អនាគតនាយករដ្ឋមន្ត្រីថ្មីរបស់សិង្ហបុរី បានលេចមុខកាន់តែច្បាស់នៅថ្ងៃទី២៣ ខែវិច្ឆិកា។ គណបក្សសកម្មភាពប្រជាជន (PAP) ដែលកំពុងកាន់អំណាច បានរុះរើក្បាលម៉ាស៊ីនរបស់ខ្លួនដោយបានបញ្ចូលមេដឹកនាំវ័យក្មេងជំនាន់ទី៤ ឲ្យកាន់តំណែងសំខាន់ៗ។ អ្វីគួរឲ្យចាប់អារម្មណ៍នោះ រដ្ឋមន្ត្រីហិរញ្ញវត្ថុបច្ចុប្បន្នលោក ហេង ស្វីគៀត (Heng Swee Keat) បានក្លាយជាអគ្គលេខាធិការរងទីមួយរបស់បក្ស ដែលនេះមានន័យថា លោកគឺជាបេក្ខភាពដែលត្រូវស្នងតំណែងបន្តពីលោក លី សៀនឡុង ។
គណៈកម្មាធិការប្រតិបត្តិកណ្ដាល (CEC) របស់បក្សកាន់អំណាចសកម្មភាពប្រជាជននៅសិង្ហបុរី នៅថ្ងៃទី២៣ ខែវិច្ឆិកា បានផ្លាស់ប្ដូរតំណែងសំខាន់ៗជាច្រើន ដោយសមាជិកវ័យចំណាស់បានចាកចេញ និងជំនួសដោយសមាជិកវ័យក្មេងដែលគេស្គាល់ថា មេដឹកនាំជំនាន់ទី៤ ។ អ្វីដែលគេរង់ចាំនោះ គឺនរណានឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីជំនួសលោក លី សៀនឡុង ដែលនឹងលាឈប់នៅក្រោយការបោះឆ្នោតអាណត្តិថ្មីនៅឆ្នាំ២០២១ ។
អនាគតនាយករដ្ឋមន្ត្រីថ្មីនេះ បានក្លាយជាផ្ទាំងស៊ីបនៃការចាប់អារម្មណ៍ខ្លាំង ហើយពាក្យចចាមអារ៉ាមជាច្រើនក៏បានបែកធ្លាយដែរ។ ពីដំបូង បេក្ខភាពដែលត្រូវស្នងតំណែងលោក លី មានបីនាក់ គឺរដ្ឋមន្ត្រីអប់រំ អុង យីគង់ រដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្ម ចាន់ ឈុនស៊ីង និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ ហេង ស្វីគៀត ។ យ៉ាងណាមិញ ក្រោយការបោះឆ្នោតជ្រើសរើសសមាជិកថ្មី CEC កាលពីថ្ងៃទី១១ ខែវិច្ឆិកា លោក ចាន់ និងលោក ហេង ក្លាយជាបេក្ខភាពពីរនាក់ដែលមានឱកាសអង្គុយកៅអីនាយករដ្ឋមន្ត្រី។
ក្នុងកិច្ចប្រជុំរបស់ខ្លួន គណៈកម្មាធិការប្រតិបត្តិកណ្ដាលដែលជាស្ថាប័នសម្រេចចិត្តខ្ពស់ជាងគេរបស់បក្ស ក៏សម្រេចតែងតាំងលោក ហេង ជាអគ្គលេខាធិការរងទី១ ហើយលោក ចាន់ ត្រូវបានតែងតាំងជាអគ្គលេខាធិការរងទី២ តាមសំណើលោក ហេង ។ ជាមួយនឹងតំណែងអគ្គលេខាធិការរងទី១ នេះ លោក ហេង គឺជាបេក្ខជនដែលត្រូវរំពឹងថា នឹងក្លាយជានាយករដ្ឋមន្ត្រីទី៤ របស់សិង្ហបុរី នៅពេលលោក លី លាឈប់។ សព្វថ្ងៃលោក លី ក៏ជាអគ្គលេខាធិការបក្សដែរ។
អនាគតនាយករដ្ឋមន្ត្រីសិង្ហបុរី ហេង ស្វីគៀត ជានរណា?
