ភ្នំពេញ៖ ប្រធានតុលាការនៅតាមបណ្តាខេត្តចំនួន៦ និងអនុប្រធានតុលាការក្នុងខេត្ត១ផ្សេងទៀត ត្រូវផ្លាស់ប្តូរតំណែងគ្នាទៅវិញទៅមក។ ការផ្លាស់ប្តូរនេះ គឺធ្វើឡើងដោយព្រះរាជក្រឹត្យ ដែលចេញនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨។
លោក អ៊ាក ផល្លា ប្រធានតុលាការខេត្តឧត្តរមានជ័យ ត្រូវទៅកាន់តំណែងជាប្រធានតុលាការខេត្តតាកែវ ហើយលោកស្រី អ៊ិន ម៉ានិត្យ ប្រធានតុលាការខេត្តតាកែវ ត្រូវទៅកាន់តំណែងជាប្រធានតុលាការខេត្តក្រចេះ។
លោក ឌិន ស៊ីវុទ្ធី ប្រធានតុលាការខេត្តក្រចេះ ត្រូវទៅកាន់តំណែងជាប្រធានតុលាការខេត្តស្វាយរៀង ហើយលោក ប៉ិច ឈឿត ប្រធានតុលាការខេត្តស្វាយរៀង ត្រូវទៅកាន់តំណែងជាប្រធានតុលាការខេត្តប៉ៃលិន។
លោក លាង សួគ៌ ប្រធានតុលាការខេត្តប៉ៃលិន ត្រូវទៅកាន់តំណែងជាប្រធានតុលាការខេត្តកំពង់ធំ ហើយលោក ឃន សុកល ប្រធានតុលាការកំពង់ធំ ត្រូវទៅកាន់តំណែងជាប្រធានតុលាការខេត្តឧត្តរមានជ័យ។
ចំណែក លោក ផូង វណ្ណ អនុប្រធានតុលាការខេត្តកណ្តាល ត្រូវទៅកាន់តំណែងជាអនុប្រធានតុលាការខេត្តកំពង់ធំ។
ក្រៅពីប្រធាននិងអនុប្រធានតុលាការ នៅមានចៅក្រម៣៦រូបទៀត នៅតាមតុលាការ ក្នុងរាជធានី-ខេត្តទាំង២៥ ក៏ត្រូវបានផ្លាស់ប្តូរកន្លែងការងារផងដែរ។ នេះបើតាមព្រះរាជក្រឹត្យដដែល។
លោក យាប់ មេត្តា ចៅក្រមតុលាការខេត្តបាត់ដំបង លោក ឃន ចាន់ធឿន ចៅក្រមតុលាការខេត្តកំពត លោក ឃ្លោក ពិសិដ្ឋ ចៅក្រមខេត្តព្រៃវែង លោក ប៉ុក សុវណ្ណមុន្នី ចៅក្រមខេត្តកំពង់ចាម និង លោក លឹម សុគន្ធារ៉ា ចៅក្រមខេត្តសៀមរាប ត្រូវទៅធ្វើជាចៅក្រមខេត្តបន្ទាយមានជ័យ។
លោក ឡូយ ចាន់ត្រា ចៅក្រមខេត្តបន្ទាយមានជ័យ និង លោកស្រី ជុំ សង្វា ចៅក្រមខេត្តសៀមរាប ត្រូវទៅធ្វើជាចៅក្រមខេត្តបាត់ដំបង។
លោក សុក ហេង ចៅក្រមខេត្តកំពង់ឆ្នាំង ត្រូវទៅធ្វើជាចៅក្រមខេត្តព្រះសីហនុ។ ហើយលោក អ៊ី ឃាង ចៅក្រមខេត្តព្រះសីហនុ និង លោក ឡុង សិកា ចៅក្រមខេត្តតាកែវ ត្រូវទៅធ្វើជាចៅក្រមខេត្តកំពត។
លោក អ៊ី សាវិញ និង លោក ថៃ គឹមមុនី ចៅក្រមខេត្តបន្ទាយមានជ័យ រួមទាំងលោក តុប ឈុនសុង ចៅក្រមខេត្តកំពត ត្រូវទៅធ្វើជាចៅក្រមខេត្តកំពង់ស្ពឺ។
