស ឬ​បាត់​បង់ជីវិត​នោះទេ ពោលគឺ​មានតែ​កងទ័ព​របស់​បួ​គី​ណា​ហ្វា​សូ​ស្លាប់​២​នាក់ និង​របួស​៥​នាក់​។ នេះ​បើតាម​សម្ដេច ហ៊ុន សែន ដែល​បាន​បន្ថែមថា ការវាយប្រហារ​នេះ ត្រូវបាន​កងកម្លាំង​អង្គការសហប្រជាជាតិ​អន្តរាគមន៍​ទាន់ពេលវេលា ទើប​ធ្វើ​ឲ្យ​ស្ថានការណ៍​បាន​ធូរស្រាល​វិញ​។​
 
​ទោះ​ជាមាន​ករណីបែបនេះ​កើតឡើង​ក្តី ក៏​សម្ដេច ហ៊ុន សែន នៅតែ​បញ្ជាក់​ជំហរ​ថា កម្ពុជា​នឹង​បញ្ជូន​កងកម្លាំង​មួក​ខៀវ​បន្ថែមទៀត ទៅ​ប្រតិបត្តិ​ការរក្សាសន្តិសុខ​ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ នៅ​គ្រប់​ប្រទេស​ទាំងអស់ ដែល​ត្រូវការ​ជំនួយ​កងទ័ព​ពី​កម្ពុជា​។​
 
 
​គួរ​បញ្ជាក់ថា កង​រក្សា​សន្តិភាព​កម្ពុជា​៤​នាក់​បាន​ស្លាប់ និង​ម្នាក់​របួស នៅក្នុង​ការវាយប្រហារ​របស់​ពួក​ឧទ្ទាម Anti-Balaka ដែល​បាន​ពួនស្ទាក់​វាយប្រហារ​ទៅលើ​ក្បួន​កងកម្លាំង​រក្សា​សន្តិសុខ​នៃ​អង្គការសហប្រជាជាតិ​នៅ​ប្រទេស​អាហ្វ្រិក​កណ្តាល កាលពី​ថ្ងៃទី​៨​ខែឧសភា ឆ្នាំ​២០១៧ កន្លងមក ។ ការវាយប្រហារ​នោះ ក៏បាន​បង្ករ​ឲ្យ​កងកម្លាំង​ម៉ា​រុក​របួសធ្ងន់ ស្រាល​៥​នាក់ និង​ស្លាប់​ម្នាក់​ផងដែរ​។​
 
​ប្រទេស​អាហ្វ្រិក​កណ្ដាល និង​ប្រទេស​ម៉ាលី គឺជា​ទីតាំង​ដែល​កងកម្លាំង​រក្សា​សន្តិភាព ងាយ​រង​ការវាយប្រហារ​ពី​ក្រុម​ពួក​ឧទ្ទាម​ជាង​តំបន់​ផ្សេងៗ​ទៀត​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ហ៊ុន សែន​៕

Tag:
 ហ៊ុន សែន
  មួក​ខៀវ​
  UN
© រក្សាសិទ្ធិដោយ thmeythmey.com