ជាតិ
និស្សិតផ្នែកទេសចរណ៍ អាចខ្ចីប្រាក់ពីស្ថាប័នហិរញ្ញវត្ថុ៦នៅកម្ពុជា បាន៥០០ដុល្លារក្នុង១ឆ្នាំ
× ភ្នំពេញ៖ ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុចំនួន៦នៅកម្ពុជា បានត្រៀមជាស្រេច ក្នុងការផ្តល់សេវាប្រាក់កម្ចីសិក្សាដល់សិស្ស-និស្សិត ដែលមានបំណងរៀនជំនាញទេសចរណ៍ ហើយមិនមានលទ្ធភាពបង់ថ្លៃសាលា។ ស្ថាប័នហិរញ្ញវត្ថុទាំង៦ខាងលើ នឹងផ្តល់កម្ចីសិក្សាសម្រាប់សិស្ស និស្សិតក្នុងវិស័យទេសចរណ៍ ជាមួយអត្រាការប្រាក់ទាប ដោយពុំចាំបាច់មានទ្រព្យបញ្ចាំអ្វីឡាយ។
សិស្ស-និស្សិត មានជម្រើស២ ក្នុងការទូទាត់សង់ប្រាក់ទៅស្ថាប័នហិរញ្ញវត្ថុទាំងនោះវិញ។ ជម្រើសទី១ នៅពេលកំពុងសិក្សា អ្នកខ្ចីប្រាក់អាចបង់តែការប្រាក់ ឬបង់ប្រាក់ដើមមួយខែ។ ជម្រើសទី២ ក្រោយពេលរៀនចប់ និស្សិតរកការងារបានធ្វើ ទើបមកបង់ប្រាក់ដើម និងការក៏បានដែរ។ សិស្ស-និស្សិត អាចខ្ចីប្រាក់ពីស្ថាប័នហិរញ្ញវត្ថុ ៥០០ដុល្លារក្នុងមួយឆ្នាំ។ នេះបើតាមក្រសួងទេសចរណ៍។
ស្ថាប័នហិរញ្ញវត្ថុទាំង៦ ដែលផ្ដល់សេវាកម្ចីសិក្សានេះ រួមមាន ធនាគារអេស៊ីលីដា ភីអេលស៊ី, ធនាគារកាណាឌីយ៉ា កអ, ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអេលស៊ី, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រេឌីត និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សេ អឹម ការ CMK ដែលអាចផ្តល់កម្ចីដល់សិស្ស-និស្សិត ក្នុងវិស័យនេះ បានរហូតដល់៧ឆ្នាំ។
កាលពីថ្ងៃទី២១ ខែមិថុនា កន្លងមក សម្តេច ហ៊ុន សែន បានអំពាវដល់បណ្ដាធនាគារឯកទេសទាំងឡាយ ចូលរួមចំណែកបណ្ដុះបណ្ដាលធនធានមនុស្ស តាមរយៈការផ្ដល់កម្ចីការប្រាក់ទាប ដល់សិស្សនិស្សិតដែលចង់រៀនជំនាញក្នុងវិស័យទេសចរណ៍៕
Tag:
ហិរញ្ញវត្ថុ
ទេសចរណ៍
ធនាគារ
និស្សិត
© រក្សាសិទ្ធិដោយ thmeythmey.com