ជាតិ
សម្ដេច ហ៊ុន សែន​៖ ឱសថ​ក្លែងក្លាយ កំពុង​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​
05, Nov 2018 , 9:19 pm        
រូបភាព
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​និយាយថា ឱសថ​ក្លែងក្លាយ​កំពុងតែ​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ប្រជាពលរដ្ឋ និង​សុវត្ថិភាព​សង្គម  រួមទាំង​ការរាំងស្ទះ​ដល់​កំណើន​សេដ្ឋកិច្ចជាតិ ដែល​អាជ្ញាធរ​ត្រូវ​សហការគ្នា​ទប់ស្កាត់​បញ្ហា​នេះ​។

 
​សម្ដេច ហ៊ុន សែន បាន​និយាយថា បញ្ហា​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព កំពុង​រីក​រាលដាល​ដាក់លក់​នៅ​ឱសថស្ថាន និង​តាម​អន​ឡាញ​យ៉ាងច្រើន ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​។ សម្ដេច ហ៊ុន សែន បាន​និយាយថា មូល​ហេតុដែល​អាជ្ញាធរ​ពិបាក​ទប់ស្កាត់ និង​លុបបំបាត់​បញ្ហា​ឱសថ​ក្លែងក្លាយ​ទាំងនោះ ដោយសារតែ​ឱសថ​ក្លែងក្លាយ​នេះ វា​មាន​ភិនភាគ​ដូច​ឱសថ​មានគុណ​ភាពល្អ ។​
 
​ថ្លែង​ក្នុង​ពិធី​បើក​សន្និសីទ​អន្តរជាតិ​ថ្នាក់​តំបន់​ស្តីពី «​ការប្រយុទ្ធប្រឆាំង​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព​« នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភូ​គី​ត្រា នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា​នេះ ប្រមុខ​រដ្ឋាភិបាល បានបញ្ជាក់​ដូច្នេះ​ថា​៖«​ការរីក​រាលដាល​ជំនួញ​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព​នេះ អាច​បណ្ដាលមកពី​កត្តា​ជាច្រើន​រួមមាន តម្លៃ​ឱសថ​ពិតប្រាកដ និង​ត្រឹមត្រូវ​មានតម្លៃ​ខ្ពស់ យន្តការ​និង​ការគ្រប់គ្រង​ឱសថ ក្នុងពេល​ផលិត និង​ចរាចរ​នៅលើ​ទីផ្សារ មិនមាន​ប្រសិទ្ធភាព និង​ការបណ្ដុះបណ្ដាល​មន្ត្រី​សុខាភិបាល ស្តីពី​ជំនាញ​ត្រួតពិនិត្យ​គុណភាព​ឱសថ ព្រមទាំង​ការផ្សព្វផ្សាយ​ដល់​ប្រជាជន ឲ្យ​បាន​យល់ដឹង​ពី​ឱសថ​ក្លែងក្លាយ និង​ការត្រួតពិនិត្យ​ឱសថ​ដោយ​សមត្ថកិច្ច​នៅមានកម្រិត​។ កត្តា​ទាំងអស់នេះ បានផ្ដល់​ឱកាស​ឲ្យ​ឧក្រិដ្ឋជន អាច​កេង​យក​ប្រយោជន៍​សង្គមជាតិ ហើយ​បាន​គំរាម​កាន់តែ​ធ្ងន់ធ្ងរ​ដល់​សុខមាលភាព និង​អាយុជីវិត​របស់​ប្រជាជន​»​។​
 
​ដើម្បី​ដោះស្រាយ​បញ្ហា​ឱសថ​ក្លែងក្លាយ​នេះ លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា បានស្នើ​បណ្ដា​ប្រទេស​ទាំងអស់ ជួយ​រៀបចំ និង​ចាត់វិធានការ​កែទម្រង់​ច្បាប់ និង​បទដ្ឋាន​គតិយុត្ត​នានា តាម​ការចាំបាច់​របស់​ប្រទេស​រៀងៗ​ខ្លួន ដើម្បី​ធានា​ឲ្យ​បាន​នូវ​ក្របខ័ណ្ឌ​ច្បាប់ ដែល​អនុលោម​យន្តការ​អន្តរជាតិ​។ ជាពិសេស​អនុវត្ត​វិធានការ​ប្រយុទ្ធប្រឆាំង​បទល្មើស​ឱសថ​ក្លែងក្លាយ​និង​អន់​គុណភាព ជាពិសេស​ត្រូវ​ផ្ដន្ទាទោស​យ៉ាង​តឹងរឹង​ចំពោះ​ជនល្មើស និង​ជន​ទាំងឡាយណា​ដែលមាន​ការពាក់ព័ន្ធ​។​
 
