ជាតិ
គម្រោង​ស្តារ​ផ្លូវ​រត់​សម្រាប់​យន្តហោះ​ប្រវែង​៣០០០​ម៉ែត្រ ត្រូវបាន​បញ្ចប់​
16, Nov 2018 , 9:02 am        
រូបភាព
​ក្រុមហ៊ុន​ព្រលានយន្តហោះ​កម្ពុជា (Cambodia Airports) បានប្រកាស​បញ្ចប់​ការជួសជុល​ផ្លូវ​រត់​ប្រវែង​៣០០០​ម៉ែត្រ សម្រាប់​យន្តហោះ ជាមួយនឹង​ការរៀបចំ​ពិធី​តាម​សាសនា​ដើម្បី​ទទួលបាន​ពរជ័យ​និង​សេចក្តីសុខ​នៅ​ថ្ងៃទី​១៥​ខែវិច្ឆិកា​។ នេះ​បើតាម​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន Cambodia Airports​។​

 
​ក្នុង​រយៈពេល​៧​ខែ ការដ្ឋាន​ជួសជុល និង​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរ​នូវ​ផ្លូវ​រត់​សម្រាប់​យន្តហោះ​ដែល​ដំណើរការ​ក្នុង​ពេលយប់ ត្រូវបាន​បញ្ចប់​។ ការដ្ឋាន​នៃ​ការពង្រីក និង​ធ្វើ​ឲ្យ​កាន់​ទំនើប​នៃ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ គឺជា​ផ្នែក​មួយ​នៃ​ការត្រៀមខ្លួន​ទទួល​ចំនួន​ភ្ញៀវទេសចរ និង​អ្នកដំណើរ​ដែល​កាន់តែ​កើនឡើង​។​
 
​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន Cambodia Airports បានសរសេរថា ការពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ព្រលានយន្តហោះ​មាន​ផលប្រយោជន៍​ជាច្រើន​ដូចជា​៖ ការធ្វើ​ឲ្យ​កាន់តែ​ប្រសើរ និង​កាន់​តែមាន​សុវត្ថិភាព​សម្រាប់​ការចេញដំណើរ និង​ចុះចត​របស់​យន្តហោះ  ​ប្រព័ន្ធ​បំភ្លឺ​ផ្លូវ​រត់​សម្រាប់​យន្តហោះ និង​ការបំពាក់​រនាំង​ការពារ​ថ្មី​ជាដើម​។​


 
​លោក អេ​រីក ដេ​ឡូ​ប៊ែ​ល (Eric DELOBEL) ដែលជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Cambodia Airports បាន​មានប្រសាសន៍ថា ការវិនិយោគ​ទៅលើ​គម្រោង​ដ៏​ធំ​នៃ​ការជួសជុល​ព្រលានយន្តហោះ​នេះ គឺជា​ការបង្ហាញ​អំពី​ភាពជឿជាក់​មួយ​។ លោក​បន្តថា អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ពេលនេះ​ត្រូវបាន​បំពាក់​ដោយ​ប្រព័ន្ធ​ផ្លូវ​រត់​មួយ​ដែល​អាច​ទទួល​យន្តហោះ​ពី​១០​ទៅ​១៥​ឆ្នាំ​ទៅមុខទៀត​។ លោក Eric បាន​បន្ត​យ៉ាង​ដូច្នេះ​ថា​៖«​យើង​ជឿជាក់​យ៉ាង​មុតមាំ​នៅក្នុង​កាលៈទេសៈ​នៃ​ការរីកចម្រើន​របស់​ប្រទេស ជាពិសេស​កំណើន​នៃ​ភ្ញៀវទេសចរ​ដែល​នៅតែ​បន្ត​ចូលមក​កម្ពុជា​។ ដើម្បី​អាច​ទទួលបាន​ពួកគេ​បាន​ក្នុង​ពេលនេះ និង​ក្នុង​ទសវត្សរ៍​ខាងមុខនេះ​ទៀត ក្រុមហ៊ុន​របស់​យើង​កំពុងតែ​វិនិយោគ​លើ​សេវា និង​ធនធានមនុស្ស​»​។​
 
​គួររម្លឹកថា តាំងពី​៤​ឆ្នាំមុន ក្រុមហ៊ុន​ព្រលានយន្តហោះ​បានប្រកាស​គម្រោង​ជួសជុល និង​ស្តារ​ព្រលានយន្តហោះ​ជាមួយនឹង​ថវិកា​១២​លាន​ដុល្លារ ដែល​គ្របដណ្តប់​ទៅលើ​ការជួសជុល​ស្ថានីយ​ចេញដំណើរ និង​មកដល់ ប្រព័ន្ធ​ចំណត​យានយន្ត​ដ៏​ទំនើប ប្រព័ន្ធ​ព័ត៌មាន និង​ទីតាំង​លក់ទំនិញ និង​អាហារ​ដ្ឋា​ន​ជាដើម​។​


 
​ក្រុមហ៊ុន​ព្រលានយន្តហោះ Cambodia Airports ត្រូវបាន​វិនិយោគ​រួមគ្នា​ដោយ​ក្រុមហ៊ុន​ព្រលានយន្តហោះ​បារាំង Vinci ដែល​កាន់កាប់​ហ៊ុន​ចំនួន​៧០​ភាគរយ និង​ក្រុមហ៊ុន Muhibbah Masteron Cambodia ដែលជា​ក្រុមហ៊ុន​ម៉ាឡេស៊ី​កម្ពុជា ដែល​កាន់កាប់​ហ៊ុន​៣០​ភាគរយ​។ Cambodia Airports កំពុង​គ្រប់គ្រង​ព្រលានយន្តហោះ​ទាំងបី​របស់​កម្ពុជា​គឺ ភ្នំពេញ សៀមរាប និង​ខេត្ត​ព្រះសីហនុ​។​
 
​កាលពី​ឆ្នាំ​២០១៧ ព្រលានយន្តហោះ​ទាំងបី​របស់​កម្ពុជា​បានទទួល​អ្នកដំណើ​រឆ្ល​ង​កាត់​សរុប​ចំនួន ៨​លាន​៨​សែន​នាក់ ក្នុងនោះ ៤​លាន​២​សែន​នាក់​បាន​ឆ្លងកាត់​ព្រលានយន្តហោះ​ភ្នំពេញ និង​៤​លាន​២​សែន​នាក់​ទៀត​បាន​ឆ្លងកាត់​ព្រលានយន្តហោះ​សៀមរាប​។ ព្រលានយន្តហោះ​ខេត្ត​ព្រះសីហនុ​ទទួលបាន​អ្នកដំណើរ​ចំនួន ៣៣៨ ០០០​នាក់​។ ក្នុង​មួយ​សប្តាហ៍ ព្រលានយន្តហោះ​ទាំងបី​ទទួលបាន​ជើងហោះហើរ​ប្រមាណ​៧០០៕
 

Tag:
 Cambodia Airports
© រក្សាសិទ្ធិដោយ thmeythmey.com