ជាតិ
ចិន ផ្ដល់ជំនួយ​៨០​លាន​ដុល្លារ សម្រាប់​សង់​អគារ​ថ្មី នៃ​មន្ទីរពេទ្យ​ព្រះកុសុមៈ ដោយ​អាច​ឲ្យ​ឧទ្ធម្ភាគចក្រ​ចុះចត​បាន​
31, Oct 2018 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ អគារ​ថ្មី​នៃ​មន្ទីរពេទ្យ​ព្រះកុសុមៈ ហៅ​ពេទ្យ​លោកសង្ឃ ដែលជា​ជំនួយ​របស់​ចិន ក្នុង​ទឹកប្រាក់​៨០​លាន​ដុល្លារ​នោះ ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​ហើយ កាលពី​ថ្ងៃទី​៣០ ខែតុលា​។ អគារ​ថ្មី​នៃ​មន្ទីរពេទ្យ​នេះ នឹង​បំពាក់​ឧបករណ៍​វេជ្ជសាស្ត្រ និង​សម្ភារ​បរិក្ខា​ទំនើប​ផ្សេងៗ​។​

 
​អគារ​ថ្មី​ដែល​ត្រូវ​សាងសង់​នេះ មាន​ទំហំ​២៨,៩០០​ម៉ែត្រការ៉េ លើ​ផ្ទៃដី​សរុប​១៣,៧៤០​ម៉ែត្រការ៉េ ដែល​គ្រោង​ចំណាយ​ថវិកា ៥៥០ លាន​យ័ន ( ៨០​លាន​ដុល្លារ​អាមេរិក​) ។ អគារ​នេះ នឹង​រៀបចំ​កន្លែង​សម្រាប់​ឧទ្ធម្ភាគចក្រ​( Helicopter) ទម្ងន់​មធ្យម​ពី​៣ ទៅ​៥​តោន ចុះចត​នៅលើ​ដំបូល​អគារ​ផងដែរ​។ នេះ​បើតាម​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​។​
 
​ថ្លែង​នៅក្នុង​ពិធីបើកការដ្ឋាន​សាងសង់​អគារ​មន្ទីរពេទ្យ​នេះ លោក ម៉ម ប៊ុនហេង បាន​បញ្ជាក់ថា អគារ​ថ្មី​នេះ​មាន​កម្ពស់ ៥៣​ម៉ែត្រ មាន​១១​ជាន់ និង​បន្ទប់​សរុប ១៣២​បន្ទប់ រួមទាំង​បង្គន់​អនាម័យ ២១៩​បន្ទប់​។​ហើយ​អគារ​នេះ​ត្រូវ​ចែកចេញជា​ផ្នែក​សម្រាប់​មុខងារ​មួយចំនួន​ដូចជា​៖ ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ ផ្នែក​សង្គ្រោះបន្ទាន់ ផ្នែក​បច្ចេកវិទ្យា​វេជ្ជសាស្ដ្រ ផ្នែក​ជំងឺ​ទូទៅ ផ្នែក​ជំងឺ​វះកាត់​ព្រមទាំង​សេវា ជំនួយ​ផ្សេងៗ​ទៀត​។​


 
​ក្រៅពីនេះ​អគារ​ថ្មី​នៃ​មន្ទី​ពេទ្យ​ព្រះកុសុមៈ ក៏មាន​ការរៀបចំ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក អគ្គិសនី និង​ប្រព័ន្ធ​បង្ហូរ​លូទឹកស្អុយ ដោយ​អនុវត្តតាម​ស្តង់ដារ​ប្រទេស​ចិន​ទៀតផង​។ បើតាម​លោក ម៉ម ប៊ុនហេង អគារ​ថ្មី​នេះ នឺង​មាន​អាយុកាល​ប្រើប្រាស់ ៥០​ឆ្នាំ សម្រប​តាម​អាកាសធាតុ​រដូវប្រាំង និង​រដូវវស្សា​។​
 
​បច្ចុប្បន្ន​មន្ទីរពេទ្យ​ព្រះកុសុមៈ មាន​គ្រែ​ព្យាបាល​ចំនួន​៣៥០ និង​មាន​បុគ្គលិក​សរុប​ទាំងអស់ ចំនួន​៥៦៣​នាក់ ក្នុងនោះ​ស្ដ្រី ចំនួន​២៣១​នាក់​, បុគ្គលិក​ជាប់កិច្ចសន្យា​ចំនួន​៤០​នាក់ និង​កម្មករ ចំនួន​៧៤​នាក់​។ នេះ​បើតាម​របាយការណ៍​រប​ស់​មន្ត្រី​ពេទ្យ​។​


 
​មន្ទីរពេទ្យ​កុសុមៈ បាន​កសាងឡើង​នា​ឆ្នាំ​១៩៥៣ ហើយ​ចាប់ផ្ដើម​ដំណើរការ​នា​ឆ្នាំ​១៩៥៦ ក្រោម​ព្រះរាជ​ឧបត្ថម្ភ​ដោយ សម្ដេចព្រះ​មហាក្សត្រី​យ៉ា​នី​ព្រះកុសុមៈ ជា​ព្រះ​មាតា​របស់​ព្រះ បរម​រតន​កោដ្ឋ សម្រាប់​ព្យាបាល​ជំងឺ​ព្រះសង្ឃ ។ មន្ទីរពេទ្យ​នេះ​បានចាប់ផ្ដើម​ដំណើរការ​ឡើងវិញ នៅ​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​១៩៧៩ បន្ទាប់ពី​ដួលរលំ​របប ប៉ុល ពត ។



ដោយ​ការណ៍​ណោះ​ក្រសួងសុខាភិបាល បាន​កែប្រែ​ពី​មន្ទីរពេទ្យ សម្រាប់​ព្យាបាល​ព្រះសង្ឃ មកជា​មន្ទីរពេទ្យ​ពហុ​ព្យាបាល​ប្រជាជន និង​ព្រះសង្ឃ ជាពិសេស​ជំងឺ​ដែល​ត្រូវ​ការវះកាត់​វិញ​។ នេះ​បើតាម​របាយការណ៍​ដដែល​៕
 

Tag:
 ​ម៉ម ប៊ុនហេង​
  មន្ទីរពេទ្យ​
  ព្រះកុសុមៈ​
© រក្សាសិទ្ធិដោយ thmeythmey.com