អត្ថបទពាណិជ្ជកម្ម
AMK លក់​ភាគហ៊ុន​៨០​ភាគរយ ឲ្យ​ធនាគារ​ស៊ា​ង​ហៃ​ពាណិជ្ជ និង​សន្សំ (SCSB)
28, Nov 2018 , 3:34 pm        
រូបភាព
​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី បាន​លក់​ភាគហ៊ុន​របស់ខ្លួន​រហូត​ដល់ ៨០​ភាគរយ ឲ្យ​ធនាគារ​ស៊ា​ង​ហៃ​ពាណិជ្ជ និង​សន្សំ (The Shanghai Commercial & Savings Bank, Ltd.) ហៅ​កាត់​ថា​ធនាគារ អេស ស៊ី អេស ប៊ី (SCSB)​។ ការចូល​ជា​សមាជិក​តែមួយ​នឹងធ្វើ​ឲ្យ អេ អឹម ខេ ផ្លាស់ប្តូរ មុខមាត់​ថ្មី ក្លាយជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ ដែល​ឈានមុខ​គេ​នៅ​ប្រទេស​កម្ពុជា ក្នុងពេល​អនាគត ជាពិសេស​គ្រួសារ​មួយ​នេះ នឹង​ជួយ​លើកកម្ពស់​វិស័យ​ធនាគារ​នៅ​កម្ពុជា​ដែរ​។​
 
​លោក គា បូរាណ នាយក​ប្រតិបត្តិ អេ អឹម ខេ បានបញ្ជាក់​ដូច្នេះ​ថា​៖«​យើង​មានចិត្ត​សប្បាយរីករាយ​យ៉ាងខ្លាំង ដែល​បាន​ក្លាយជា​សមាជិក អេស ស៊ី អេស ប៊ី​។ ឥឡូវនេះ អេ អឹម ខេ និង អេស ស៊ី អេស ប៊ី គឺជា​គ្រួសារ​តែមួយ មាន​គោលដៅ​តែមួយ ហើយ​យើង​នឹង​រឹងមាំ​នៅ​ថ្ងៃ​អនាគត​»​។ សម្រាប់​លោក គា បូរាណ វិស័យ​ធនាគារ​នៅ​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន បាន​ដើរ​ដល់​របត់​មួយ ដែល​ប្រើប្រាស់​ប្រព័ន្ធ ឌីជីថល ដែល​តម្រូវឱ្យ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ វិនិយោគ​ទៅលើ​បច្ចេកវិទ្យា​ថ្មី ដើម្បី​ធ្វើ​ឲ្យ​សេវា​ហិរញ្ញវត្ថុ​របស់ខ្លួន មាន​ភាពបត់បែន និង​សម្បូរបែប​។  ការ​ក្លាយជា​សមាជិក អេស ស៊ី អេស ប៊ី មិន​ត្រឹមតែ​ធ្វើ​ឲ្យ អេ អឹម ខេ ទទួលបាន​បទពិសោធ​ន៍ ចំណេះ ជំនាញ​នោះទេ ប៉ុន្តែ ក៏​នឹង​ទទួលបាន​ប្រភព​ទុន​ក្នុងការ​វិនិយោគ​ផ្សេងៗ ក្នុងពេល​ជាមួយគ្នា​ដែរ​។ នេះ​ជាការ​បន្ថែម​របស់លោក គា បូរាណ​។​


