ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាន​អត្ថបទ​នេះ​រួច អ្នក​ប្រាកដជា​ប្រែចិត្ត​ចង់​ទទួលទាន ផ្លែ​ស្រកានាគ ជាក់​ជាមិនខាន​
10, Nov 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
ផ្លែ​ស្រកានាគ គឺជា​ផ្លែឈើ​ត្រូពិច​មួយ​ប្រភេទ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន​, ជាតិ​រ៉ែ និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ជាច្រើន​ប្រភេទ​។ ភាគច្រើន​នៃ​ពួកយើង​ទទួលទាន​ផ្លែឈើ​នេះ ដោយ​មិនបាន​ចាប់អារម្មណ៍​ទេ​ថា វា​អាច​ផ្ដល់​អត្ថប្រយោជន៍​ដល់​សុខភាព ក៏ដូចជា​ទប់ស្កាត់​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​បាន​។ ហើយ​ចំពោះ​អ្នក​ដែល​មិន​ចូលចិត្ត​ទទួលទាន​ក៏​ប្រហែលជា​នឹង​ប្ដូរ​ចិត្តជា​ចង់​ទទួលទាន​ផ្លែ​ស្រកានាគ​វិញ​ជាមិនខាន បន្ទាប់ពី​អាន​អត្ថបទ​នេះ​រួច​។



ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​អត្ថប្រយោជន៍​ល្អៗ​នៃ​ផ្លែ​ស្រកានាគ​ចំពោះ​សុខភាព​រាងកាយ ៖

១. ល្អ​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ​
 
​ផ្លែ​ស្រកានាគ គឺ​អាហារ​ដ៏​ល្អប្រសើរ​បំផុត​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ និង​ពោះ​រៀន​។ វា​កាត់បន្ថយ​បញ្ហា​ទល់លាមក និង​បង្កើន​ការរំលាយ​អាហារ​។ ផ្លែ​ស្រកានាគ​មាន​ផ្ទុក​ជាតិ​ស​សៃ​ដែល​រក្សា​សុខភាព​ពោះវៀន និង​ធ្វើ​ឲ្យ​វា​ដំណើរការ​កាន់តែ​ប្រសើរ​សកម្ម​ឡើង​។​
 
២. ជួយ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​
 
​ផ្លែ​ស្រកានាគ គឺជា​ជម្រើស​ល្អ​មួយ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម ដោយ​វា​មាន​ផ្ទុក​បរិ​មាណនៃ​ជាតិ​ស​សៃ​ខ្ពស់​ដែល​ជួយ​កាត់បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ និង​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​។ ស​ន្ទ​ស្សន៍​គ្លី​សេ​មិច​ទាប គឺជា​ចំណុច​ដ៏​អ​ស្ចា្យ​មួយទៀត​នៃ​ផ្លែ​ស្រកានាគ​ដើម្បី​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម​។​
 
៣. ល្អ​សម្រាប់​សុខភាព​បេះដូង​

​ផ្លែ​ស្រកានាគ គឺមាន​ផ្ទុក​សារធាតុ flavonoid ដែល​ល្អ​សម្រាប់​សុខភាព​បេះដូង​។ សារធាតុ​ flavonoid មាន​ប្រសិទ្ធិភាព​ក្នុងការ​កាត់បន្ថយ​ជំងឺ​បេះដូង​។ លើសពីនេះទៅទៀត ផ្លែ​ស្រកានាគ​
​រំញោច​ចរន្តឈាម​រត់ ដើម្បី​ជួយ​បើក​នូវ​រា​ល់ស​សៃ​ប្រសាទ​ដែល​ស្ទះ ក៏ដូចជា​សន្ទះ​បេះដូង​ផងដែរ​។​
 
៤. គ្រប់គ្រង​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​
 
​ផ្លែ​ស្រកានាគ គឺមាន​ផ្ទុក​នូវ​សារធាតុ​ពិសេស​មួយ​ហៅថា Betalains ដែល​ផ្ដល់​ពណ៌​ឲ្យ​ផ្លែឈើ​នេះ​។ សារធាតុ Betalains គឺ​ទទួលខុសត្រូវ​គ្រប់គ្រង​លើ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​រាងកាយ ដោយ​កាត់បន្ថយ​​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ ហើយ​បង្កើន​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ​។​

៥. ទប់ស្កាត់​ជំងឺមហារីក​
 
​ផ្លែ​ស្រកានាគ មាន​ផ្ទុក​នូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ជាច្រើន​ដូចជា phenols, flavonoids និង​សមាសធាតុ​ពិសេសៗ​ដែលជា​សារធាតុ​ប្រឆាំង​ជំងឺមហារីក និង​ទប់ស្កាត់​មិន​ឲ្យ​ជំងឺ​សាហាវ​នេះ​កើតឡើង​។​

៦. កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ដាច់​ស​សៃ​ឈាម​ខួរក្បាល​
 
​ផ្លែ​ស្រកានាគ គឺជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន C ដែល​ចាំបាច់​សម្រាប់​សុខភាព​រាងកាយ​។ ហើយ​បរិមាណ​ខ្ពស់​នៃ​វីតាមីន C អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ដាច់​ស​សៃ​ឈាម​ខួរក្បាល និង​ជំងឺខ្សោយបេះដូង​។​

៧. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​
 
​វីតាមីន C ដែលមាន​នៅក្នុង​ផ្លែ​ស្រកានាគ រួមជាមួយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម គឺមាន​ឥទ្ធិពល​ក្នុងការ​ពង្រឹង និង​រំញោច​ប្រព័ន្ធ​ភាពស៊ាំ​ឲ្យ​មាន​លក្ខណៈ​កាន់តែ​ប្រសើរឡើង​។ ប្រព័ន្ធ​ភាពស៊ាំ​រឹងមាំ​នឹង​ការពារ​រាងកាយ​ឲ្យ​ជៀស​ផុតពី​ជំងឺ​ផ្សេងៗ រួមទាំង​រោគ​ឆ្លង​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com