​ដោយឡែក​ប្រទេស​នីមួយៗ គួរ​បង្កើត​ក្រុម​ជំនាញ​ពាក់ព័ន្ធ​ការងារ​ប្រយុទ្ធ​ប្រឆាំងនឹង​បទល្មើស​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព ក្នុង​គោលដៅ​សម្របសម្រួល​បញ្ជូន​ពត៌មាន និង​ផ្សព្វផ្សាយ​អំពី​ហានិភ័យ និង​គ្រោះ ថ្នាក់​ផ្សេងៗ​ដល់​សាធារណៈជន និង​កិច្ចសហប្រតិបត្តិការ​ខ្ពស់​ក្នុង​តំបន់ ដើម្បី​ប្រយុទ្ធប្រឆាំង​និង​ទប់ស្កាត់​បញ្ហា​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​និង​ទាន់ពេលវេលា​។ ចំណែក​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​នៅតាម​ព្រំដែន​នៃ​ប្រទេស​នីមួយៗ ត្រូវ​ផ្តល់​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយគ្នា ក្នុងការ​ស្វែងរក​បទ​ល្មើស​ពាក់ព័ន្ធ​នឹង​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព ហើយ​ត្រូវបង្កើត​កម្មវិធី​ផ្លាស់ប្ដូរ​ព័ត៌មាន ដើម្បី​ស៊ើបអង្កេត​រក​ប្រភព​សង្វាក់​ផលិត ការចែក​ចាយ និង​អត្តសញ្ញាណ​ឧក្រិដ្ឋជន​ទាំងនោះ​។​
 
​បន្ថែម​ពីនេះ ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​បង្កើន​កិច្ចសហប្រតិបត្តិការ​រ​វាង​ស្ថាប័នរដ្ឋ​និង​ឯកជន ជាពិសេស​ម្ចាស់​ក្រុមហ៊ុន​ដែល​ផលិត​ឱសថ ដើម្បី​ស្រាវជ្រាវ​រក​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព ដែល​កំពុង​ចរាចរ​លើ​ទីផ្សារ ហើយ​ត្រូវ​រាយការណ៍​ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច ហ៊ុន សែន​។​
 
 
​ទាក់ទង​នឹង​បញ្ហា​នេះ ក្រសួងសុខាភិបាល ក៏បាន​ផ្សព្វផ្សាយ និង​ហាម​ពលរដ្ឋ​ទិញ​ឱសថ ដែល​ផ្សព្វផ្សាយ​លក់​តាម​អន​ឡាញ​ផងដែរ ដោយសារតែ​ឱសថ​ទាំងនោះ មិនមាន​ការចុះ​បញ្ជិការ​ត្រឹមត្រូវ និង​គ្មាន​ប្រភព​ច្បាស់លាស់ ដែល​មិនអាច​ទុកចិត្តបាន​។​
 
​កន្លងមក ប្រធាន​គណៈកម្មាធិការ​សុខុមាលភាព​នៃ​សភាពាណិជ្ជកម្ម​អឺរ៉ុប និង​ជានា​យក​ក្រុមហ៊ុន​ZUelling Pharma ប្រចាំ​កម្ពុជា លោក Jean-Gaetan GUILLEMAUD  ធ្លាប់បាន​បញ្ជាក់ថា ពលរដ្ឋ​មួយ​នាក់​ក្នុងចំណោម​ប្រជាពលរដ្ឋ​ខ្មែរ ជាង​១៦​លាន​នាក់ ត្រូវបាន​ស្លាប់ រៀងរាល់​ពេល​៤​ម៉ោង​ម្តង ដោយសារ​ការប្រើប្រាស់​ឱសថ​ក្លែងក្លាយ​។​លោក Jean-Gaetan បាន​និយាយថា ឱសថ​ក្លែងក្លាយ​បានសម្លាប់​មនុស្ស​ក្នុង​មួយថ្ងៃ ច្រើនជាង​ភេរវ​ករ​សម្លាប់​មនុស្ស​ក្នុង​មួយឆ្នាំ​។ 
 
​អ្នកជំនាញ​រូបនេះ បាន​បន្ថែមថា អ្នកស្លាប់​មាន​ចំនួន​៥​ដង ដោយសារ​ប្រើប្រាស់​ឱសថ​ក្លែងក្លាយ បើ​ធៀប​នឹង​ចំនួន​អ្នកស្លាប់ ដោយសារតែ​ញៀន​ថ្នាំ ឬ​ការប្រើប្រាស់​គ្រឿងញៀន​ហួស​កម្រិត​។ បើតាម​លោក Jean-Gaetan មាន​ឱសថ​៧​ក្នុងចំណោម​១០​មុខ លក់​នៅលើ​ទីផ្សារ​កម្ពុជា គឺជា​ឱសថ​ក្លែងក្លាយ​៕
 

Tag:
 ​ហ៊ុន សែន​
  ឱសថ​ក្លែងក្លាយ​
© រក្សាសិទ្ធិដោយ thmeythmey.com