អន្តរជាតិ
ខួប​១០​ឆ្នាំ​ការវាយប្រហារ​នៅ​ម៉ុម​បៃ អាមេរិក​ថែម​៥​លាន​ដុល្លារ​ដើម្បី​ចាប់ខ្លួន​មេខ្លោង​
26, Nov 2018 , 9:59 pm        
រូបភាព
​ថ្ងៃទី​២៦ ខែវិច្ឆិកា​នេះ ជា​ខួប​១០​ឆ្នាំ​នៃ​ការវាយប្រហារ​ភេរវកម្ម​នៅ​ទីក្រុង​ម៉ុម​បៃ​របស់​ឥណ្ឌា ដែល​សម្លាប់​មនុស្ស​១៦៦​នាក់ និង​ជាច្រើន​នាក់​ទៀត​របួស​។ សកម្មជន​ជ្រុលនិយម​មូស្លីម​មកពី​ប៉ា​គី​ស្ថាន ជា​អ្នក​នៅ​ពីក្រោយ​ហេតុការណ៍​មហន្តរាយ​នេះ​។ នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ បានស្នើ​ឲ្យ​ក្រុង​អ៊ី​ស្លា​ម៉ា​បាដ​ចាត់វិធានការ​រក​មុខ​អ្នកទទួលខុសត្រូវ ខណៈ​អាមេរិក​បាន​សន្យា​ផ្ដល់​រង្វាន់​បន្ថែម​៥​លាន​ដុល្លារ​សម្រាប់​ការផ្ដល់​ព័ត៌មាន​ណា​ដែល​ជួយ​ដល់​ការចាប់ខ្លួន​ឧក្រិដ្ឋជន​។​

 
​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០០៨ សកម្មជន​មួយក្រុម​បាន​បើក​ការវាយប្រហារ​នៅ​ទីក្រុង​ហិរញ្ញវត្ថុ​ដ៏​សំខាន់​របស់​ឥណ្ឌា គឺ​ម៉ុម​បៃ​។ មាន​ក្នុង​ដៃ​នូវ​កាំភ្លើង AK-47 និង​គ្រាប់បែកដៃ​ជាច្រើន​ទៀត ភេរវ​ករ​មកពី​ប៉ា​គី​ស្ថាន​បានធ្វើ​ឲ្យ​កក្រើក​ទីក្រុង​នេះ​ដល់​ទៅ​៣​ថ្ងៃ​។ សណ្ឋាគារ​ទំនើបៗ ស្ថានីយ៍​រថភ្លើង និង​ភោជនីយដ្ឋាន​សម្បូរ​ដោយ​ជនជាតិ​ជ្វី​ហ្វ គឺជា​គោលដៅ​វាយប្រហារ​របស់​សកម្ម​ជន​ដែល​សមាជិក​ក្រុម Lashkar-e-Taiba (LeT) ដែលមាន​មូលដ្ឋាន​នៅ​ប៉ា​គី​ស្ថាន​។​
 
​ជនជាតិ​អាមេរិក​៦​នាក់​ស្ថិតក្នុង​ជនរងគ្រោះ​១៦៦​នាក់​ដែល​បាន​បាត់​បង់ជីវិត​។ ក្រោយ​ហេតុការណ៍​នេះ ក្រុង​វ៉ាស៊ីនតោន​ក៏បាន​ប្រកាស​ផ្ដល់​រង្វាន់​ចំនួន​១០​លាន​ដុល្លារ​សម្រាប់​ការចាប់ខ្លួន Hafez Saeed ដែលជា​មេដឹកនាំ​របស់ LeT ។ ជននេះ​កំពុង​រស់នៅ​ដោយមាន​សេរីភាព​នៅ​ប៉ា​គី​ស្ថាន បើទោះជា​អង្គការសហប្រជាជាតិ​បញ្ចូល​ឈ្មោះ​ក្នុង​បញ្ជី​ភេរវ​ករ​អន្តរជាតិ​ក្ដី​។ អាមេរិក​ក៏​ប្រកាស​ផ្ដល់​លុយ​២​លាន​ដុល្លារ​សម្រាប់​ការចាប់ខ្លួន Hafiz Abdul Rahman Makki ដែលជា​មេដឹកនាំ​ជាន់ខ្ពស់​របស់​ក្រុម​នេះ​។​
 
