កីឡាជាតិ
ជាតិ
AFF Suzuki Cup៖ Honda នឹងដឹកនាំក្រុមកម្ពុជាក្នុងជំនួបជាមួយមីយ៉ាន់ម៉ាល្ងាចនេះ
× ក្រោយអាក់ខានដឹកនាំក្រុមក្នុងជំនួបដំបូងជាមួយម៉ាឡេស៊ីកាលពីសប្តាហ៍មុន លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា នឹងមានវត្តមានក្នុងជំនួបជាមួយមីយ៉ាន់ម៉ានៅល្ងាចនេះ។ ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រូវប្រជែងតទល់ជាមួយក្រុមមីយ៉ាន់ម៉ា សម្រាប់ជំនួបវគ្គជម្រុះពានរង្វាន់ AFF Suzuki Cup នៅម៉ោង៦:៣០នាទីល្ងាច(ម៉ោងនៅកម្ពុជា)ថ្ងៃទី១២ ខែវិច្ឆិកា នាកីឡដ្ឋាន Mandalarthiri Stadium នៅប្រទេសមីយ៉ាន់ម៉ា។
ក្រោយអវត្តមានក្នុងជំនួបដំបូង ដោយសារជាប់ភារកិច្ចជួយក្រុម Melbourne Victory អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជាលោក Keisuke Honda បានចាកចេញពីអូស្ត្រាលីទៅកាន់ទីក្រុង Mandalay ប្រទេសមីយ៉ាន់ម៉ា ដើម្បីដឹកនាំក្រុមជម្រើសជាតិកម្ពុជាក្នុងជំនួបតទល់ជាមួយមីយ៉ាន់ម៉ា។ នេះបើតាមការបញ្ជាក់របស់លោក Felix Dalmas គ្រូបង្វឹកជម្រើសជាតិកម្ពុជា។
«លោក Keisuke Honda នឹងចូលរួមជាមួយពួកយើងមុនការប្រកួតមកដល់។ គាត់តែងតែនៅជាមួយក្រុមជានិច្ចតាមរយៈការជួបផ្ទាល់ ឬវីដេអូ។ តាមរយៈការទំនាក់ទំនងរបស់យើង ធ្វើឲ្យគាត់ដឹងគ្រប់យ៉ាងពីស្ថានភាពហ្វឹកហាត់របស់ក្រុម។ ពិតណាស់បើគាត់មានវត្តមានផ្ទាល់ វាកាន់តែល្អប្រសើរ»។ ការលើកឡើងបែបនេះរបស់លោក Felix ធ្វើឡើងនាសន្និសីទសារព័ត៌មានមុនការប្រកួតកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨។
តាមរយៈការប្រកួតជាមួយម៉ាឡេស៊ី លោក Felix មើលឃើញថា កម្ពុជានៅមានចំណុចខ្វះខាតមួយចំនួន ដែលត្រូវកែតម្រូវ។ តែយ៉ាងណាលោករំពឹងថា កម្ពុជានឹងធ្វើល្អ សម្រាប់ជំនួបនៅល្ងាចនេះ។ «យើងចង់ឱ្យកីឡាករយល់ពីគំនិត ដែលយើងកំពុងព្យាយាមធ្វើ។ យើងមានឱកាសមួយចំនួននៅក្នុងការប្រកួតដំបូង តែយើងនៅខ្សោយត្រង់បញ្ចប់ទី»។ នេះការបន្ថែមរបស់លោក Felix។
ជាមួយគ្នានេះ កីឡាករ ហុង ផេង បាននិយាយថា ក្រុមមីយ៉ាន់ម៉ាមានកីឡាករល្អៗពោរពេញដោយសមត្ថភាពច្រើន។ តែរូបគេហាក់មិនព្រួយបារម្ភចំពោះបញ្ហានេះឡើយ អ្វីដែលសំខាន់កម្ពុជាធ្វើការជាក្រុម។ «យើងដឹងហើយថា មីយ៉ាន់ម៉ាមានកីឡាករជើងខ្លាំងច្រើន តែយើងមិនខ្វល់ពួកគេមានឈ្មោះអ្វីនោះទេ សំខាន់យើងនឹងការងារជាក្រុមឲ្យបានល្អ»។ នេះការលើកឡើងរបស់កីឡាករ ហុង ផេង ឆ្លើយនឹងសំនួររបស់អ្នកសារព័ត៌មានមីយ៉ាន់ម៉ា ដែលសួរពីកីឡាករគ្រោះរបស់មីយ៉ាន់ម៉ា សម្រាប់កម្ពុជា។
សម្រាប់ការប្រកួតដែលរៀបចំនៅកីឡដ្ឋាន Mandalarthiri Stadium ប្រទេសមីយ៉ាន់ម៉ានៅម៉ោង៦:៣០នាទីល្ងាចនេះ វាការជួបគ្នាលើកទី១៤រវាងក្រុមទាំងពីរ។ សម្រាប់១៣ប្រកួតកន្លងមកកម្ពុជាធ្លាប់យកឈ្នះមីយ៉ាន់ម៉ា១លើក និងស្មើ១លើក ក្រៅពីនេះបរាជ័យទាំងអស់៕
Tag:
បាល់ទាត់
AFF Suzuki Cup
ជម្រើសជាតិកម្ពុជា
មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com