ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើអ្នកគ្រប់គ្រងសាលារៀនទាំងអស់ ត្រូវត្រៀមលក្ខណៈគ្រប់រូបភាព ក្នុងការធានាការបង្រៀនសិស្សឲ្យបានពេញលេញ ស្របតាមកម្មវិធីសិក្សាដែលបានកំណត់ បើទោះជាមានករណីទឹកជំនន់ និងខ្យល់កន្ត្រាក់ក៏ដោយ។ ការស្នើរបស់សម្ដេច ហ៊ុន សែន នេះ នៅក្នុងសារអំពាវនាវ ៨ចំណុច ដែលអបអរសាទរថ្ងៃបើកបវេនកាលសិក្សាឆ្នាំ២០១៨-២០១៩។
ដើម្បីធានាការអប់រំឲ្យមានគុណភាពប្រកបដោយសមធម៌ បរិយាកាស និងលើកកម្ពស់ឱកាសសិក្សាពេញមួយជីវិត សម្រាប់សិស្សានុសិស្សទាំងអស់នោះ សម្ដេច ហ៊ុន សែន បានលើកឡើងពីចំណុចមួយចំនួន ទាក់ទងការអប់រំ មករំឭកដល់ក្រសួងអប់រំ និងស្ថាប័នពាក់ព័ន្ធនានា។
ចំណុចស្នូលដែលសម្ដេច ហ៊ុន សែន មើលឃើញថា ជាទិសដៅសំខាន់សម្រាប់ការអប់រំនោះ គឺទី១ ក្រសួងអប់រំយុវជន និងកីឡា រួមទាំងស្ថាប័នពាក់ព័ន្ធត្រូវពិនិត្យឡើងវិញ នូវគោលនយោបាយក្របខណ្ឌច្បាប់បទដ្ឋាន និងយន្តការចាំបាច់ ដើម្បីយកទៅអនុវត្តឲ្យមានប្រសិទ្ធភាព ដែលធានានូវលទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាព សមត្ថភាព និងបរិយាប័ន្ន សម្រាប់សិស្សានុសិស្សគ្រប់រូប ស្របទៅនឹងបរិការណ៍ថ្មីនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
រីឯចំណុចសំខាន់ទី២ ដែលប្រមុខរដ្ឋាភិបាល មើលឃើញជាសារៈសំខាន់ ហើយមិនអាចរំលងបាននោះ គឺគ្រឹះស្ថានសិក្សាគ្រប់រូបភាព រួមទាំងទីវត្តអារាម ត្រូវធានាលទ្ធភាពក្នុងការផ្ដល់ការអប់រំពេញលេញ និងមានគុណភាព ។ ជាពិសេសសាលារៀន ត្រូវត្រៀមលក្ខណៈតាមគ្រប់រូបភាពក្នុងករណីមាន ទឹកជំនន់ ខ្យល់កន្ត្រាក់បាក់សាលារៀនជាដើម ដោយត្រូវធានារយៈពេលនៃការរៀន និងបង្រៀនពេញលេញស្របតាមកម្មវិធីសិក្សាដែលបានកំណត់។
ចំពោះសាលារៀនដែលមានការអនុវត្តកម្មវិធីនានាត្រូវខិតខំបង្កើនប្រសិទ្ធភាព ក្នុងការអនុវត្តក៏ដូចជាការផ្ដល់អាហារូបករណ៍ដល់សិស្ស ការផ្ដល់អាហារពេលព្រឹកឬអាហារថ្ងៃត្រង់ជាដើម។
ក្រៅពីនេះ សាលារៀន ត្រូវបង្កើនការផ្សព្វផ្សាយនិងធ្វើយុទ្ធនាការប្រមូលកុមារចូលរៀន ។ ជាពិសេសរៀបចំនិងជួសជុលបន្ទប់រៀន សង្ហារឹម តុទូ កៅអី ក្តាខៀន ទ្វារបង្អួច បង្គន់អនាម័យ កន្លែងលាងសម្អាតដៃ និងបរិក្ខារនានា ដើម្បីបរិស្ថានសិក្សាស្អាត មានអនាម័យត្រឹមត្រូវ ប្រកបដោយនិរន្តរភាពនិងផាសុខភាព។ នេះបើតាមសម្ដេច ហ៊ុន សែន។
និយាយចំណុចនេះហើយ ប្រមុខរដ្ឋាភិបាល ក៏បានលើកឡើងពីកត្តាគួបផ្សំមួយចំនួនទៀត ទាក់ទងសមត្ថភាពគ្រូបង្រៀន ទាំងផ្នែកចំណេះដឹងថ្មី តាមបែបបច្ចេកវិទ្យាព័ត៌មាន និងវិធីបង្រៀន រួមទាំងភាសាបរទេសផ្សេងៗ ដោយធ្វើយ៉ាងណាបង្រៀនសិស្សឲ្យមានគុណភាព។ សម្រាប់សម្ដេច ហ៊ុន សែន សមត្ថភាពគ្រូបង្រៀនគឺជារឿងមួយ ប៉ុន្តែកត្តាសំខាន់នោះ ក៏កើតចេញពីការខិតខំរៀនសូត្ររបស់សិស្សខ្លួន បូករួមការតាមដានការសិក្សាកូន ពីសំណាក់មាតាបិតា និងអាណាព្យាបាលសិស្សផងដែរ។
សម្ដេច ហ៊ុន សែន បានសរសេរលើហ្វេសប៊ុកយ៉ាងដូច្នេះថា៖«ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះលោកគ្រូ អ្នកគ្រូបង្រៀនទាំងអស់នៅទូទាំងប្រទេស ដែលបានខិតខំលះបង់កម្លាំងកាយ ប្រាជ្ញា ស្មារតី បង្ហាត់បង្រៀនសិស្ស ឲ្យទទួលបានចំណេះដឹង ជំនាញ សីលធម៌ និងកាយសម្បទារឹងមាំ ដើម្បីក្លាយជាពលរដ្ឋល្អ ដែលជាសរសរទ្រូងដ៏រឹងមាំ ក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យសំបូររុងរឿង។ ជាមួយគ្នានោះ ការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាលសិស្ស អាជ្ញាធរដែនដី និងដៃគូរអភិវឌ្ឍន៍ទាំងអស់ ក៏ជាកម្លាំងសរុបមួយ ជួយដល់ការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ឲ្យមានដំណើរការយ៉ាងរលូន និងទទួលបានជោគជ័យ គួរជាទីមោទនៈ ក្នុងរយៈពេលក្លងមកនេះផងដែរ»។
ក្រៅពីស្ថាប័នរដ្ឋាភិបាល ដែលត្រូវយកចិត្តទុកដាក់លើកិច្ចការសិក្សារបស់សិស្សនោះ ដៃគូអភិវឌ្ឍអង្គការមិនមែនរដ្ឋាភិបាល ក៏ត្រូវបង្កើនកិច្ចសហការនិងពង្រឹងភាពជាដៃគូកាន់តែខ្លាំងបន្ថែមទៀត ក្នុងការជួយឧបត្ថម្ភគាំទ្រដល់កម្មវិធីអប់រំនានា។ ជាពិសេសនៅកន្លែងដែលមានសេវាអប់រំពិបាកទៅដល់ ឬក្រុមសិស្សដែលជួបការលំបាក។ នេះជាការលើកឡើងរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន៕