​នៅ​ចំ​ខួប​១០​ឆ្នាំ​នៃ​ហេតុការណ៍​នៅ​ទីក្រុង​មាន​ប្រជាជន​២២​លាន​ដុល្លារ​របស់​ឥណ្ឌា ក្រសួងការបរទេស​អា​មេ​រិ​ក​ក៏បាន​ប្រកាស​ផ្ដល់​ទឹកប្រាក់​ចំនួន​៥​លាន​ដុល្លារ​ទៀត​សម្រាប់​ការផ្ដល់​ព័ត៌មាន​ដែល​នាំ​ដល់​ការចាប់ខ្លួន​អ្នក​នៅ​ពីក្រោយ​ហេតុការណ៍​ដែល​កំពុង​នៅក្រៅ​សំណាញ់​ច្បាប់​។ ប្រមុខ​ការទូត​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ និយាយថា វា​ជាការ​មាក់ងាយ​គ្រួសារ​ជនរងគ្រោះ​ដែល​អ្នករៀបចំ​ផែនការ​វាយប្រហារ​មិនទាន់​ត្រូវបាន​កាត់ទោស​។​
 
«​យើង​ស្នើ​ប្រទេស​ទាំងអស់ ជាពិសេស​ប៉ា​គី​ស្ថាន​ឲ្យ​គោរព​កា​ត្វ​កិច្ច​របស់ខ្លួន​ក្នុងការ​អនុវត្ត​ទណ្ឌកម្ម​ប្រឆាំង​ភេរវ​ករ​ដែល​ជាប់ទាក់ទង​ហេតុការណ៍​នៅ​ម៉ុម​បៃ​រួមទាំង​ក្រុម Lashkar-e-Tayyiba និង​បក្សពួក​ផង​។​» នេះ​ជាការ​លើកឡើង​របស់លោក ប៉ុ​ម​ប៉េ​អូ ក្នុង​សេចក្ដីថ្លែងការណ៍​ថ្ងៃទី​២៥ ខែវិច្ឆិកា ដែល​បន្តថា អាមេរិក​នឹង​ឈរ​ជាមួយ​គ្រួសារ និង​សាច់ញាតិ​របស់​ជនរងគ្រោះ​ក្នុង​អំពើ​ឃោរឃៅ​បែបនេះ​។​
 
​យ៉ាងណាមិញ Saeed ដែលជា​ជនសង្ស័យ​ធំជាងគេ​នោះ បាន​បដិសេធ​ការចោទប្រកាន់​មកលើ​ខ្លួន ខណៈ​ប៉ា​គី​ស្ថាន​ក៏បាន​ការពារ​ជននេះ​ដែរ ទោះជា​មានការ​អំពាវនាវ​ពី​សំណាក់​ឥណ្ឌា និង​អាមេរិក​នាពេល​កន្លងមក​ក្ដី​។ លើសពីនោះ បក្សនយោបាយ​ដែលមាន​ទំនាក់ទំនង​ជាមួយ​ស្ថាប័ន​មនុស្ស​របស់ LeT ថែមទាំង​អាច​ចូលរួម​ការបោះឆ្នោត​ទៅទៀត ទោះជា​មិន​ឈ្នះ​កៅអី​សភា​ក៏ដោយ តែ​អាច​ប្រមូល​សំឡេងគាំទ្រ​ជាង​៥​សែន​សំឡេង​ឯណោះ​៕
 

Tag:
 អាមេរិក​
  ឥណ្ឌា​
  ប៉ា​គី​ស្ថាន​
© រក្សាសិទ្ធិដោយ thmeythmey.com