ជាតិ
អ្នករស់នៅខេត្តបីមានអាទិភាពទទួលបានអាហាររូបករណ៍ផ្នែកផលិតភាពយន្តឯកសារ បុប្ផាណា
× ភ្នំពេញ៖ ខេត្តបន្ទាយមានជ័យ បណ្ឌលគីរី និងខេត្តរតនគីរី ស្ថិតក្នុងខេត្តគោលដៅដែលបេក្ខជនមកពីខេត្តទាំងនោះ អាចទទួលបានអាហាររូបករណ៍ សិក្សាវគ្គបណ្ដុះបណ្ដាលផ្នែកផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ ពីសមាគមផលិតស្រាវជ្រាវតម្កល់ឯកសារសោតទស្សន៍(ARPAA)។ សិក្ខាកាមជានារី និងជនជាតិដើមភាគតិចត្រូវបានផ្ដល់សិទ្ធអាទិភាព)។
ដោយទទួលបានការឧបត្ថម្ភពីកម្មវិធី VOICE តាមរយៈអង្គការអុកស្វាម(Oxfam in Cambodia) និងការឧបត្ថម្ភពីស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា សមាគមផលិតស្រាវជ្រាវតម្កល់ឯកសារសោតទស្សន៍(ARPAA) បានបង្កើតគម្រោងមួយដែលមានឈ្មោះថា «ការបន្លឺសំឡេងរបស់ស្ត្រីជនជាតិដើមភាគតិច និងក្រុមមនុស្សដែលត្រូវបានគេរើសអើង តាមរយៈពហុប្រព័ន្ធផ្សព្វផ្សាយ ដែលមាននវភាព» សម្រាប់រយៈពេល២៤ខែ។ វគ្គបណ្ដុះបណ្ដាលផ្នែកផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយនេះ ផ្ដល់ជូនសិក្ខាកាមចំនួន១២រូប។
លក្ខខណ្ឌដែលអាចទទួលបានអាហាររូបករណ៍នេះ ទាល់តែជាបេក្ខជនដែលមកពីខេត្តគោលដៅបី មានខេត្តបន្ទាយមានជ័យ មណ្ឌលគីរី និងខេត្តរតនគីរី ហើយបេក្ខជនជានារី និងជនជាតិដើមភាគតិចត្រូវបានផ្ដល់សិទ្ធអាទិភាព។ មានអាយុពី១៨ឆ្នាំដល់៣០ឆ្នាំ ជាអ្នកដែលមានកម្រិតវប្បធម៌ចាប់ពីសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឡើងទៅ(អ្នកមានចំណេះដឹងភាសាអង់គ្លេស និងកុំព្យូទ័រ ត្រូវបានផ្ដល់សិទ្ធិអាទិភាព)។ ជាអ្នកមានចំណង់ចំណូលចិត្តខ្ពស់ផ្នែកភាពយន្ត(កុន) និងចូលចិត្តធ្វើការជាក្រុម ព្រមទាំងមានពេលគ្រប់គ្រាន់ក្នុងការចូលរួមវគ្គបណ្ដុះបណ្ដាលទាំងអស់។
បេក្ខជនដែលបានជ្រើសរើស នឹងទទួលបានអាហាររូបករណ៍សម្រាប់ការសិក្សា អាហារ និងការស្នាក់នៅ ក្នុងការសិក្សាមួយចប់វគ្គ។ ទទួលបានវិញ្ញបនបត្របញ្ជាក់ការសិក្សា និងមានឱកាសបង្ហាញស្នាដៃរបស់ខ្លួននៅក្នុងមហោស្រពភាពយន្តនៅក្នុងប្រទេស និងក្រៅប្រទេស។
សម្រាប់អ្នកមានចំណាប់អារម្មណ៍ សូមបំពេញបែបបទដាក់ពាក្យសុំចូលរៀន(Application form ) ផ្ញើទៅកាន់ មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ផ្ទះលេខ៦៤ ផ្លូវលេខ ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ឬផ្ញើទៅកាន់អ៊ីម៉ែល
[email protected] និង
[email protected] ។
កាលបរិច្ឆេទឈប់ទទួលពាក្យសុំចូលរៀន ត្រឹមថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ២០១៨។ ចូលរៀនថ្ងៃទី២ ខែមករា ឆ្នាំ ២០១៩។ សម្រាប់ព័ត៌មានបន្ថែមសូមហៅទៅកាន់លេខ ០១០ ៧៧ ៥១ ៥១ និង ០៩៦ ៧៤ ៧៧ ៤១២ ៕
Tag:
បុប្ផាណា
ភាពយន្ត
អាហាររូបករណ៍
សិល្បៈ
© រក្សាសិទ្ធិដោយ thmeythmey.com