លោក ហេង ស្វីគៀត មានវ័យ៥៧ឆ្នាំ ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ និងជាសមាជិក CEC របស់បក្សកាន់អំណាច។ លោកត្រូវបានមេដឹកនាំជំនាន់ទី៤ (4G) ដែលជាមនុស្សជំនាន់ថ្មីរបស់បក្សសកម្មភាពប្រជាជន ព្រមព្រៀងឲ្យដឹកនាំពួកគេ និងសិង្ហបុរីសម្រាប់ការបោះឆ្នោតដែលត្រូវធ្វើយ៉ាងយូរត្រឹមឆ្នាំ២០២១ និងពេលខាងមុខទៀត។ លោក លី និងឪពុករបស់លោក គឺលោក លី ក្វាន់យូ សុទ្ធតែនិយាយសរសើរមិនដាច់ពីមាត់ពីសមត្ថភាពរបស់លោក ហេង ។
ទទួលបានការសិក្សានៅអាមេរិកផ្នែករដ្ឋបាលសាធារណៈពីសាកលវិទ្យាល័យហាវឺដ (Harvard) និងអង់គ្លេស លោក ហេង ផ្ដើមការងារជាប៉ូលិស និងជាមន្ត្រីស៊ីវិល។ បើតាមការផ្សាយរបស់សារព័ត៌មាន Today ពីឆ្នាំ១៩៩៧ដល់ឆ្នាំ២០០០ លោកជាលេខាផ្ទាល់របស់ស្ថាបនិកសិង្ហបុរី លី ក្វាន់យូ ដែលជាទេសរដ្ឋមន្ត្រី។ លោក លី ក្វាន់យូ បានហៅលោក ហេង ជាលេខាល្អបំផុតរបស់លោក។ នៅឆ្នាំ២០០១ លោកក្លាយជាអគ្គលេខាធិការអចិន្ត្រៃយ៍នៅក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម។
ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០១១ លោក ហេង ជាអ្នកចាត់ការរបស់អាជ្ញាធររូបិយវត្ថុសិង្ហបុរី ដែលបានជួយបុរីរដ្ឋមួយនេះឲ្យឆ្លងផុតវិបត្តិសេដ្ឋកិច្ចឆ្នាំ២០០៧-២០០៨ និងមានសេដ្ឋកិច្ចងើបឡើងយ៉ាងឆាប់រហ័ស។ នៅឆ្នាំ២០១១ លោកក៏ចូលប្រឡូកក្នុងវិស័យនយោបាយ និងក្លាយជាតំណាងរាស្ត្រ។ ឆ្នាំដដែលនេះ មុនការបោះឆ្នោត លោកក៏ក្លាយជារដ្ឋមន្ត្រីអប់រំ រហូតដល់ឆ្នាំ២០១៥ ពេលលោកត្រូវបានផ្ទេរទៅជារដ្ឋមន្ត្រីហិរញ្ញវត្ថុដល់ពេលបច្ចុប្បន្ន។ លោកក៏ដឹកនាំស្ថាប័នផ្សេងទៀតជាច្រើនដែរ។
ធ្លាប់សន្លប់ក្នុងកិច្ចប្រជុំ តែមិនមែនជាឧបសគ្គ
នៅក្នុងឆ្នាំ២០១៦ លោក ហេង បានដួលសន្លប់ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ហើយក៏មានការភ័យបារម្ភថា ជីវិតនយោបាយរបស់លោកចប់ត្រឹមនេះទៅហើយ។ ប៉ុន្តែលោកបែរជាអាចសះស្បើយបានលឿនជាងការរំពឹងទុក និងចាប់ផ្ដើមការងារនៅប៉ុន្មានខែបន្ទាប់។ បញ្ហាសុខភាពនេះ ក៏ធ្វើឲ្យមានការពិចារណាឡើងវិញពីអនាគតរបស់លោក ជាពិសេសការកាច់ចង្កូតដែនកោះដែលជាប់ឈ្មោះជាទឹកដីរីកចម្រើនបំផុតមួយរបស់ពិភពលោក។
