ទូកចំនួនបីរួមមាន និស្ស័យឧត្តម, ទៀវិញនាគសែនជ័យចន្ទ្រា និងព្រះទីនាំងសារាយអណ្តែតចង្ហាន់ បានជាប់ជ័យលាភីជាទូកដែលមានសោភណភាព និងវិន័យថ្នៃថ្នូរជាងគេ ក្នុងព្រះរាជពិធីបុណ្យអុំទូករយៈពេលបីថ្ងៃ (២១-២៣ ខែវិច្ឆិកា) នៅមុខព្រះបរមរាជវាំង។
«និស្ស័យឧត្ដម» ជាទូកខ្នាតអន្តរជាតិបុរសមកពីខេត្តកណ្ដាល «ទៀវិញនាគសែនជ័យរស្មីចន្ទ្រា» ជាទូកអុំបុរសមកពីអង្គភាពកងទ័ពជើងទឹកកម្ពុជា និង «ព្រះទីនាំងសារាយអណ្ដែតចង្ហាន់ហុយ» ជាទូកចែវបុរសមកពីខេត្តកំពង់ឆ្នាំង។ ទូកទាំងនេះ ត្រូវបានវាយតម្លៃថា មានសោភណភាពល្អ មានវិន័យសេក្ដីថ្លៃថ្នូរ។
ប្រភពរូប៖ ក្រសួងព័ត៌មាន
នៅព្រះពន្លាជ័យខាងមុខព្រះបរមរាជវាំង ដែលជាថ្ងៃបញ្ចប់នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថនរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានសព្វព្រះរាជហឬទ័យ ស្ដេចយាងប្រទានរង្វាន់ដល់ទូកជ័យលាភីនិមិត្តរូបទាំងអស់។
ប្រភពរូប៖ ក្រសួងព័ត៌មាន
បើតាម លោក ប៊ូ ជុំសេរី ប្រធានគណៈមេប្រយោគនៃអនុគណៈកម្មការបច្ចេកទេសប្រណាំងទូក ទូកមួង ទូក ង ទូកខ្នាតអន្តរជាតិបុរស នារី ចំនួន២៩៥ទូក បានចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក ក្នុងនោះមានទូកមួងចំនួន៣៣ ក្នុងនោះមានទូកនារី១ ទូកអុំចំនួន ១៦៤ ក្នុងនោះមានទូកនារី១ ទូកខ្នាតអន្តរជាតិចំនួន ៩៨ ក្នុងនោះមានទូកនារី២ និងមានចំណុះទូកកីឡាករ កីឡាការិនី សរុបចំនួន១.៩០១៧នាក់ ក្នុងនោះ មានស្ត្រីចំនួន២២០នាក់។
ប្រភពរូប៖ ក្រសួងព័ត៌មាន
ជាលទ្ធផល ទូកខ្នាតអន្តរជាតិនារី ផែនលេខ១ មានចំនួន១ទូក ផែនលេខ២ មានចំនួន១ទូក។ ទូកខ្នាតអន្តរជាតិបុរស ផែនលេខ១ មានចំនួន ២០ទូក ផែនលេខ២ មានចំនួន ៣៦ ទូក ផែនលេខ៣ មានចំនួន៣០ទូក និងផែនលេខ៤ មានចំនួន១០ទូក។
ប្រភពរូប៖ ក្រសួងព័ត៌មាន
ទូកអុំប្រពៃណីនារី គឺផែនលេខ១ មានចំនួន១ទូក ទូកអុំប្រពៃណីបុរស ផែនលេខ១ មានចំនួន១០៧ទូក ផែនលេខ២ មានចំនួន២៣ទូក ផែនលេខ៣ មានចំនួន២៦ទូក និងផែនលេខ៤ មានចំនួន៦ទូក។ ទូកចែវនារី ផែនលេខ១ មានចំនួន១ទូក។
ប្រភពរូប៖ ក្រសួងព័ត៌មាន
ទូកចែវបុរស ផែនលេខ១ មានចំនួន៦ទូក ផែនលេខ២ មាន ចំនួន៦ទូក ផែនលេខ៣ មានចំនួន១៤ទូក និងផែនលេខ៤ មានចំនួន៤ទូក។
សម្រាប់ទូកគូពិសេស ដែលមានល្បឿនលឿនជាងគេនៅកម្ពុជានាឆ្នាំ២០១៨នេះ គឺ ទូកឈ្មោះ «កោះកែរសែនជ័យបារមីព្រះអង្គខ្មៅ» មកពីខេត្តព្រះវិហារ លេខ២ បានទៅលើ «សារាយតេជោសែនជ័យ» មកពីខេត្តកណ្ដាល និងលេខ៣ បានទៅលើ «សម្ដេចវិបុលបញ្ញាបារមីមានជ័យ» មកពីខេត្តតាកែវ៕