 
​លោក John Yung សមាជិក​ក្រុមប្រឹក្សាភិបាល EVP & CIO នៃ​ធនាគារ អេស ស៊ី អេស ប៊ី បាន​ឲ្យ​ដឹងថា អេស ស៊ី អេស ប៊ី បង្កើតឡើង​ក្នុង​ឆ្នាំ ១៩១៥ មក ដូច្នេះ អេស ស៊ី អេស ប៊ី មាន​ទាំង​បទពិសោធន៍ ចំណេះ ជំនាញ លើ​វិស័យ​ហិរញ្ញវត្ថុ​។   លោក John Yung បញ្ជាក់​ដូច្នេះ​ថា​៖«​ឥឡូវនេះ​យើង​បាន​ក្លាយជា​គ្រួសារ​តែមួយ ហើយ​យើង​នឹង​នាំយក​បទពិសោធន៍​ទាំងនេះ​មកជួយ អេ អឹម ខេ ដោយ​ផ្តោត​សំខាន់​ទៅលើ​ការផ្តល់សេវា​ហិរញ្ញវត្ថុ​ដ៏​សម្បូរបែប ដល់​វិស័យ​ឯកជន អាជីវកម្ម​ខ្នាតតូច និង​មធ្យម​នៅ​កម្ពុជា ជាពិសេស​ប្រជាពលរដ្ឋ​ដែលមាន​ចំណូល​ទាប រស់នៅ​តំបន់​ដាច់ស្រយាល​»​។ ធនាគារ អេស ស៊ី អេស ប៊ី ជឿជាក់ថា នៅពេលដែល​អតិថិជន​ទទួល​សេវា​ហិរញ្ញវត្ថុ​ទាន់ពេល និង​សមស្រប ពលរដ្ឋ​នឹង​យក​កម្ចី​ទាំងនោះ ទៅ​ពង្រីក​ការរកស៊ី ឬ​របរ​ដំណាំ​ដាំ​ដុះ​របស់គាត់ ដែលជា​កត្តា​មួយ​ជួយ​ជំរុញ​ឱ្យ​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស មាន​ភាព​រីកចម្រើន​មួយកម្រិត​ទៀត​។ 


 
​គួរ​កត់សម្គាល់ថា វិស័យ​ធនាគារ​នៅ​កម្ពុជា មានការ​រីកចម្រើន​គួរឱ្យកត់សម្គាល់ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ បើ​យោងតាម​របាយការណ៍រ​បស់​ធនាគារជាតិ​នៃ​កម្ពុជា បច្ចុប្បន្ន​កម្ពុ​ជាមាន​ធនាគារពាណិជ្ជ​ចំនួន​៣៩ ធនាគារ​ឯកទេស​ចំនួន​១៥ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ចំនួន​៧ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មិន​ទទួល​ប្រាក់​បញ្ញើ​ចំនួន​៧០ និង​ស្ថាប័ន​ផ្តល់​ឥណទាន​ជនបទ​ចំនួន​៣០២​។ មាន​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ធំៗ​មួយចំនួន បាន និង​កំពុង​ធ្វើ​បច្ចុប្បន្នភាព​ផលិតផល និង     សេវាកម្ម​របស់ខ្លួន ដែលមាន​ភាពបត់បែន និង​ទាន់សម័យ​។​


 
​អេ អឹម ខេ គឺជា​គ្រឹះស្ថាន​ដែល​ឈានមុខ​គេ លើ​វិសាលភាព​ប្រតិបត្តិការ និង​ចំនួន​អតិថិជន​ប្រាក់កម្ចី​។ គិត​ត្រឹម​ខែកញ្ញា ឆ្នាំ​២០១៨​នេះ អេ អឹម ខេ មាន​អតិថិជន​ជាង ៨៣​ម៉ឺន​នាក់ ជាមួយ​ផលប័ត្រ​កម្ចី​ជាង ២៤៤​លាន​ដុល្លារ​អាមេរិក និង​ប្រាក់​បញ្ញើ​ជាង ១៤៣​លាន​ដុល្លារ​អាមេរិក ព្រមទាំង​មាន​ការិយាល័យ​ប្រតិបត្តិការ​ចំនួន ១៤៩​កន្លែង និង​ភ្នាក់ងារ​ចំនួន ៣,៥០០ កន្លែង​នៅ​ទូទាំងប្រទេស​។ អេ អឹម ខេ មាន​ផលិតផល និង​សេវាកម្ម​ជាច្រើន ដែល​កំពុង​ត្រូវបាន​ផ្តល់ជូន​អតិថិជន មានដូចជា សេវា​ប្រាក់កម្ចី ប្រាក់​សន្សំ ផ្ទេរប្រាក់​នៅក្នុង និង​ក្រៅប្រទេស សេវា​ទូទាត់​វិក្កយបត្រ ធានារ៉ាប់រង​ខ្នាតតូច ធនាគារ​ចល័ត សេវា​បើកប្រាក់​បៀវត្សរ៍ ម៉ាស៊ីន​ដក និង​ដាក់​ប្រាក់ ដោយ​ស័​យ​ប្រវត្តិ ( ATMs/CDMs)​ជាដើម​៕



(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

© រក្សាសិទ្ធិដោយ thmeythmey.com