ជុំវិញរឿងនេះ លោក ហេង អះអាងថា សុខភាពរបស់លោកល្អជាងពេលមុន។ ក្នុងសន្និសីទសារព័ត៌មានក្រោយកិច្ចប្រជុំថ្ងៃទី២៣ ខែវិច្ឆិកា អគ្គលេខាធិការរងទីមួយបក្សសកម្មភាពប្រជាជនរូបនេះលើកឡើងថា លោកនឹងមិនទទួលតំណែងនេះទេ បើសុខភាពរបស់លោកមិនអនុញ្ញាតឲ្យលោកធ្វើបែបនេះបាននោះ។
«គ្រូពេទ្យបានឲ្យបញ្ជីពិនិត្យសុខភាពមកខ្ញុំ។ ហើយជាការពិតក្នុងការពិនិត្យសុខភាពចុងក្រោយនវ លទ្ធផលរបស់ខ្ញុំ គឺប្រសើរជាងពេលមុន។ ខ្ញុំស្រកទម្ងន់បន្តិច តែល្អជាងមុន ដោយសារហាត់ប្រាណបានច្រើន។» នេះជាការលើកឡើងរបស់លោក ហេង ទៅនឹងសំណួរពាក់ព័ន្ធសមត្ថភាពរបស់លោកក្នុងការទប់ទល់នឹងសម្ពាធដែលអាចកើតចេញពីការតំណែងដ៏ខ្ពស់នេះ។
អ្វីជាជំហានបន្ទាប់?
ក្រោយកិច្ចប្រជុំរបស់ CEC លោកនាយករដ្ឋមន្ត្រី លី នឹងរុះរើគណៈរដ្ឋមន្ត្រីថ្មីដើម្បីផ្គូរផ្គងតំណែងថ្មីស្របតាមការផ្លាស់ប្ដូរសមាសភាពរបស់បក្សកាន់អំណាច។ សមាសភាពថ្មីនេះ ក៏នឹងដឹកនាំបក្សដើម្បីការប្រជែងក្នុងការបោះឆ្នោត ដែលអាចធ្វើនៅមុន ឬត្រឹមខែមេសា ឆ្នាំ២០២១ ។ លោក ហេង និងមេដឹកនាំជំនាន់ទី៤ នឹងដើរតួនាទីសំខាន់ក្នុងការបោះឆ្នោតនេះ។
តាមទម្លាប់របស់បក្សកាន់អំណាច អគ្គលេខាធិការរងទី១ និងទី២ នឹងត្រូវតែងតាំងជាឧបនាយករដ្ឋមន្ត្រី។ ពោល គឺលោក លី នឹងតែងតាំងលោក ហេង និងលោក ចាន់ ជាឧបនាយករដ្ឋមន្ត្រីជំនួសលោក Teo Chee Hean និងលោក Tharman Shanmugaratnam ដែលជាកំពុងកាន់តំណែងជាឧបនាយករដ្ឋមន្ត្រី។ ទាំងលោក Teo និងលោក Tharman បានលាលែងពីតំណែងសមាជិក CEC រួចអស់ហើយដើម្បីបើកផ្លូវឲ្យមនុស្សជំនាន់ក្រោយ។
បន្ទាប់មកទៀត ដូចដែលបានអះអាងថា នឹងលាលែងពីតំណែងមុនអាយុ ៧០ឆ្នាំ លោក លី នឹងបន្តជួយបក្ស PAP ក្នុងការបោះឆ្នោតសិន រួចទើបលាលែងពីតំណែងអគ្គលេខាធិការបក្ស ដែលលោក ហេង នឹងជាអ្នកទទួលបន្ត។ ក្លាយជាអគ្គលេខាធិការបក្ស លោក ហេង នឹងក្លាយជានាយករដ្ឋមន្ត្រីទី៤ របស់សិង្ហបុរីតែម្ដង៕