លោក ជួន សុរាសី ចៅក្រមរាជធានីភ្នំពេញ លោក មុយ សុភ័ក្ត្រ ចៅក្រមខេត្តបន្ទាយមានជ័យ លោក ជូ លឹមហ៊ាង ចៅក្រមខេត្តកំពង់ស្ពឺ និង លោក ថាន់ ឃុង ចៅក្រមខេត្តក្រចេះ ត្រូវទៅធ្វើជាចៅក្រមខេត្តសៀមរាប។
លោក ស៊ុយ សុភា ចៅក្រមខេត្តមណ្ឌលគិរី និង លោក តូង ពុទ្ធារ៉ា ចៅក្រមខេត្តកំពង់ស្ពឺ ត្រូវទៅធ្វើជាចៅក្រមខេត្តកំពង់ចាម។
លោក ហុង សុគុណវឌ្ឍនា និង លោកស្រី យី សុខវូច ចៅក្រមខេត្តកំពត លោក រស់ សាម៉ឺឌី ចៅក្រមខេត្តក្រចេះ លោក ឆឹម ឫទ្ធី ចៅក្រមខេត្តកំពង់ស្ពឺ លោក ឃុន សូណា ចៅក្រមខេត្តកំពង់ចាម លោក សំ ប៊ុនពៅ ចៅក្រមខេត្តសៀមរាប លោក ម៉ៅ ស៊ីណា ចៅក្រមខេត្តពោធិ៍សាត់ និង លោកស្រី យិច ឈាណាវី ចៅក្រមខេត្តបាត់ដំបង ត្រូវទៅធ្វើជាចៅក្រមរាជធានីភ្នំពេញ។
លោក ហេង សុខណា ចៅក្រមរាជធានីភ្នំពេញ ត្រូវទៅធ្វើជាចៅក្រមខេត្តស្ទឹងត្រែង។ លោក លឹម មករន្ទ និង លោក ម៉េង តូនី ចៅក្រមរាជធានីភ្នំពេញ ត្រូវទៅធ្វើជាចៅក្រមខេត្តក្រចេះ។ លោក គង់ កូមិន្ទ ចៅក្រមខេត្តស្ទឹងត្រែង ត្រូវទៅធ្វើជាចៅក្រមខេត្តតាកែវ។ លោក លី លីបម៉េង ចៅក្រមរាជធានីភ្នំពេញ ត្រូវទៅធ្វើជាចៅក្រមខេត្តមណ្ឌលគិរី។ លោក អ៊ី ឋាវរៈ ចៅក្រមរាជធានីភ្នំពេញ ត្រូវទៅធ្វើជាចៅក្រមខេត្តកំពង់ឆ្នាំ។
លោក សាន សុផាត លោក នូ វាសនា និង លោក ជា សុខច័ន្ទដេត ចៅក្រមរាជធានីភ្នំពេញ ត្រូវទៅបម្រើការងារនៅក្រសួងយុត្តិធម៌ (មិនបញ្ជាក់ពីតំណែង)។
ព្រះរាជក្រឹត្យ បញ្ជាក់ថា ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និង សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវទទួលបន្ទុកអនុវត្តការផ្ទេរតំណែងនេះ។
ព្រះរាជក្រឹត្យ បានចេញ បន្ទាប់ពីឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បើកកិច្ចប្រជុំពេញអង្គលើកទី៣០ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ ដោយបានសម្រេចផ្តាស់ប្តូរមុខតំណែងប្រធាន អនុប្រធានតុលាការ និង ចៅក្រមទាំងនោះ។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្នុងព្រះបរមរាជវាំង ក្រោមព្រះរាជអធិបតីរបស់ព្រះមហាក្សត្រ ព្រះប្រធាននៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម៕