ជាតិ
លោក ណៃ សុខន្តរ៉ា៖ ការបើកអាជីវកម្មក្រោយគេ ត្រូវមានអ្វីមួយនៅក្នុងដៃខុសពីគេ លោក ណៃ សុខន្តរ៉ា ម្ចាស់ហាង Zoo Cafe
× ភ្នំពេញ៖ ហាងកាហ្វេបើកថ្មីៗជាច្រើន វាមិនមែនជារឿងមួយប្លែក សម្រាប់អតិថិជន នាពេលបច្ចុប្បន្ននេះទេ។ ដូច្នេះការបើកអាជីវកម្មហាងកាហ្វេក្រោយគេ វាទាមទារឲ្យមានភាពច្នៃប្រឌិតប្លែកពីគេដែរ។ នេះជាបទពិសោធន៍មួយរបស់លោក ណៃ សុខន្តរ៉ា ម្ចាស់ហាងកាហ្វេ Zoo Café។
កាហ្វេសួនសត្វ ឬ Zoo Café ទើបតែបើកដំណើរការ រយៈពេល៤ខែប៉ុណ្ណោះ។ ហើយវាជាកន្លែងហាងកាហ្វេមួយប្លែកពីហាងដទៃ ត្រង់ថា នៅទីនោះមានប្រភេទសត្វចិញ្ចឹមជាច្រើន សម្រាប់អ្នកពិសារកាហ្វេ បបោសអង្អែលលេង ជាមួយសត្វដែលគួរឲ្យស្រលាញ់ទាំងនោះ។ ហាងកាហ្វេមួយនេះ កើតចេញពីគំនិតច្នៃប្រឌិតរបស់លោក ណៃ សុខន្តរ៉ា ដែលជាចូលចិត្ត និងស្រលាញ់សត្វ។
មូលហេតុដែលលោក សុខន្តរ៉ា សម្រេចចិត្តយកសត្វមកដាក់បង្ហាញនៅក្នុងហាងនេះ ដោយសារលោកចង់ឲ្យមនុស្សទូទៅបានស្គាល់ប្រភេទសត្វទាំងនោះ រួមផ្សំជាមួយគំនិតចង់បានអ្វីដែលថ្មី និងប្លែកក្នុងអាជីវកម្មកាហ្វេផង។ ប្រភេទសត្វដែលលោក សុខន្តរ៉ា យកមកបង្ហាញអតិថិជនខ្លួននេះ ភាគច្រើនជាសត្វចិញ្ចឹមនាំមកពីបរទេស ដែលវាជាដើមទុន៥០ភាគរយ សម្រាប់ម្ចាស់ហាងកាហ្វេរូបនេះ ដែលរំពឹងថា អាជីវកម្មខ្លួនទទួលបានជោគជ័យ។
ម្ចាស់ហាងកាហ្វេ វ័យ២៥ឆ្នាំរូបនេះ បាននិយាយដូច្នេះថា៖ « មុនបើក Zoo Café នេះឡើង ខ្ញុំបានសិក្សាពីហាងកាហ្វេមួយកន្លែងនៅប្រទេសថៃ ដែលវាមានលក្ខណៈ ដូចហាងរបស់ខ្ញុំបច្ចុប្បន្ន នេះចឹង។ ខ្ញុំបានស្វែងរក និងបំពេញចំណុចខ្វះខាតរបស់ហាងកាហ្វេនោះ យកមកកែច្នៃ និងអនុវត្តដោយផ្ទាល់ សម្រាប់ការដើរលើអាជីវកម្មនេះក្រោយគេ»។
ក្រៅពីរៀបចំទីតាំងហាងស្អាត មានសោភណ្ឌនោះ វាក៏ទាមទាឲ្យលោក សុខន្តរ៉ា រៀបចំបរិស្ថាន និងអនាម័យឲ្យបានល្អដែរ។ ចំណុចដែល លោក សុខន្តរ៉ា បានបំពេញនោះ គឺការរៀបចំហាងមិនឲ្យមានក្លិនអាក្រក់ ចេញពីសត្វដែលបានតាំងបង្ហាញទាំងនោះ(ក្លិនទឹកនោម ឬក្លិនលាមកសត្វជាដើម) និងរៀបចំទីកន្លែងសត្វ ឲ្យបានត្រឹមត្រូវ មិនមានភាពរត់រប៉ាត់រប៉ាយ ឬរំខានដល់អតិថិជន។ អ្វីដែលពិសេសនោះ គឺការចូលមើលសត្វដោយសេរី ជាមួយតម្លៃកាហ្វេមិនលើសពីហាងកាហ្វេល្បីៗ ក្នុងស្រុកឡើយ។ លោក សុខន្តរ៉ា បានបញ្ជាក់ថា ពលរដ្ឋអាចចូលមើលសត្វទាំងនោះ គ្រប់ពេលវេលា ដោយមិនបាច់ទិញកាហ្វេក៏បានដែរ។
លោកនិយាយដូច្នេះ « មានកត្តាពីរយ៉ាង ដែលជំរុញឲ្យ Zoo Café ទទួលបានភាពជោគជ័យ។ កត្តាជំរុញទី១ គឺសត្វ ដោយសារតែខ្ញុំជាមនុស្សស្រលាញ់ និងចិញ្ចឹមសត្វ ហើយសត្វភាគច្រើនដែលខ្ញុំមាននោះ មនុស្សទូទៅ មិនសូវបានស្គាល់ ឬដឹងពីមុនឡើយ។ កត្តាជំរុញទី២ គឺខ្ញុំចង់បង្កើតអ្វីដែលគេមិនធ្លាប់មានពីនេះ។ ជាក់ស្តែងសត្វទាំងនេះ ខ្ញុំជឿងជាក់ថា ហាងកាហ្វេល្បីៗ ក្នុង និងក្រៅស្រុក គឺមិនមានឡើយ។ ក្រៅពីនេះ ខ្ញុំបានសិក្សា និងកែលម្អទៅរកភាពវិជ្ជាមានបន្ថែម ក្នុងប្រភេទអាជីវកម្ម ដែលមានលក្ខណៈប្រកួតប្រជែងគ្នាខ្លាំងបែបនេះ»។
សត្វប្លែកៗទាំងនោះ ភាគច្រើននាំចូលពីប្រទេសថៃ ដែលរួមមាន សត្វស្វាតូចMarmoset, កញ្ជ្រោង Fennec, កណ្ដុរJerboa, ជ្រូកGuinea, សត្វបង្គួយ និងសត្វស្អាតៗមួយចំនួនទៀត។ នេះបើតាមការអះអាងរបស់ លោក ណៃ សុខន្តរ៉ា៕
Tag:
សេដ្ឋកិច្ច
កាហ្វេ
អាជីវកម្ម
សត្វ
Zoo Café
Starup
© រក្សាសិទ្ធិដោយ thmeythmey.com