កីឡាជាតិ
ជាតិ
U18 កម្ពុជាប្រកួតជាមួយជប៉ុន ដើម្បីអបអរខួបទំនាក់ទំនង៦៥ឆ្នាំ នៅរសៀលនេះ ក្រុមយុវជនជម្រើសជាតិអាយុក្រោម១៨ឆ្នាំកម្ពុជា ចូលប្រកួតនៅមីយ៉ាន់ម៉ាកាលពីឆ្នាំ២០១៧
× ក្រុមកីឡាករជម្រើសជាតិអាយុក្រោម១៨ឆ្នាំកម្ពុជា ត្រូវជួបប្រកួតជាមួយក្រុមយុវជន Fukushima អាយុក្រោម១៨ឆ្នាំជប៉ុន នៅម៉ោង៥រសៀល ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ នាពហុកីឡដ្ឋានជាតិ។ ការប្រកួតនេះ រៀបចំឡើងដើម្បីអបអរខួប៦៥ឆ្នាំនៃទំនាក់ទំនងកម្ពុជា-ជប៉ុន។
ការប្រកួតមិត្តភាពអន្តរជាតិនេះ គឺដើម្បីផ្លាស់ប្តូរបទពិសោធរវាងក្រុមយុវជនបាល់ទាត់នៃប្រទេសទាំងពីរ ជាពិសេសរឹតចំណងសាមគ្គីភាពរវាងប្រជាជនកម្ពុជា ជាមួយជប៉ុន ឲ្យកាន់តែល្អប្រសើរផងដែរ។ ក្រុមយុវជនកម្រិតវិទ្យាល័យជប៉ុននេះ គឺជាសមាជិករបស់សមាគមបាល់ទាត់ JFA Academy ប្រចាំខេត្តហ្វូគឹស៊ីមា។
ក្រុមកីឡាករ គ្រូបង្វឹក និងថ្នាក់ដឹកនាំកីឡាជប៉ុនសរុប១៨នាក់ ត្រូវបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល១សប្តាហ៍ចន្លោះពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨។ ការទស្សនកិច្ចនេះ ធ្វើឡើងក្រោមគម្រោងបណ្តាញផ្លាស់ប្តូរសិស្ស និស្សិត និងយុវជនរវាងប្រទេសជប៉ុន និងបណ្តាប្រទេសអាស៊ីខាងកើត(JENESYS) ដែលបង្កើតឡើងដោយក្រសួងការបរទេសជប៉ុន។
ក្រោយជំនួបនេះ ក្រុមយុវជនជប៉ុន នឹងប្រកួតមិត្តភាពដកស្រង់បច្ចេកទេសជាមួយក្រុមវិសាខា នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ នាពហុកីឡដ្ឋានជាតិ។ បន្ទាប់ពីការប្រកួតនេះទៅ ស្ថានទូតជប៉ុននឹងរៀបចំកម្មវិធីបង្ហាញពីសកម្មភាព និងវាយតម្លៃនៃដំណើរទស្សនកិច្ចនៅសណ្ឋាគារសាន់វេ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨៕
Tag:
បាល់ទាត់
ជប៉ុន
U18
© រក្សាសិទ្ធិដោយ thmeythmey.com