ជាតិ
សម្តេច ស្វាគមន៍ផែនការជួបគ្នាជាថ្មីរវាងមេដឹកនាំកូរ៉េខាងជើង និងអាមេរិក ដើម្បីឈានទៅលុបបំបាត់នុយក្លែអ៊ែរ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជួបលោក ម៉ូន ប្រធានាធិបតីកូរ៉េខាងត្បូង ពេលទៅប្រជុំនៅសិង្ហបុរី។ រូបពីទំព័រហ្វេសបុកសម្តេច ហ៊ុន សែន
× ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលកម្ពុជា ស្វាគមន៍ជំនួបកំពូលអន្តរកូរ៉េ និងជំនួបកំពូលរវាងអាមេរិក និងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ដែលជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការកសាងសន្តិភាពអចិន្រៃ្តយ៍ កិច្ចសហប្រតិបត្តិការ ព្រមទាំងការលុបបំបាត់អាវុធនុយក្លែអ៊ែរ ដោយសន្តិវិធី និងវិបុលភាព នៅឧបទ្វីបកូរ៉េ។ នេះបើតាមការលើកឡើងរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តាមទំព័រហ្វេសប៊ុកផ្លូវការខ្លួន។
ស្ថិតក្នុងកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េខាងត្បូងលើកទី២០ ថ្ងៃទី១៤ ខែវិច្ឆិកានៅសិង្ហបុរី ដោយមានវត្តមាន លោក មូន ចេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង និងមេដឹកនាំអាស៊ាន មិនត្រឹមតែស្វាគមន៍នូវជំនួបកំពូលអន្តរកូរ៉េ និងជំនួបកំពូលអាមេរិក-កូរ៉េខាងជើងប៉ុណ្ណោះទេ សម្តេច ហ៊ុន សែន ថែមទាំងប្រកាសថា កម្ពុជា នឹងបន្តធ្វើកិច្ចការយ៉ាងជិតស្និទ្ធជាមួយប្រទេសអាស៊ាន និងសាធារណរដ្ឋកូរ៉េ ដើម្បីឲ្យកិច្ចប្រជុំកំពូលសម្រេចបានលទ្ធផលប្រកបដោយផ្លែផ្កា និងសំដៅជំរុញកិច្ចសហប្រតិបត្តិការថែមទៀត។
ខ្លឹមសារនៃអត្ថបទព័ត៌មាន ដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន បានបញ្ជាក់បែបនេះថា៖«កម្ពុជា ស្វាគមន៍នូវគោលនយោបាយទិសខាងត្បូងថ្មីរបស់កូរ៉េខាងត្បូង ដែលមានបំណងលើកកម្ពស់ទំនាក់ទំនងរវាងអាស៊ាន-កូរ៉េខាងត្បូង និងបង្កើតសហគមន៍មួយ ដែលឈរលើសសរស្តម្ភបី គឺ ប្រជាជន, វិបុលភាព, និងសន្តិភាព»។
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េខាងត្បូងលើកទី២០នេះ អង្គប្រជុំបានឯកភាពគ្នាក្នុងការចេញសេចក្តីថ្លែងការណ៍រួមរវាងប្រធានកិច្ចប្រជុំអាស៊ាន- កូរ៉េខាងត្បូងលើកទី២០ និងរបាយការណ៍វឌ្ឍនៈភាពស្តីពីការអនុវត្តផែនការសកម្មភាពអាស៊ាន-សាធារណរដ្ឋកូរ៉េ ដើម្បីអនុវត្តសេចក្តីថ្លែងការណ៍រួម ស្តីពីភាពជាដៃគូយុទ្ធសាស្ត្រសម្រាប់សន្តិភាព និងវិបុលភាពឆ្នាំ ២០១៦-២០២០៕
Tag:
អាវុធ
នុយក្លែអ៊ែរ
ឧបទ្វីបកូរ៉េ
សម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com